Connect with us

ព័ត៌មាន

ក្រុមការងារ JCTF កម្ពុជា-ថៃ ប្រគល់ភារឱ្យ CMAC កម្ពុជា និង TMAC ថៃ ពិភាក្សា​ការងារ​បច្ចេក​ទេស ​ពិនិត្យតំបន់សាកល្បងក្នុងតំបន់អាទិភាពនៅព្រំដែន ស្ថិតនៅឃុំអូរបីជាន់ ដើម្បីដោះមីន​មនុស្សធម៌

នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង ១២:០៥នាទីថ្ងៃត្រង់នេះ ក្រុម​ការងារ​សម្រប​សម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើការងារដោះមីនមនុស្ស​ធម៌​បាន​ប្រគល់​ភារកិច្ច​ជូន​ក្រុម​ការងារ​នៃ​មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងក្រុមការងារនៃ​មជ្ឈ​មណ្ឌល​សកម្មភាព​កំចាត់​មីនថៃ (TMAC) ឱ្យជួបប្រជុំពិភាក្សាការងារបច្ចេកទេស ដើម្បីពិនិត្យ​តំបន់​សាក​ល្បង​ក្នុង​តំបន់​អាទិភាពនៅព្រំដែន ដែលស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រះរា​ជាណាចក្រកម្ពុជា ទល់មុខ ឃុំណូនម៉ាកម៉ូន ស្រុកគោកស៊ូង ខេត្តស្រះកែវ ព្រះរាជា​ណាច​ក្រ​ថៃ​។ នេះបើតាមលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា កិច្ច​ប្រជុំពិភាក្សានៅថ្ងៃនេះរៀបចំឡើង ស្របតាម​ការ​សម្រេច​របស់​ក្រុម​ការងារ​សម្រប​សម្រួល​ចម្រុះ ​(JCTF) នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥កន្លងទៅនេះ។ កិច្ច​ប្រជុំ​នេះ​ប្រព្រឹត្តទៅ​ក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីតាមដាន និ​ង​ផ្ទៀងផ្ទាត់។

សូមគូសបញ្ជាក់ផងដែរថា ការជួបប្រជុំពិភាក្សា និងការអនុវត្ត​ការងារ​ត្រូវ​តែ​គោរព​តាម​គោល​ការណ៍ ​និងនិយាមនីតិវិធីប្រតិបត្តិ (SOP) ដែលក្រុមការងារសម្របសម្រួលចម្រុះ (JCTF) នៃ​ប្រទេសទាំងពីរបានឯកភាពគ្នា។ ជាមួយគ្នានេះ ការងា​រ​ដោះ​មីន​មនុស្ស​ធម៌​នេះ​ត្រូវ​គោរព​តាម​គោល​ការណ៍ការពារអធិបតេយ្យ និងបូរណភាពទឹកដីដោយម៉ឺងម៉ាត់ ព្រមទាំង​ឈរ​លើ​ស្មារ​តី​គោរ​ព​គ្នា​ទៅវិញទៅមក៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia