ព័ត៌មាន
មន្ត្រីជាន់ខ្ពស់សុខាភិបាល ជំរុញឱ្យមន្ទីរសុខាភិបាលខេត្តចំនួន៥ ចាប់ផ្តើមបង្កើតគណៈកម្មការMPDSR ដើម្បីចូលរួមកាត់បន្ថយមរណភាពមាតា និងទារក
ភ្នំពេញ ៖ លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានជំរុ ញ ឱ្យថ្នាក់ ដឹក នាំមន្ទីរសុខាភិបាលខេត្តចំនួន៥ រួមមាន ខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ប៉ៃលិន និងខេត្តសៀមរាប ត្រូវចាប់ផ្តើម រៀបចំបង្កើតគណៈកម្មការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប (MPDSR) ថ្នាក់ខេត្ត ថ្នាក់មន្ទីរពេទ្យខេត្ត និងថ្នាក់មន្ទីរពេទ្យស្រុក ឱ្យបានដោយអនុលោមតាមការណែនាំ របស់ពិធីសារជាតិស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតបឆ្នាំ២០២៥ ដែលបានប្រកាសដាក់ឱ្យប្រើប្រាស់កាល ពីខែកក្កដាកន្លងទៅថ្មីៗនេះ។
ការថ្លែងរបស់លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ យ៉ាងដូច្នេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតបសម្រាប់ថ្នាក់រាជធានី ខេត្ត នៅមន្ទីរពេទ្យព្រះអង្គឌួង, នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះ។
លោកជំទាវសាស្រ្តាចារ្យ បានបន្តថា ឆ្លងតាមរបាយការណ៍នៃវគ្គបណ្តុះបណ្តាលដែលបានរៀបចំ ចំនួន៥ថ្ងៃ ចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៤ ខែតុលាកន្លងមកនេះ ឃើញថាលោក លោកស្រីដែលជាថ្នាក់ដឹកនាំរបស់មនី្ទរសុខាភិបាលខេត្ត និងមន្ទីពេទ្យខេត្តទាំង៥ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ប៉ៃលិន និងសៀមរាប បានខិតខំ និងចូលរួមយ៉ាងសកម្ម រួមទាំងការយកចិត្តទុកដាក់ពីគ្រូបង្គោលថ្នាក់ជាតិ ឃើញថាបានទទួលលទ្ឋផលល្អប្រសើរគួរជាទីពេញចិត្ត។
លោកជំទាវសាស្រ្តាចារ្យ បានសង្កត់ធ្ងន់ថា ជាក់ស្តែងលទ្ធផលនៃការវាស់ស្ទង់សមត្ថភាពមុនសិក្សារបស់សិក្ខាកាមបង្ហាញថា ការយល់ដឹងពីការងារពិនិត្យស្រាវជ្រាវមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប (MPDSR) ជាមធ្យម គឺ៦៧.៥% ខណៈលទ្ធផលវាយតម្លៃក្រោយវគ្គសិក្សាសិក្ខាកាមទទួលបានពិន្ទុទាបបំផុត ៩៥% ។ នៅក្នុងឱកាសនោះ លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ បានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ទីរសុខាភិបាលខេត្ត ថ្នាក់ដឹកនាំមូលដ្ឋានសុខាភិបាល និងលោក លោកស្រី ដែលបានបញ្ចប់វគ្គសិក្សានេះត្រូវចាប់ផ្តើមរៀបចំគណៈកម្មការMPDSR ថ្នាក់ខេត្ត ថ្នាក់មន្ទីរពេទ្យខេត្ត និង/ឬថ្នាក់មន្ទីរពេទ្យស្រុក ឱ្យបាន ដោយអនុលោមតាមការណែនាំរបស់ពិធីសារជាតិ ស្តីពី ការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតបឆ្នាំ២០២៥ ដែលបានប្រកាសដាក់ឱ្យប្រើប្រាស់កាលពីខែកក្កដាកន្លងទៅថ្មីៗនេះ។ ផែនការបណ្តុះបណ្តាលបានធ្វើរួចហើយ សូមអនុវត្តតាមផែនការ និងព្យាយាម បណ្តុះបណ្តាលបន្តដល់មន្ត្រីក្នុងមន្ទីរពេទ្យ និងមណ្ឌលសុខភាព ឱ្យបានគ្រប់គ្នា រកដៃគូជួយសម្រាប់ការបណ្តុះបណ្តាលបន្ត បើមិនមានអ្នកជួយក៏សូមសហការជាមួយប្រធានមន្ទីរសុខាភិបាលខេត្ត ឱ្យបានដើម្បីបន្តការបណ្តុះបណ្តាល។ លើសពីនេះត្រូវពង្រឹងការពិនិត្យរាល់ករណីមរណភាពមាតា និងទារក ដោយប្រើទម្រង់ទាំង៣ (MCCD, 3 Delays និងផែនការឆ្លើយតបដើម្បីកែលម្អនូវអ្វីដែលជាចំណុចខ្វះខាតដែលបានរកឃើញ) និងត្រូវផ្ញើរបាយការណ៍ឱ្យបានរហ័សមកគណៈកម្មាការពិនិត្យមរណភាពមាតា និងទារកថ្នាក់ជាតិ តាមរយះលេខាធិការដ្ឋាន របស់គណៈកម្មការMPDSRថ្នាក់ជាតិ ឱ្យបានមុន៣ម៉ោង ក្រោយពីបានបញ្ចូលទិន្នន័យ ក្នុងប្រព័ន្ធ។ ចំណែកក្រុមការងារត្រូវធ្វើការជាមួយគ្នា មិនអាចធ្វើកិច្ចការរៀងខ្លួនបានទេ។ ត្រូវកិច្ចសហការគ្នាឱ្យបានល្អរវាងផ្នែកពាក់ព័ន្ធ មានដូចជា ផ្នែកសម្ភព និងផ្នែកទារក ផ្នែកសង្គ្រោះបន្ទាន់/សណ្តំ ក្នុងមន្ទីរពេទ្យ ក្នុងការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប ដើម្បីវិភាគករណីនីមួយៗ ឱ្យបានគ្រប់ជ្រុងជ្រោយ។សម្រាប់គ្រូបង្គោលMPDSR ថ្នាក់ជាតិ ត្រូវបន្តជួយបណ្តុះបណ្តាលដល់គណៈកម្មការពិនិត្យ មរណភាពមាតា និងទារកថ្នាក់ខេត្ត និងជួយគាំទ្រដល់គ្រូបង្គោលថ្នាក់មន្ទីរពេទ្យជាតិជួយបណ្តុះបណ្តាលដល់មន្ទីរពេទ្យខេត្តសម្ព័ន្ធមេត្រី។ សកម្មភាព MPDSR ជាគោលការណ៍លើកកម្ពស់គុណភាពនៅមូលដ្ឋានសុខាភិបាល និងការលើកកម្ពស់សុវត្ថិភាពស្ត្រី ទារក និងកុមារ។ ដូច្នេះត្រូវរៀបចំផែនការឆ្លើយតបឱ្យស្របទៅបញ្ហាជាក់ស្តែងដែលបានរកឃើញ និងមានគណនេយ្យភាព។ ពេលដាក់ផែនការរួច ត្រូវធ្វើការតាមដានរាល់សកម្មភាពដែលបានដាក់ឱ្យបានទៀងទាត់។
លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ បានថ្លែងអំណរគុណដល់ស្ថានទូតអូស្ត្រាលី អង្គការ UNFPA និង អង្គការ WHO ដែលតែងតែជួយក្រសួងសុខាភិបាល លើការងារជាច្រើន ដែលទាក់ទងនឹងសុខភាពមាតា និងទារក និងសុខភាពផ្លូវភេទ និងថ្លែងអំណរគុណដល់គ្រូបង្គោលទាំងអស់ ដែលបានចំណាយពេលក្នុងការចែករំលែកចំណេះដឹងដល់មន្ត្រីសុខាភិបាលលើការងារ MPDSR ព្រមទាំងលោក លោកស្រីទាំងអស់ដែលបានចំណាយពេលវេលាមកចូលរួមក្នុងពេលនេះ ទាំងនៅទីនេះផ្ទាល់ និងតាមប្រព័ន្ធZOOM ជាពិសេសថ្លែងអំណរគុណដល់មន្ទីរពេទ្យព្រះអង្គឌួង ដែលបានផ្តល់ទីតាំងបណ្តុះបណ្តាលសមរម្យសម្រាប់វគ្គ MPDSRនេះផងដែរ៕
អត្ថបទ រដ្ឋា

























-
PR NEWS6 days agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន1 week agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន6 days agoកម្ពុជាស្នើស្នើសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ
-
ព័ត៌មាន5 days agoរដ្ឋមន្រ្តីជំរុញឱ្យមន្រ្ដីសុខាភិបាលរាជធានី ខេត្តយកចិត្តទុកដាក់លើមរណភាពមាតា និងទារកពេលបង្កកំណើត
-
កីឡា1 week agoទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅព្រះសីហនុ ធ្វើឡើងដើម្បីទាក់ទាញទេសចរណ៍