ព័ត៌មាន
ទីម័រឡេស្ត ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកម្ពុជា គាំទ្រឱ្យបានចូលអាស៊ានពេញសិទ្ធិ
ឯកឧត្តមបណ្ឌិត Bendito dos Santos Freitas រដ្ឋមន្ត្រីការបរទេស និងកិច្ចសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការគាំទ្រ និងការរួមចំណែកដ៏ធំធេងដល់ការចូលជាសមាជិកពេញសិទ្ធិអាស៊ាន។

យោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា ក្នុងជំនួបទ្វេភាគី កម្ពុជា-ទីម័រឡេស្ត នាឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាជាមួយឯកឧត្តមបណ្ឌិត Bendito dos Santos Freitas ។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសម្តែងនូវការអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ព្រមទាំងបានពាំនាំនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជូនចំពោះទីម័រឡេស្តេ ក្នុងការចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។

ឯកឧត្តមបណ្ឌិត Freitas បានពាំនាំនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរបស់ទីម័រឡេស្តចំពោះកម្ពុជា សម្រាប់ការគាំទ្រ និងការរួមចំណែកដ៏ធំធេងដល់ការចូលជាសមាជិកពេញសិទ្ធិ អាស៊ានរបស់ទីម័រឡេស្ត និងបានសម្តែងការអបអរសាទរដោយស្មោះត្រង់ដល់កម្ពុជា ចំពោះការចុះហត្ថលេខា លើសេចក្ដីថ្លែងការណ៍រួមគូឡាឡាំពួ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មានជំនឿយ៉ាងមុតមាំថា នេះជាព្រឹត្តិការណ៍ដ៏សំខាន់ដែលនឹងពង្រឹងបន្ថែមនូវសាមគ្គីភាពគ្នាក្នុងតំបន់ និងដំណើររួមគ្នាឆ្ពោះទៅកាន់សហគមន៍អាស៊ានឱ្យកាន់តែរីកចម្រើន ប្រកបដោយ បរិយាបន្ន ភាពធន់ និងវិបុលភាព។ ឯកឧត្ដម បានបញ្ជាក់សាជាថ្មីនូវការបន្តគាំទ្ររបស់កម្ពុជា តាមលទ្ធភាពរបស់ខ្លួនដល់ទីម័រឡេស្តេ នៅជំហានបន្ទាប់ក្នុងនាមជារដ្ឋសមាជិកអាស៊ាន។
រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាគ្នា លើទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងទីម័រឡេស្តេ ព្រមទាំងបានផ្លាស់ប្តូរយោបល់គ្នាលើកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌអាស៊ានផងដែរ។
គួរបញ្ជាក់ថា កាលឆ្នាំ២០២២ ប្រទេសកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ នៅរាជធានីភ្នំពេញ ហើយបានប្រកាសបញ្ចូលប្រទេសទីម័រឡេស្តេជាគោលការណ៍ជាសមាជិកទី១១ របស់អាស៊ាន។ ការបញ្ចូលប្រទេសទីម័រឡេស្តេជាសមាជិកពេញសិទ្ធិទី១១ របស់អាស៊ាន នៅពេលនេះ បានបង្ហាញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស គឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជាដែលបានខិតខំជួយជំរុញប្រទេសទីម័រឡេស្តេឱ្យក្លាយជាសមាជិកមួយបន្ថែមទៀតរបស់អាស៊ាន៕




-
ព័ត៌មាន6 days agoអគ្គិសនីកម្ពុជា នឹងជួសជុល រុះរើគន្លងខ្សែបណ្តាញ តាមខណ្ឌមួយចំនួន ចាប់ពីថ្ងៃទី២៣ ដល់ ២៦ ខែតុលា នេះ
-
ព័ត៌មាន5 days agoកំណាត់ផ្លូវជាតិលេខ២៣ (ផ្លូវកាត់ពីកោះធំទៅលើកដែក) ប្រវែង១៩,៨ គីឡូម៉ែត្រ ស្ថាបនារួចរាល់ហើយ!
-
ព័ត៌មាន1 week agoតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់
-
ព័ត៌មាន3 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត រួមនឹងគណៈប្រតិភូកម្ពុជាបានអញ្ជើញដល់ប្រទេសម៉ាឡេស៊ីហើយ ប្រកបដោយសុវត្ថិភាព
-
ព័ត៌មាន3 days agoយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ជួបពិភាក្សាគ្នានៅច្រកអូរស្មាច់ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង បង្កើនជំនឿទុកចិត្តគ្នា
-
ព័ត៌មាន4 days agoកម្ពុជា អបអរសាទរ ម៉ាឡេស៊ី ចំពោះភាពជោគជ័យក្នុងការធ្វើជាប្រធានអាស៊ាន
-
ព័ត៌មាន4 days agoលោកអភិបាលខណ្ឌ៧មករា បន្តដឹកនាំមន្រ្តីជំនាញត្រួតពិនិត្យការដ្ឋានវាយរំលំ អគារអតីត សណ្ឋាគារអង្គរមានជ័យ
-
ព័ត៌មាន5 days agoគណៈប្រតិភូជាន់ខ្ពស់ GBC កម្ពុជា ធ្វើមាតុភូមិនិវត្តន៍ ពីម៉ាឡេស៊ី ប្រកបដោយសុវត្ថិភាព