ព័ត៌មាន
សម្ដេចធិបតី អំពាវនាវ១០ចំណុច ដល់ភាគីពាក់ព័ន្ធ និងមាតាបិតាអាណាព្យាបាល ក្នុងឱកាសបើកដំណើរការអប់រំក្នុងឆ្នាំសិក្សាថ្មី២០២៥-២០២៦ ឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ
ក្នុងឱកាស បើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្អែកនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតអបអរសាទរ និងអំពាវនាវដល់ ភាគីពាក់ព័ន្ធ មាតាបិតា អាណាព្យាបាលគ្រប់រូបចំនួន ១០ ចំណុចក្នុងឱកាសបើកដំណើរការអប់រំក្នុងឆ្នាំសិក្សាថ្មី២០២៥-២០២៦ ដើម្បីឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ។
ការអំពាវនាវរបស់សម្ដេចធិបតីទាំង១០ចំណុចនោះរួមមាន៖
ទី១-ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តអនុវត្តកំណែទម្រង់វិស័យអប់រំ ដូចដែលបានដាក់ចេញរួចហើយ ជាពិសេសការបន្តពង្រឹងអភិបាលកិច្ចសាលារៀន តាមរយៈការអនុវត្តស្តង់ដាសាលារៀនគំរូ និងបន្ត សហការជិតស្និទ្ធជាមួយលេខាធិការដ្ឋាននៃ គ.វ.អ. ដោយឈរលើគោលការណ៍មិនពង្រីកចំនួន សាលារៀនគោលដៅ ប៉ុន្តែខិតខំបង្កើនប្រសិទ្ធភាព និងចីរភាពនៃការអនុវត្តកម្មវិធី គ.វ.អ. នៅតាម សាលាបឋមសិក្សាគោលដៅទាំង១៦១ ដែលមានស្រាប់។
ទី២-ក្រសួងអប់រំ យុវជន និងកីឡា ត្រូវសហការជាមួយអាជ្ញាធររាជធានី ខេត្ត និងភាគីពាក់ព័ន្ធ ដើម្បី ចុះស្រង់ស្ថិតិកុមារនិងសិស្សានុសិស្សដែលវិលត្រឡប់ពីប្រទេសថៃ នៅក្នុងមូលដ្ឋានរៀងៗខ្លួនឱ្យ បានច្បាស់លាស់ និងជំរុញកុមារនិងសិស្សានុសិស្សទាំងនោះ ឱ្យទៅចុះឈ្មោះចូលរៀន(ថ្មី) ឬ ចូលរៀនបន្តនៅតាមសាលារៀនដែលនៅជិតកន្លែងស្នាក់នៅបំផុត ជាពិសេសប្រមូលព័ត៌មានកុមារ និងសិស្សានុសិស្សដែលមានតម្រូវការពិសេស ដោយត្រូវផ្តល់ការសម្របសម្រួល ការគាំទ្រ និង ការរៀបចំនីតិវិធីងាយៗ សម្រាប់ការចុះឈ្មោះកុមារនិងសិស្សានុសិស្សទាំងនោះ ដោយមិនចាំបាច់ ទាមទារនូវឯកសារតម្រូវ ដូចជាសំបុត្រកំណើត ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬសំបុត្រ ពេទ្យជាដើម។ល។
ទី៣-ចំពោះសាលារៀនដែលរងផលប៉ះពាល់ពីសង្គ្រាមនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវសហការជាមួយអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការ ដោយសារមីន ដើម្បីចុះពិនិត្យទីតាំងសាលារៀន ក្នុងគោលបំណងវាយតម្លៃផលប៉ះពាល់ឱ្យបាន គ្រប់ជ្រុងជ្រោយ និងតម្រូវឱ្យមានការបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះជាមុន មុននឹងគិតគូររៀបចំ ផែនការសាងសង់ និងជួសជុលសំណង់អគារឡើងវិញ ដោយរួមបញ្ចូលទាំងកម្មវិធីអប់រំផ្សព្វផ្សាយ ឱ្យមានការយល់ដឹងអំពីយុទ្ធភណ្ឌ គ្រឿងផ្ទុះ ដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងធ្វើការបោសសម្អាតជាមុន ដើម្បីធានាសុវត្ថិភាពដល់ដំណើរការរៀននិងបង្រៀន។ ចំពោះ សាលារៀនដែលរងផលប៉ះពាល់ខ្លាំង និងមិនអាចដំណើរការរៀននិងបង្រៀនបាននៅក្នុងឆ្នាំសិក្សា ថ្មីនេះ មន្ទីរអប់រំ យុវជន និងកីឡា និងគណៈគ្រប់គ្រងសាលារៀន ត្រូវជ្រើសរើសសាលារៀនដែលនៅ ជិត ហើយជាកន្លែងនៅជិតទីតាំងស្នាក់នៅរបស់សិស្សផងដែរ ដើម្បីបើកបវេសនកាលឆ្នាំសិក្សាថ្មី និងដំណើរការរៀននិងបង្រៀនជាបណ្តោះអាសន្ន។ ចំពោះតំបន់និងសាលារៀនដែលមិនអាច ដំណើរការរៀននិងបង្រៀនបាន មន្ទីរអប់រំ យុវជន និងកីឡា ត្រូវសម្របសម្រួលជាមួយអាជ្ញាធរមាន សមត្ថកិច្ច រៀបចំបង្កើតថ្នាក់រៀននៅតាមជំរំ ដូចជាជំរំវត្តពោធិ ៥០០០ ដើម និងទួលអណ្តែត ជាដើម តាមកម្រិតសិក្សាជាក់ស្តែង។
ទី៤-ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវសហការគ្នាក្នុង ការសាកល្បងអនុវត្តគន្លងអប់រំថ្មីចាប់ពីថ្នាក់ទី១០ រួមមានគន្លងវិទ្យាសាស្ត្រ គន្លងវិទ្យាសាស្ត្រសង្គម និងគន្លងវិជ្ជាជីវៈ នៅតាមវិទ្យាល័យដែលមានសក្តានុពលមួយចំនួន ជាពិសេសវិទ្យាល័យដែលមាន អគារធនធាន វិទ្យាល័យស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស និងតំបន់ឧស្សាហកម្ម ក្នុងគោលបំណង ផ្តល់ឱ្យសិស្សានុសិស្សនូវគន្លងអប់រំដែលមានរចនាសម្ព័ន្ធ និងផែនការគ្រប់ជ្រុងជ្រោយ ឆ្ពោះទៅ សម្រេចបាននូវគោលបំណងសិក្សា និងអាជីពនាពេលអនាគត តាមរយៈការរៀបចំកម្មវិធីតម្រង់ទិស ការសិក្សាចាប់ពីថ្នាក់ទី៧ និងការបែងចែកសិស្សតាមគន្លងអប់រំថ្មីនៅថ្នាក់ទី១០ ដោយផ្អែកលើ សមត្ថភាពនិងឧបនិស្ស័យ។
ទី៥-គ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវអនុវត្តកម្មវិធីសិក្សាផ្លូវការឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ជាពិសេសត្រូវរិះរកវិធីដើម្បីអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា ក្នុងគោលដៅបន្ថែម២ម៉ោងសិក្សាយ៉ាងតិច ក្នុងមួយថ្ងៃ ដោយផ្តោតលើការបង្រៀនបន្ថែមមុខវិជ្ជាសិក្សាគោល ដូចជាភាសាខ្មែរ អំណាន និង គណិតវិទ្យា ព្រមទាំងការពង្រឹងវិន័យ សីលធម៌ និងឥរិយាបថ។
ទី៦-គ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវបន្តលើកកម្ពស់អនាម័យ និងបរិស្ថានស្អាតនៅតាមសាលារៀន ដោយ បង្កើនសកម្មភាពអប់រំសុខភាព ការរៀបចំបន្ទប់សុខភាពតាមស្តង់ដា ការពិនិត្យមើលសុវត្ថិភាពចំណី អាហារនិងអាហារូបត្ថម្ភ ការរៀបចំបរិស្ថានសាលារៀនបៃតង សាលារៀនស្អាតគ្មានសំរាម ជាដើម។ ទន្ទឹមនេះ គ្រឹះស្ថានសិក្សាត្រូវគិតគូរអំពីការគាំទ្រសុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់គ្រូបង្រៀន និងសិស្សានុសិស្ស ដោយត្រូវបញ្ចូលកម្មវិធីអប់រំសុខភាពផ្លូវចិត្ត និងសុខុមាលភាព ដើម្បីកាត់បន្ថយ ការឈឺថ្កាត់ និងផលប៉ះពាល់លើសុខភាព។
ទី៧-ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តអនុវត្តកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន សំដៅលើកកម្ពស់គុណវុឌ្ឍគ្រូបង្រៀនឱ្យស្របតាមស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន និងត្រូវរៀបចំកម្មវិធី អភិវឌ្ឍវិជ្ជាជីវៈជាប្រចាំដល់គណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន ជាពិសេសការយល់ដឹង និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងបញ្ញាសិប្បនិម្មិត នៅក្នុងការបំពេញការងារ។
ទី៨-ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវធ្វើសមាហរណកម្មបច្ចេកវិទ្យាឌីជីថល ទៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិត ដោយជំរុញការបង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល ការរៀបចំថ្នាក់រៀន ឆ្លាតវៃ ការភ្ជាប់បណ្តាញអ៊ុនធឺណិតនៅតាមសាលារៀន ការលើកកម្ពស់សមត្ថភាពឌីជីថលដល់ គ្រូបង្រៀន ការផលិតនិងការកែលម្អមាតិកាសិក្សា និងការផ្សព្វផ្សាយមាតិកាឌីជីថល ឱ្យកាន់តែ ទូលំទូលាយ។
ទី៩-មាតាបិតា អាណាព្យាបាលគ្រប់រូប សូមនាំកូនចៅទៅចុះឈ្មោះចូលរៀន និងចូលរួមតាមដាន ការសិក្សា អត្តចរិត សីលធម៌ និងសុជីវធម៌របស់កូនចៅ ទាំងនៅក្នុងគ្រួសារ និងក្នុងសហគមន៍ ព្រមទាំងជួយបង្រៀនកូនបន្ថែម ឬបង្កលក្ខណៈឱ្យកូនបានសិក្សាបន្ថែមពេលនៅផ្ទះ ជាពិសេស សូមចំណាយពេលចូលរួមអានសៀវភៅជាមួយកូន។
ទី១០-ក្មួយៗសិស្សានុសិស្ស យុវជន យុវនារីទាំងអស់ សូមបន្តខិតខំរៀនសូត្រឱ្យបានជ្រៅជ្រះ និងស្រាវជ្រាវ ឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងប្រកាន់ខ្ជាប់នូវអត្តចរិត គុណធម៌ និងសីលធម៌ល្អប្រពៃ ព្រមទាំងចូលរួម ធ្វើតែអំពើល្អ ដើម្បីការរីកចម្រើននិងសន្តិភាពនៅក្នុងគ្រួសារ សង្គម និងប្រទេសជាតិយើងទាំងមូល។ សូមក្មួយៗចងចាំថា ប្រទេសជាតិខ្លាំងដោយសារធនធានមនុស្សមានគុណភាព ហើយបើស្រឡាញ់ខ្លួន ស្រឡាញ់ឪពុកម្តាយ និងចង់បានអនាគតរុងរឿង គឺត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងអបាយមុខ គ្រប់រូបភាព។
ទី១១-គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន សង្គមស៊ីវិល អង្គការជាតិ-អន្តរជាតិ សូមបង្កើនការចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការពង្រឹងមូលធន មនុស្សនៅកម្ពុជា។
ទី១២-គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍របស់រដ្ឋនិងឯកជន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ សូមបន្តជួយផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ អំពីយុទ្ធនាការប្រមូលកុមារចូលរៀន និងសារៈសំខាន់នៃការអប់រំ ជាពិសេស ការផលិតកម្មវិធីអប់រំ និងវីដេអូបង្រៀន ដើម្បីឱ្យសេវាអប់រំកាន់តែគ្របដណ្តប់ទៅគ្រប់ទីកន្លែង គ្រប់ពេលវេលា និងស្របទៅនឹងទស្សនាទាននៃការអប់រំពេញមួយជីវិត។
តាមរយៈសាលិខិតសម្ដេចធិបតីបានថ្លែងអំណរព្រះគុណចំពោះព្រះតេជគុណ ព្រះសង្ឃគ្រប់ ព្រះអង្គ សូមអរគុណចំពោះបងប្អូនជនរួមជាតិ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ ព្រមទាំងដៃគូអភិវឌ្ឍ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងសប្បុរសជននានា ដែលតែងតែគាំទ្រនិងរួមចំណែកក្នុងការកសាង និងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ឱ្យមានដំណើរការរីកចម្រើនគួរជាទីមោទនៈ ក្នុងរយៈកាលកន្លងមកនេះ និងសូម បន្តជួយឧបត្ថម្ភគាំទ្រនិងផ្តល់នូវកិច្ចសហការល្អតទៅទៀត ដើម្បីបុព្វហេតុនៃការអភិវឌ្ឍកុមារនិងយុវជនកម្ពុជា គ្រប់ៗរូប៕











 
																	
																															- 
																	   ព័ត៌មាន1 week ago ព័ត៌មាន1 week agoអគ្គិសនីកម្ពុជា នឹងជួសជុល រុះរើគន្លងខ្សែបណ្តាញ តាមខណ្ឌមួយចំនួន ចាប់ពីថ្ងៃទី២៣ ដល់ ២៦ ខែតុលា នេះ 
- 
																	   ព័ត៌មាន1 week ago ព័ត៌មាន1 week agoសមត្ថកិច្ចខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យចំនួន១៩នាក់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា 
- 
																	   ព័ត៌មាន1 week ago ព័ត៌មាន1 week agoកំណាត់ផ្លូវជាតិលេខ២៣ (ផ្លូវកាត់ពីកោះធំទៅលើកដែក) ប្រវែង១៩,៨ គីឡូម៉ែត្រ ស្ថាបនារួចរាល់ហើយ! 
- 
																	   ព័ត៌មាន1 week ago ព័ត៌មាន1 week agoគណៈប្រតិភូជាន់ខ្ពស់ GBC កម្ពុជា ធ្វើមាតុភូមិនិវត្តន៍ ពីម៉ាឡេស៊ី ប្រកបដោយសុវត្ថិភាព 
- 
																	   ព័ត៌មាន1 week ago ព័ត៌មាន1 week agoកម្ពុជា អបអរសាទរ ម៉ាឡេស៊ី ចំពោះភាពជោគជ័យក្នុងការធ្វើជាប្រធានអាស៊ាន 
- 
																	   ព័ត៌មាន6 days ago ព័ត៌មាន6 days agoយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ជួបពិភាក្សាគ្នានៅច្រកអូរស្មាច់ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង បង្កើនជំនឿទុកចិត្តគ្នា 
- 
																	   ព័ត៌មាន6 days ago ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត រួមនឹងគណៈប្រតិភូកម្ពុជាបានអញ្ជើញដល់ប្រទេសម៉ាឡេស៊ីហើយ ប្រកបដោយសុវត្ថិភាព 
- 
																	   ព័ត៌មាន7 days ago ព័ត៌មាន7 days agoលោកអភិបាលខណ្ឌ៧មករា បន្តដឹកនាំមន្រ្តីជំនាញត្រួតពិនិត្យការដ្ឋានវាយរំលំ អគារអតីត សណ្ឋាគារអង្គរមានជ័យ