ព័ត៌មាន
កុលាលភាជន៍សម័យអង្គរប្រមាណ ២០ប្រភេទ ត្រូវបានតាំងពិព័រណ៍មិនអចិន្ត្រៃយ៍ចំនួន ២ខែ នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ
សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ សហការជាមួយ នាយកដ្ឋានស្រាវជ្រាវបណ្តុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានរៀបចំពិព័រណ៍មិនអចិន្ត្រៃយ៍មួយ ស្តីពី៖ “ការផលិតនិងប្រើប្រាស់កុលាលភាជន៍នៅតំបន់អង្គរ” ជូនសាធារណជនបានទស្សនា និងសិក្សាស្រាវជ្រាវ មានរយៈពេល ២ខែ ចាប់តាំង ថ្ងៃទី២៣ ខែតុលា រហូតដល់ចុងខែធ្នូ ឆ្នាំ២០២៥។
លោក ឆាយ រចនា ប្រធានការិយាល័យសិក្សាកុលាលភាជន៍អង្គរ នៃនាយកដ្ឋានស្រាវជ្រាវបណ្តុះបណ្តាលនិងផ្សព្វផ្សាយ បានឱ្យដឹងថា កុលាលភាជន៍ប្រមាណ ២០ប្រភេទ ដែលផលិតនាសម័យអង្គរ ជាពិសេសនៅចុងសតវត្សរ៍ទី៩ រហូតដល់សតវត្សរ៍ទី១៤ ជាប្រភេទកុលាលភាជន៍រួមមាន៖ ក្រឡ ផើង ក្អម ដន្លាប់ ចាន ពែង ខួច និងការផលិតក្បឿងជាដើម ដែលមនុស្សសម័យបុរាណតែងប្រើប្រាស់ប្រចាំថ្ងៃដោយកុលាលភាជន៍ទាំងនោះ ភាគច្រើនមានប្រភពមកពី ស្ថានីយ៍ផលិតភាជន៍ថ្នល់ម្រេចភ្នំគូលែន និងស្ថានីយ៍ផលិតភាជន៍សសី។
លោក ឆាយ រចនា បន្តថា ពិព័រណ៍មិនអចិន្ត្រៃយ៍នេះ មានគោលបំណងចង់ឱ្យសាធារណជន បានយល់ដឹងពីឧស្សាហកម្មកុលាលភាជន៍នៅក្នុងសង្គមខ្មែរ មានការរីកចម្រើនខ្លាំង។ បើទោះបីសម័យអង្គរ មានទំនាក់ទំនងជាមួយអន្តរជាតិយ៉ាងណាក៏ដោយ ក៏បុព្វបុរសខ្មែរនៅតែផលិតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ មិនពឹងផ្អែកលើការនាំចូលឡើយ។ ទាំងនេះបង្ហាញថា នៅក្នុងអរិយធម៌ខ្មែរនាសម័យបុរាណ កុលាលភាជន៍ក្រៅពីប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃនៅក្នុងព្រះបរមរាជវាំងរហូតដល់ប្រជាពលរដ្ឋធម្មតាប៉ុណ្ណោះទេ សូម្បីកិច្ចពិធីគោរពបូជាផ្សេងៗ ឬសម្រាប់រក្សាទុកអធិធាតុរបស់បុព្វការីជនជាដើម។
លោកស្រី ឌី ដារី មន្ត្រីផ្នែករដ្ឋបាលរបស់សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បញ្ជាក់ថា ពិព័រណ៍មិនអចិន្ត្រៃយ៍ រយៈពេល ២ខែ ចាប់ផ្តើមថ្ងៃទី២៣ ខែតុលា រហូតដល់ចុងខែធ្នូ ឆ្នាំ២០២៥ បានតាំងបង្ហាញក្នុងសាលជាន់ទី១ របស់សារមន្ទីរ។ ក្រៅពីនោះ
អ្នកទេសចរក៏អាចដើរទស្សនាពិព័រណ៍ធំៗ ជាពិព័រណ៍អចិន្ត្រៃយ៍ ពិព័រណ៍មិនអចិន្ត្រៃយ៍ និងវត្ថុបុរាណរាប់រយប្រភេទទៀត ដែលបានអភិរក្ស ថែរក្សាទុកនៅក្នុងសារមន្ទីរ។ បន្ថែមពីនេះ ក៏មានមគ្គុទ្ទេសក៏ទេសចរណ៍ របស់សារមន្ទីរធ្វើបទបង្ហាញជូនតាមសាលពិព័រណ៍នីមួយៗផងដែរ។
លោកស្រី ឌី ដារី បានអំពាវនាវសាធារណជន និងភ្ញៀវទេសចរសូមអញ្ជើញមកទស្សនា និងឈ្វេងយល់បន្ថែមពីសម្បត្តិបេតិកភណ្ឌនាសម័យបុរេប្រវត្តិ សម័យអង្គរ និងក្រោយសម័យអង្គរ ដែលរួមមាន៖ ទាំងវត្ថុសិល្បៈ និងពិព័រណ៍កុលាលភាជន៍ នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។
គួរបញ្ជាក់ថា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានទីតាំងក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ សារមន្ទីរបើកឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ វេលាម៉ោង៨:៣០នាទីព្រឹក ដល់ម៉ោង ៤:៣០ល្ងាច៕







-
PR NEWS6 days agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន1 week agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន6 days agoកម្ពុជាស្នើស្នើសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ
-
ព័ត៌មាន5 days agoរដ្ឋមន្រ្តីជំរុញឱ្យមន្រ្ដីសុខាភិបាលរាជធានី ខេត្តយកចិត្តទុកដាក់លើមរណភាពមាតា និងទារកពេលបង្កកំណើត
-
កីឡា1 week agoទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅព្រះសីហនុ ធ្វើឡើងដើម្បីទាក់ទាញទេសចរណ៍