ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ កោះរ៉ុងកំពុងក្លាយជាកន្លែងទាក់ទាញការវិនិយោគ និងទេសចរណ៍
ព្រះសីហនុ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អះអាងថា កោះរ៉ុង ខេត្តព្រះសីហនុ នៅតែជាកន្លែងដ៏ទាក់ទាញ សម្រាប់ការវិនិយោគផ្ទាល់ពីបរទេស ពិសេសលើវិស័យទេសចរណ៍ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនឯកជន កំពុងបោះទុនបន្ថែម អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីបម្រើដល់វិស័យទេសចរណ៍ ។
ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារពហុមុខងារ និងសណ្ឋាគារប្រណិតនៃគម្រោងផត អ៊ីវស៍ ផាលេស (Port Yves Palace) របស់ក្រុមហ៊ុន MBIS Development Co.,Ltd. កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅក្នុងឆ្នេរកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការសាងសង់នូវអគារពហុមុខងារ និងសណ្ឋាគារប្រណិត ជាការវិនិយោគដ៏ត្រឹមត្រូវបំផុត ដើម្បីស្វាគមន៍ និងទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើន ដែលមកសម្រាកលំហែកំសាន្តនៅកោះរ៉ុង ក៏ដូចជាបង្កើតការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ។ គម្រោងនេះមិនត្រឹមតែជាអគារពហុមុខងារ និងសណ្ឋាគារប្រណិតប៉ុណ្ណោះទេ ប៉ុន្តែនេះជានិមិត្តរូបមួយ នៃការកកើតជីវិតថ្មីមួយទៀត សម្រាប់អ្នកកោះរ៉ុង ជាសសរទ្រូង និងឆ្អឹងខ្នងសេដ្ឋកិច្ច សម្រាប់អ្នកកោះរ៉ុងផងដែរ ។
ឯកឧត្តម ក៏បានបណ្ដុះគំនិតដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ត្រូវយល់ឱ្យបានច្បាស់អំពីប្រភេទទេសចរណ៍ ត្រូវយល់ឱ្យបានច្បាស់ពីគោលបំណង របស់អ្នកទេសចរណ៍ ដែលមកទីនេះ ត្រូវការការលំហែបែបស្ងប់ស្ងាត់ ជាមួយធម្មជាតិស្រស់ត្រកាល ស្រូបយកខ្យល់អាកាសបរិសុទ្ធពីសមុទ្រ ហើយទាំងនេះ គឺជាអ្វីដែលទាំងអស់គ្នា ជាអ្នកកោះរ៉ុងត្រូវយល់ដឹង និងគិតគូរធ្វើយ៉ាងណា ដើម្បីទាក់ទាញទេសចរណ៍ឱ្យមកកាន់ទីនេះ បានកាន់តែច្រើនថែមទៀត តាមរយៈសក្តានុពលទេសចរណ៍ដ៏សំបូរបែប ដែលមានស្រាប់ ។
ឆ្លើយតបនឹងសម្ទុះនៃការវិនិយោគ និងទេសចរណ៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា នឹងរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធ នៅលើកោះរ៉ុងបន្ថែមទៀត ដូចជាការធ្វើផ្លូវ ដាក់អំពូលភ្លើង បំពាក់កាមេរ៉ាសុវត្ថិភាព រៀបចំប្រព័ន្ធចម្រោះទឹកស្អាត កសាងទីតាំងស្តុកទឹកស្អាត ការគ្រប់គ្រងសំរាម រៀបចំសហគមន៍ មានការដាំបន្លែ និងចិញ្ចឹមសត្វ និងជំរុញទៅអាជ្ញាធរត្រូវពង្រឹងនូវសន្តិសុខ ដើម្បីធ្វើឲ្យអ្នកវិនិយោគ និងភ្ញៀវបរទេសមានភាពកក់ក្ដៅ និងស្នាក់នៅប្រកបដោយសុវត្ថិភាព ហើយសប្បាយរីករាយ ។
លោកស្រី IWONA MAGDA KMIECIK នាយិកាប្រតិបត្តិ M.B.I.S APSARA RESORT លើកឡើងថា គម្រោង ផត អ៊ីវស៍ ផាលេស នឹងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា ជាពិសេស រួមចំណែកចូលរួមជំរុញចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យឆ្នាំ២០២៥ជាប្រទេសមានចំណូលខ្ពស់ ជាងនេះទៅទៀតផ្តល់ឱកាសការងារអចិន្ត្រៃយ៍ដល់ប្រជាពលរដ្ឋកម្ពុជាប្រមាណជា ១ ០០០កន្លែង ក្នុងអំឡុងពេលសាងសង់ និងដំណាក់កាលចាប់ផ្តើម ។
លោកស្រីបន្តថា គម្រោងនេះ ជាការកសាងនូវវប្បធម៌ ការយោគយល់ និងប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ហើយប្រតិបត្តិការនៃគម្រោងនឹងត្រូវធ្វើឡើងដោយយកចិត្តទុកដាក់ចំពោះបរិស្ថាន ដោយការការពារធម្មជាតិ និងរួមចំណែកដល់អាយុជីវិតយូរអង្វែង សម្រាប់ភពផែនដី និងរួមចំណែកដល់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព អាចកសាងនូវអ្វីដែលស្រស់ស្អាតសម្រាប់ប្រទេសជាតិកម្ពុជា និងសម្រាប់មនុស្សជំនាន់ក្រោយ៕ អត្ថបទ បាន សុខរិទ្ធិ









-
ព័ត៌មាន1 week agoអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្
-
ព័ត៌មាន1 week agoដើម្បីជួយសម្រួលដល់ការរៀន និងបង្រៀននៅសាលារៀន តាមតំបន់ព្រំដែន ក្រសួងអប់រំ បានរៀបចំបំពាក់ឧបករណ៍ឌីជីថល
-
ព័ត៌មាន1 week agoកម្ពុជា បញ្ជាក់ជូន មន្ត្រីអង្គការសហប្រជាជាតិ ពីការរក្សាសុចរិតភាព អនុវត្ត អនុសញ្ញាអូតាវ៉ា ហាមការប្រើប្រាស់មីន
-
ព័ត៌មាន1 week agoកម្ពុជា-វៀតណាម ប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈវៀតណាមនឹងប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ហើយកម្ពុជានៅឆ្នាំ២០៥០
-
ព័ត៌មាន1 week agoគ្រួសារអតីតយុទ្ធជនពលី នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
-
ព័ត៌មាន1 week agoក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា
-
ព័ត៌មាន1 week agoកម្ពុជាអរគុណ ICRC ចំពោះការតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពកងទ័ពកម្ពុជាទាំង១៨រូប អំឡុងពេលឃុំខ្លួននៅថៃរហូតធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព
-
ព័ត៌មាន1 week agoសម្តេចធិបតី អំពាវនាវពលរដ្ឋបង្កើនស្មារតីសាមគ្គី និងរួបរួមជាតិឱ្យកាន់តែរឹងមាំដើម្បីកសាងជាតិឱ្យខ្លាំង