Connect with us

ព័ត៌មាន

ពិធីប្រគល់ពានរង្វាន់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់ជ័យលាភីសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ខេត្តកំពង់ចាម

កំពង់ចាម៖ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាសហធិបតី ក្នុងពិធី “ប្រគល់ពានរង្វាន់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់ជ័យលាភីសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ខេត្តកំពង់ចាម” ដែលរៀបចំដោយ ក្រសួងយុត្តិធម៌ នៅបរិវេណវិទ្យាល័យហ៊ុន សែន ព្រៃទទឹង ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម តំណាងអាជ្ញាធរ មន្ទីរអប់រំខេត្ត លោក លោកស្រី គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សជ័យលាភីទាំងអស់។

បន្ទាប់ពីស្តាប់របាយការណ៍របស់ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអបអរសាទរ និងកោតសរសើរចំពោះក្មួយៗសិស្សឆ្នើមទាំង ២៥រូប ក៏ដូចជាសិស្សានុសិស្សទាំងអស់នៃស្រុកព្រៃឈរ ដែលបានខិតខំប្រឡងប្រជែងក្នុងកម្មវិធីពានរង្វាន់នេះ។ លទ្ធផលដ៏ល្អប្រសើរនេះ គឺជាផ្លែផ្កានៃការតស៊ូ ខិតខំប្រឹងប្រែងរៀនសូត្រ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្មួយៗផ្ទាល់ លោកគ្រូ អ្នកគ្រូ និងមាតាបិតាគ្រប់រូប ដោយបានលើកឡើងថា ពានរង្វាន់ដែលក្មួយៗទទួលបាននៅពេលនេះ មិនមែនត្រឹមតែជាការទទួលស្គាល់សមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការលើកទឹកចិត្តដ៏ធំធេង ដើម្បីបន្តការខិតខំប្រឹងប្រែងរៀនសូត្រទៅមុខទៀត ក្លាយជាពលរដ្ឋល្អ ចូលរួមចំណែកកសាងសង្គមជាតិឱ្យកាន់តែរីកចម្រើន ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ ការប្រឡងនេះមានគោលដៅសំខាន់ពីរ ទី១ គឺលើកទឹកចិត្តដល់ប្អូនៗ ដែលមានសមត្ថភាពខ្ពស់ ដើម្បីទទួលបាននូវរង្វាន់តបស្នងចំពោះការខិតខំរៀនសូត្រកន្លងមក ទី២ គឺដើម្បីជំរុញលើកទឹកចិត្តឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រចាប់ពីឥលូវ មិនចាំបាច់ទាល់តែជិតដល់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនោះទេ។

នាឱកាសនេះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គំនិតផ្តួចផ្តើមរបស់ ឯកឧត្តម កើត រិទ្ធ ក្នុងការរៀបចំការប្រកួតពានរង្វាន់សម្រាប់ថ្នាក់ទី១០ នេះឡើង ព្រមទាំងសប្បុរសជន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ការខិតខំប្រឹងប្រែងរបស់ក្មួយៗសិស្សានុសិស្សផ្ទាល់ ព្រមលោកគ្រូអ្នកគ្រូគ្រប់រូប ដែលបានខ្នះខ្នែងបណ្ដុះបណ្ដាលចំណេះដឹង និងបង្រៀនឱ្យចេះគិតពិចារណា ព្រមទាំងមាតាបិតា អ្នកអាណាព្យាបាលគ្រប់រូបដែលបានគាំទ្រ និងឱ្យតម្លៃលើការអប់រំ ជាពិសេសជំរុញកូនចៅឱ្យមានឱកាសសិក្សារៀនសូត្របានពេញលេញ។

កត្តាសំខាន់ៗចំនួន៥ ដើម្បីឈានទៅរកភាពជោគជ័យក្នុងការអប់រំ ដោយក្នុងនោះរួមមាន៖

– កត្តារាជរដ្ឋាភិបាល៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានចាត់ទុកការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ជាអាទិភាពចម្បងបំផុតមួយ ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដោយប្រទេសជាតិខ្លដោយសារធនធានមនុស្សមានគុណភាព។

– កត្តាសាលារៀន រួមទាំងនាយកសាលារៀន៖ ត្រូវតែមានអគារហេដ្ឋារចនាសម្ព័ន្ធសមស្រប រៀបចំបរិស្ថានសាលារៀនស្អាត ដើម្បីទាក់ទាញសិស្សឱ្យចង់ទៅរៀន និងជាពិសេសការដឹកនាំគ្រប់គ្រងបានល្អពីសំណាក់នាយក នាយិកាសាលារៀន ដែលជំរុញបាននូវអភិបាលកិច្ចសាលារៀនប្រកបដោយប្រសិទ្ធភាពខ្ពស់ នាំឱ្យមានការគាំទ្រពីសហគមន៍។

– កត្តាសិស្ស៖ សិស្សត្រូវមានសុខភាពរឹងមាំល្អ ខួរក្បាលឆ្លាតវៃទើបរៀនបានពូកែ ដែលទាមទារការយកចិត្តទុកដាក់អំពីការលូតលាស់របស់កូនពីសំណាក់ក្រុមគ្រួសារ ឪពុកម្តាយ និងអ្នកអាណាព្យាបាល តាំងពីវ័យកុមារ ក៏ដូចជាការបញ្ជូនកូនឱ្យចូលរៀនថ្នាក់មត្តេយ្យ ដើម្បីរៀបចំពួកគេសម្រាប់ ការចូលរៀនថ្នាក់បឋមសិក្សា មធ្យមសិក្សា និងកម្រិតសិក្សាបន្តបន្ទាប់ទៀត។

– កត្តាគ្រូបង្រៀន៖ គ្រូបង្រៀន ត្រូវមានសមត្ថភាពវិជ្ជាជីវៈខ្ពស់ មានសីលធម៌ល្អ ត្រូវបន្តអភិវឌ្ឍខ្លួនឯងជាប្រចាំ ពង្រឹងវិធីសាស្ត្របង្រៀនឱ្យកាន់តែសម្បូរបែប ស្របតាមបរិបទថ្មីៗនៃបច្ចេកវិទ្យា និងការផ្លាស់ប្តូរនៃកម្មវិធីសិក្សា។ ក្រសួងបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការបណ្ដុះបណ្តាលគ្រូបង្រៀនឱ្យមានគុណភាព ដោយផ្តោតលើស្តង់ដាវិជ្ជាជីវៈគ្រូ បន្តពង្រឹងគុណវុឌ្ឍិគ្រូបង្រៀន ដោយពង្រឹងការប្រឡងជ្រើសរើសគ្រូ និងបន្តលើកកម្ពស់តួនាទី កិត្តិយស និងជីវភាពគ្រូបង្រៀន ឱ្យកាន់តែមានតម្លៃក្នុងសង្គម។

– កត្តាឪពុកម្តាយ អ្នកអាណាព្យាបាល៖ ត្រូវចូលរួមជំរុញកូនឱ្យទៅរៀន និងប្រឹងប្រែងសិក្សា។ ការអប់រំពិតជាអាចផ្លាស់ប្តូរវាសនារបស់មនុស្សបាន ទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់សិស្សផ្ទាល់ ក៏ត្រូវមានការគាំទ្រទាំងផ្នែកស្មារតី និងធនធានពីសំណាក់ក្រុមគ្រួសារ ឪពុកម្តាយ អ្នកអាណាព្យាបាល និងសហគមន៍ផងដែរ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា សូមអបអរសាទរដល់ក្មួយៗជ័យលាភីសិស្សឆ្នើមទាំង ២៥រូប ដែលបានបង្ហាញនូវឆន្ទៈរឹងមាំក្នុងការសិក្សា និងសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈនេះ។ ទន្ទឹមនឹងនេះ ចំពោះក្មួយៗសិស្សានុសិស្សទាំងអស់ ដែលបានចូលរួមប្រកួតប្រជែង ប៉ុន្តែមិនបានជាប់ក្នុងចំណោម ២៥រូបនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ក្មួយៗកុំអស់សង្ឃឹម ដោយគ្រាន់តែក្មួយៗមានភាពក្លាហានចូលរួមប្រឡងនេះគឺក្មួយៗបានទទួលជ័យជម្នះមួយជំហានរួចទៅហើយ។ ការប្រឡងនេះ គឺជាមេរៀនដ៏សំខាន់មួយ ដែលបង្ហាញពីចំណុចខ្លាំង និងចំណុចដែលត្រូវពង្រឹង ដូច្នេះសូមយកបទពិសោធនេះ ទៅជាកម្លាំងជំរុញឱ្យខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀតនៅឆ្នាំក្រោយៗទៀត ដើម្បីឈានទៅរកភាពជោគជ័យក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងផ្សេងៗទៀតនាពេលខាងមុខ។

សូមជម្រាបថា រង្វាន់ជ័យលាភី គឺមានចំនួន ២៥ រង្វាន់។ ជ័យលាភីទាំង ២៥ រូប នឹងទទួលបាននូវប័ណ្ណសរសើរ និងសៀវភៅសិក្សាថ្នាក់ទី១១ ម្នាក់ ១ឈុត ព្រមទាំងរង្វាន់ដោយឡែកៗ តាមចំណាត់ថ្នាក់ដូចតទៅ ៖

– ជ័យលាភីលេខ ១ នឹងទទួលបានរង្វាន់ម៉ូតូ Honda Dream 125 មួយគ្រឿង និងថវិកា ១ លានរៀល

– ជ័យលាភីលេខ ២ និងលេខ ៣ នឹងទទួលបានរង្វាន់ម៉ូតូ Honda Wave ម្នាក់ ១ គ្រឿង និងថវិកា ១ លានរៀល

– ជ័យលាភីលេខ ៤ និងលេខ ៥ នឹងទទួលបានកុំព្យូរទ័រយួរដៃមួយគ្រឿង និងថវិកា ១លានរៀល

– ជ័យលាភីពីលេខ ៦ ដល់លេខ ១០ នឹងទទួលបានថវិកាម្នាក់ ២ លានរៀល

– ជ័យលាភីពីលេខ ១១ ដល់លេខ ២០ នឹងទទួលបានថវិកាម្នាក់ ១លានរៀល និង

– ជ័យលាភីទី២០ ដល់ទី២៥ នឹងទទួលបានថវិកាម្នាក់ ៥០ម៉ឺនរៀល។

ទន្ទឹមនឹងនេះ ក្រៅពីប័ណ្ណសរសើរ ជ័យលាភីលេខ ១ ក្នុងមុខវិជ្ជានីមួយៗ នឹងទទួលបានកុំព្យូរទ័រយួរដៃមួយគ្រឿង ប្រសិនមិនបានទទួលក្នុងចំណាត់ថ្នាក់ខាងលើ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia