ព័ត៌មាន
លោកជំទាវ ចម និម្មល អញ្ជើញជាអធិបតីក្នុងពិធីបើក “វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា” ក្រោមមូលបទ “ការបើកច្រកទីផ្សារទៅកាន់សហភាពអឺរ៉ុប”
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បត៌ ទី២៣ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើក “វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា” ក្រោមមូលបទ “ការបើកច្រកទីផ្សារទៅកាន់សហភាពអឺរ៉ុប ២០២៥” ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។
វេទិកានាថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូលផ្តុំភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសអ្នកផលិត អ្នកកែច្នៃ អ្នកនាំចេញ វិនិយោគិនជាតិនិងអន្តរជាតិ មកចែករំលែកចំណេះដឹងប្រកបដោយនវានុវត្តន៍ និងលើកកម្ពស់ការវិនិយោគលើការកែច្នៃដែលនឹងបង្កើតតម្លៃបន្ថែមនៅក្នុងវិស័យស្វាយចន្ទីនិងម្រេចកម្ពុជា ព្រមទាំងឱកាសក្នុងការស្វែងរកកាលានុវត្តភាពទីផ្សារបន្ថែមទៅកាន់សហភាពអឺរ៉ុបផងដែរ។
ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី ស្វាគមន៍វត្តមានចូលរួមរបស់ភាគីពាក់ព័ន្ធ និងបានថ្លែងអំណរគុណ ចំពោះតំណាងសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា សហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ការគាំទ្រតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ប្រចាំនៅកម្ពុជា (GIZ Cambodia) ព្រមទាំងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងភាគីពាក់ព័ន្ធ ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះឡើងបានយ៉ាងល្អ និងប្រកបដោយការគិតគូរល្អិតល្អន់។
ថ្លែងក្នុងវេទិកានេះ លោកជំទាវរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាបាននិងកំពុងខិតខំលើកស្ទួយ និងប្រែក្លាយពីប្រទេសផលិត ទៅជាប្រទេសដែលនាំចេញគ្រាប់ស្វាយចន្ទី និងម្រេច ប្រកបដោយគុណភាពខ្ពស់ និងរួមចំណែករបស់រាជរដ្ឋាភិបាលកម្ពុជាក៏បានផ្ដោតសំខាន់ទៅលើការពង្រឹងសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារពិភពលោក។ តាមរយៈការសហការជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធទាំងអស់ ក្រសួងពាណិជ្ជកម្មកំពុងពង្រឹងបន្ថែមក្នុងការនាំចេញ ការធានាគុណភាព វិញ្ញាបនប័ត្រ និងប្រព័ន្ធតាមដានដំណើរការផលិតកម្ម ឱ្យស្របគ្នាទៅនឹងស្តង់ដារទីផ្សារអឺរ៉ុប។
ដោយមើលឃើញពីសក្តានុពលនិងកាលានុវត្តភាពនៃដំណាំស្វាយចន្ទី និងម្រេច លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម តាមរយៈកិច្ចសហការជិតស្និទ្ធពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន បានរួមគ្នារៀបចំគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ និងបច្ចុប្បន្នកំពុងរៀបចំសេចក្តីព្រាងគោលនយោបាយ ម្រេចកម្ពុជា ក្នុងគោលបំណងធ្វើយ៉ាងណារួមគ្នាជំរុញការអភិវឌ្ឍផលិតកម្ម ការកែច្នៃ និងទីផ្សារស្វាយចន្ទីនិងម្រេច ឱ្យមានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាបន្ន ធានានូវនិរន្តរភាព ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសផលិតនិងផ្គត់ផ្គង់ចម្បងមួយ សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី ជម្រាបជូនពីយន្តការចម្បងៗមួយចំនួន ជាពិសេស លើការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាអតិបរមា រួមមាន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងសេដ្ឋកិច្ចដ៏ទូលំទូលាយក្នុងតំបន់ (RCEP) ការបន្តពង្រីកទីផ្សារថ្មីៗ និងបង្កើនភាពទុកចិត្តជាដៃគូពាណិជ្ជកម្ម។ ក្នុងនោះ ក្រសួងពាណិជ្ជកម្មនឹងបន្តខិតខំ ដើម្បីធ្វើយ៉ាងណាឱ្យផលិតផលកសិកម្មកម្ពុជា ជាពិសេស ផលិតផលគ្រាប់ស្វាយចន្ទី និងម្រេច ឱ្យក្លាយជាផលិតផលដែលទទួលបានការទុកចិត្ត និងមានតម្លៃខ្ពស់នៅទីផ្សារពិភពលោក។
មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់ និងពង្រឹងសមត្ថភាពផលិត និងការនាំចេញផលិតផលកសិកម្មកម្ពុជា ការអភិវឌ្ឍផលិតកម្ម ការកែច្នៃ និងទីផ្សារស្វាយចន្ទីនិងម្រេច ឱ្យមានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាបន្ន ធានានូវនិរន្តរភាព ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសផលិតនិងផ្គត់ផ្គង់ចម្បងមួយ សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។

-
ព័ត៌មាន5 days ago
កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងត្រូវចុះហត្ថលេខានៅចុងខែនេះ ដោយមានប្រធានាធិបតីអាម៉េរិកជាសាក្សី
-
ព័ត៌មាន6 days ago
ក្រោយស្ងប់ស្ងាត់៣យប់ ថៃ បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត
-
ព័ត៌មាន4 days ago
តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់
-
ព័ត៌មាន6 days ago
ប្រធាន AmCham៖ ទំនិញអាម៉េរិកនឹងហូរចូលកម្ពុជាកាន់តែច្រើនជំរុញកំណើនពាណិជ្ជកម្មប្រទេសទាំងពីរ
-
ព័ត៌មាន1 week ago
សម្ដេចតេជោ បដិសេធ ព័ត៌មានមួលបង្កាច់ របស់ អ្នកនាំពាក្យក្រសួងការពារជាតិថៃ
-
ព័ត៌មាន8 hours ago
កំណាត់ផ្លូវជាតិលេខ២៣ (ផ្លូវកាត់ពីកោះធំទៅលើកដែក) ប្រវែង១៩,៨ គីឡូម៉ែត្រ ស្ថាបនារួចរាល់ហើយ!
-
ព័ត៌មាន5 days ago
ទាហានកម្ពុជា ១៨ នាក់ដែលថៃចាប់ទៅ នឹងត្រូវដោះលែងក្នុងពេលឆាប់ៗនេះ
-
ព័ត៌មាន6 days ago
សាច់បង្កកលួចនាំចូលពីថៃ ជិត ១តោន បានដុតកម្ទេចចោល មុនេះ ខណៈឃាត់ខ្លួនបានមនុស្ស ៣នាក់