ព័ត៌មាន
កម្ពុជាប្តេជ្ញាគាំទ្របេសកកម្ម អង្គការយូណេស្កូ ក្នុងការស្ថាបនាសន្តិភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១
នៅទីក្រុងសាម៉ាកាន់ ប្រទេសអ៊ូសបេគីស្តង់ នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញថ្លែងសន្ទរកថា អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអង្គមហាសន្និបាតលើកទី៤៣ នៃអង្គការយូណេស្កូ ដោយបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្របេសកកម្មរបស់អង្គការយូណេស្កូក្នុងការស្ថាបនាសន្តិភាព តាមរយៈការអប់រំ វប្បធម៌ វិទ្យាសាស្ត្រ និងទំនាក់ទំនង ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បញ្ជាក់បន្ថែមថា ដោយធ្លាប់រងគ្រោះនូវអំពើប្រល័យពូជសាសន៍ និងសង្គ្រាមនាពេលកន្លងមក កម្ពុជាបានដឹងច្បាស់ពីផលវិបាកនៃការបំផ្លិចបំផ្លាញរបស់សង្គ្រាម និងតម្លៃមិនអាចកាត់ថ្លៃបានរបស់សន្តិភាពដែលជាមូលដ្ឋានសម្រាប់ការរីកចម្រើន និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។ នៅក្នុងវិស័យអប់រំ កម្ពុជាផ្តោតសំខាន់លើបំណិនមូលដ្ឋានសម្រាប់ការសិក្សា ការថែទាំកុមារតូច ការ បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ការសិក្សាពេញមួយជីវិត និងសមត្ថភាពឌីជីថល ដើម្បីរៀបចំយុវជនឲ្យក្លាយជាសសរទ្រូងដ៏រឹងមាំ និងជាទំពាំងស្នងឬស្សីដែលមាន គុណភាពដើម្បីប្រឈមជាមួយនឹងបញ្ហាអាកាសធាតុ និងកសាងសេដ្ឋកិច្ចជាតិនាពេលអនាគត។
កម្ពុជាជាប្រទេសសមាជិកមួយដែលបានផ្តល់សច្ចាប័នគ្រប់អនុសញ្ញាវប្បធម៌ទាំងអស់របស់អង្គការ យូណេស្កូ ដែលឆ្លុះបញ្ចាំងអំពីការតាំងចិត្តដ៏មុតមាំរបស់កម្ពុជាក្នុងការការពារ និងលើកតម្កើងសម្បត្តិបេតិកភណ្ឌវប្បធម៌ តាមរយៈការការពារនិងទប់ស្កាត់ការជួញដូរវត្ថុបុរាណដោយខុសច្បាប់ ព្រមទាំងអំពាវនាវឲ្យសារមន្ទីរធំៗនិងអ្នកប្រមូលសមុច្ច័យឯកជននានាធ្វើការពិភាក្សាដើម្បីប្រគល់វត្ថុបុរាណមកកាន់ប្រទេសដើមវិញ។ ការបញ្ចូលការអប់រំបេតិកភណ្ឌទៅក្នុងកម្មវិធីសិក្សា ការលើកកម្ពស់តួនាទីនិងពង្រឹងភាពជាម្ចាស់ការរបស់សហគមន៍ត្រូវបានជំរុញឲ្យមានភាពរីកចម្រើនបន្ថែមទៀត។ ក្នុងនោះ ឧស្សាហកម្មច្នៃប្រឌិតក៏បានចូលរួមចំណែកអភិវឌ្ឍដល់ស្ត្រី យុវជន និងសេដ្ឋកិច្ចក្នុងតំបន់។ បន្ថែមពីនោះ កម្ពុជាក៏បានពង្រឹងបន្ថែមនូវការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពបេតិកភណ្ឌពិភពលោកទាំងរូបីនិងអរូបី។
កម្ពុជាបានបង្ហាញអំពីសារៈសំខាន់នៃភាពជាដៃគូជាមួយអង្គការយូណេស្កូ ដោយបន្តលើកស្ទួយការអប់រំ វប្បធម៌ វិទ្យាសាស្ត្រ និងទំនាក់ទំនង ឲ្យស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០៣០ ហើយអំពាវនាវឲ្យមានប្រព័ន្ធព័ត៌មានដែលប្រកបដោយតុល្យភាពនិងមានក្រមសីលធម៌ខ្ពស់ ព្រមទាំងការគោរពដល់ភាពចម្រុះគ្នានៃវប្បធម៌។
លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានលើកឡើងអំពីការប៉ះទង្គិចនៅតាមព្រំដែនកម្ពុជា-ថៃកន្លងទៅដែលបានបង្កឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ បេតិកភណ្ឌវប្បធម៌ពិភពលោក “ប្រាសាទព្រះវិហារ” ។ កម្ពុជាបង្ហាញនូវការសោកស្ដាយយ៉ាងខ្លាំងចំពោះការខូចខាតដែលមិនអាចស្ដារឡើងបាននូវស្នាដៃវប្បធម៌ដ៏មានគុណតម្លៃ និងកម្រមួយនេះ។ ទន្ទឹមគ្នានឹងនេះដែរ កម្ពុជាក៏សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរវាង កម្ពុជា និងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងមកថ្មីៗនេះ ដែលមានការគាំទ្រ និងសាក្សីដោយផ្ទាល់ពីប្រធានាធិបតីសហរដ្ឋអាមេរិក ឯកឧត្តម ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម។ កម្ពុជាសង្ឃឹមយ៉ាងជ្រាលជ្រៅថា បណ្ដាប្រទេសជាសមាជិកអង្គការយូណេស្កូទាំងអស់ នឹងបន្តប្តេជ្ញារួមគ្នាក្នុងការការពារ និងថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌របស់ពិភពលោក៕




-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ
-
ព័ត៌មាន2 days agoសម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យពិនិត្យមើលលើការបំពេញបន្ថែមចំនួនអនុវិទ្យាល័យនៅតាមបណ្តាឃុំ ក្នុងខេត្តស្វាយរៀង