Connect with us

ព័ត៌មាន

ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះត្រួតពិនិត្យការអនុវត្តការកែសម្រួលអាវុធ និង​យុទ្ធោបករណ៍​បំផ្លិចបំផ្លាញធុនធ្ងន់ ដំណាក់កាលទី១ ដែលបញ្ជូនត្រឡប់មក​ទីតាំងដើមវិញ នៅខេត្តកំពង់ស្ពឺ

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១១:០៣នាទីព្រឹកនេះ ក្រុម​ការ​ងារ​សម្រប​សម្រួលក្រុមអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បាន​បន្ត​ធ្វើ​ការសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីចុះត្រួត​ពិនិត្យ​ការ​អនុវ​ត្ត​ការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ដំណាក់កាលទី១ ដែល​ត្រូវ​បាន​បញ្ជូនត្រឡប់មកកាន់ទីតាំងដើមវិញ ដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ។

គួររំលឹកផងដែរថា អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ទាំងនេះត្រូវបាន​កែស​ម្រួល​ពី​ស្រុក​ជាំ​ក្សាន្ត និងស្រុករវៀង ខេត្តព្រះវិហារ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៨:៤៥​នាទី​កន្លងទៅ ស្របតាមការឯកភាពគ្នារវាងកម្ពុជានិងថៃ លើផែនការជាដំណាក់​កាល​នៃ​ការ​កែ​សម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់។

សកម្មភាពខាងលើ គឺជាការបង្ហាញយ៉ាងច្បាស់ពីកាយវិការសុច្ឆន្ទៈ និងការ​បញ្ជាក់​ពី​ការតាំង​ចិត្ត​ដ៏​ម៉ឺង​ម៉ាត់​ឥតងាករេរបស់កម្ពុជា ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពី​សន្តិភាព​រវាងកម្ពុជា និងថៃ ដែលត្រូវបានចុះហត្ថលេខាដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ដោយមានឯកឧត្តម​ប្រធានា​ធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥កន្លងទៅនេះ។

ជាមួយគ្នានេះ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ទាំងភាគីកម្ពុជា និងភាគីថៃ​នឹង​អនុវត្ត​ឱ្យ​បាន​ពេញ​លេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីកិច្ច​ព្រម​ព្រៀង​សន្តិភាពរវាងកម្ពុជានិងថៃ ដោយភាពស្មោះត្រង់ សុច្ឆន្ទៈ និងតម្លាភាព សំដៅចូល​រួម​ចំណែក​ដល់​ការលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការវិល​ត្រឡប់​ទៅ​រកប្រក្រតីភាពឡើងវិញឱ្យបានឆាប់៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia