ព័ត៌មាន
ក្រុមហ៊ុនឯកទេសលើបច្ចេកវិទ្យាវេជ្ជសាស្ត្រជាន់ខ្ពស់លំដាប់ពិភពលោករបស់អាមេរិក ត្រៀមខ្លួនផ្តល់បច្ចេកវិទ្យាជំនាន់ចុងក្រោយ និងដំណោះស្រាយសុខាភិបាលប្រកបដោយនិរន្តរភាពដល់កម្ពុជា
វ៉ាស៊ីងតុន ឌីស៊ី ៖ កាលពីរសៀលថ្ងៃពុធ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា រួមមាន ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងទេសចរណ៍ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាម៉េរិក និងម៉ិកស៊ីកូ និងគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Tisha Botman អនុប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Siemens Healthineers ទទួលបន្ទុកផ្នែកកិច្ចការបរទេស និងការទទួលបានសេវាថែទាំសុខភាព។ ក្រុមហ៊ុន Siemens Healthineers ជាក្រុមហ៊ុនឯកទេសលើបច្ចេកវិទ្យាវេជ្ជសាស្ត្រជាន់ខ្ពស់ លំដាប់ថ្នាក់ពិភពលោក និងមានក្រុមហ៊ុន Varian ដែលឈានមុខគេនៅលើពិភពលោក ក្នុងការផលិតបរិក្ខាសម្រាប់ព្យាបាលជំងឺមហារីកជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន។

គោលបំណងនៃជំនួបនាឱកាសនេះគឺ សំដៅជំរុញឱ្យ Siemens Healthineers ពិនិត្យលទ្ធភាពនៃការចូលរួមផ្គត់ផ្គង់ បំពាក់ និងថែទាំឧបករណ៍វេជ្ជសាស្ត្របច្ចេកវិទ្យាខ្ពស់នៅកម្ពុជា ដើម្បីឆ្លើយតបនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍សុខាភិបាលរបស់រាជរដ្ឋាភិបាល ដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងការផ្តោតសំខាន់របស់រាជរដ្ឋាភិបាលលើការពង្រឹងគុណភាពសេវាសុខាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋផងដែរ។ ឯកឧត្តម ក៏បានស្នើឱ្យក្រុមហ៊ុន Siemens Healthineers ពិនិត្យលទ្ធភាពក្នុងការចូលរួមជួយអភិវឌ្ឍសមត្ថភាពមន្ត្រីសុខាភិបាល និងអ្នកជំនាញពាក់ព័ន្ធផ្សេងទៀតផងដែរ ដោយផ្តោតលើការបណ្តុះបណ្តាលគ្រូពេទ្យជំនាញ (Radiologists) និងវិស្វករដែលអាចថែទាំ និងជួសជុលឧបករណ៍បច្ចេកវិទ្យាខ្ពស់បានដោយខ្លួនឯង (Localization of Skill)។

ទន្ទឹមនឹងនេះ តាមរយៈការលើកបង្ហាញអំពីកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់កម្ពុជា សក្តានុពលនានារបស់កម្ពុជា និងច្បាប់វិនិយោគដែលមានភាពអំណោយផល សម្រាប់ការវិនិយោគដោយផ្ទាល់ពីបរទេស និងការលើកទឹកចិត្តជាយុទ្ធសាស្ត្រនានា ឯកឧត្តម ក៏បានជំរុញឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួនផងដែរ។

ជាការឆ្លើយតប ថ្នាក់ដឹកនាំក្រុមហ៊ុន Siemens បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះចក្ខុវិស័យអភិវឌ្ឍន៍វិស័យសុខាភិបាលរបស់កម្ពុជា និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់ ដោយបានលើកឡើងថា ពួកគេនឹងពិនិត្យលទ្ធភាពនៃការពង្រីកវត្តមាន និងការវិនិយោគរបស់ខ្លួននៅកម្ពុជា ស្របតាមបរិយាកាសវិនិយោគថ្មី ។ បន្ថែមពីនេះ Siemens Healthineers បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់នូវបច្ចេកវិទ្យាជំនាន់ចុងក្រោយ និងដំណោះស្រាយសុខាភិបាលប្រកបដោយនិរន្តរភាពដល់កម្ពុជា ទៅតាមកិច្ចសហការជាក់ស្តែងណាមួយ ដែលអាចកើតមាននាពេលខាងមុខ។
តាមរយៈជំនួបនេះ អាចចាត់ទុកថាជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងក្រុមហ៊ុនបច្ចេកវិទ្យាវេជ្ជសាស្ត្រកំពូលនៅលើពិភពលោក ហើយភាគីទាំងពីរបានសម្តែងនូវសុឆន្ទៈ ក្នុងការបង្កើតក្រុមការងារជំនាញរួមមួយ ដើម្បីបន្តកិច្ចពិភាក្សាបច្ចេកទេស និងសិក្សាលើលទ្ធភាពនៃគម្រោងវិនិយោគជាក់ស្តែងក្នុងរយៈពេលខ្លីខាងមុខ ក្នុងគោលដៅពង្រឹងសមត្ថភាពរោគវិនិច្ឆ័យ និងព្យាបាលជំងឺនៅកម្ពុជា៕


-
ព័ត៌មាន1 week agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
PR NEWS5 days agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា
-
ព័ត៌មាន6 days agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន1 week agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន5 days agoកម្ពុជាស្នើស្នើសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ
-
ព័ត៌មាន5 days agoរដ្ឋមន្រ្តីជំរុញឱ្យមន្រ្ដីសុខាភិបាលរាជធានី ខេត្តយកចិត្តទុកដាក់លើមរណភាពមាតា និងទារកពេលបង្កកំណើត