ព័ត៌មាន
កម្ពុជាព្រួយបារម្ភចំពោះថៃ ប្រកាសផ្អាកការអនុវត្តសេចក្តីថ្លែងការណ៍រួម ស្តីពីសន្តិភាព និងលុបចោលគម្រោងដោះលែងយោធិនខ្មែរ១៨រូប នៅថ្ងៃទី១២ ខែវិច្ឆិកា
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងបន្ទាប់រដ្ឋាភិបាលថៃ ប្រកាសផ្អាកការអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកូឡាឡាំពួ រវាងកម្ពុជា និងថៃ និងលុបចោលគម្រោងដោះលែងយោធិនខ្មែរ១៨រូបមកកម្ពុជាវិញនៅថ្ងៃទី១២ ខែវិច្ឆិកា ខាងមុខនេះ ក្រោមឡេសចោទប្រកាន់កម្ពុជាថា បានដាក់គ្រាប់មីនថ្មី បន្ទាប់ពីទាហានថៃបីនាក់ ត្រូវរបួសដោយសារជាន់មីន នៅត្រង់តំបន់ភ្នំទ្រព្យកម្ពុជាកាលពីថ្ងៃទី១០ ខែវិច្ឆិកានោះ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅយប់ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្ដីរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយជាច្រើន ដកស្រង់សំដីរបស់ថ្នាក់ដឹកនាំ ដែលបង្ហាញថាប្រទេសថៃបានផ្អាកការអនុវត្តនូវសេចក្តីថ្លែងការណ៍រួមរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ដែលត្រូវបានចុះហត្ថលេខា ដោយមានវត្តមានរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ដ្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន ធ្វើជាសាក្សី នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ។
ក្រសួងការបរទេសកម្ពុជា បានលើកឡើងទៀតថា សេចក្ដីរាយការណ៍ព័ត៌មានទាំងនេះក៏បានឱ្យដឹងដែរថា «ព្រឹត្តិការណ៍ផ្ទុះមីននៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបានធ្វើឱ្យទាហានថៃបីនាក់រងរបួសនៅព្រំដែនកម្ពុជា-ថៃ ត្រង់តំបន់ភ្នំទ្រព្យ ស្ថិតជិតប្រាសាទព្រះវិហាររបស់កម្ពុជា ត្រូវបានលើកឡើងថាជាមូលហេតុនៃការផ្អាកអនុវត្តសេចក្ដីថ្លែងការណ៍រួមខាងលើនេះ រួមទាំងការលុបចោលគម្រោងដោះលែងយោធិនខ្មែរ ១៨រូប ពីការឃុំឃាំងនៅប្រទេសថៃ ដែលភាគីថៃបានប្រកាសថានឹងអនុវត្តនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។
យ៉ាងណាក៏ដោយរាជរដ្ឋាភិបាលកម្ពុជា សូមបដិសេធយ៉ាងដាច់អហង្ការចំពោះរាល់ការចោទប្រកាន់របស់ប្រទេសថៃថាកម្ពុជាបានដាក់មីនថ្មីនៅតាមព្រំដែនជាមួយប្រទេសថៃ។ វាជាការសំខាន់ដែលត្រូវកត់សម្គាល់ពីការដឹងឮ យ៉ាងសុះសាយនូវការពិតថា ចម្ការមីនភាគច្រើនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលបន្សល់ទុកពីជំនាន់ សង្គ្រាមស៊ីវិលកម្ពុជារយៈជិត៣០ឆ្នាំ ក្នុងទសវត្សរ៍ ១៩៧០ និង១៩៨០ មិនទាន់ត្រូវបានបោសសម្អាតនៅឡើយទេ ដោយសារតែភូមិសាស្ត្រលំបាក និងស្ថានភាពមិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែន។
តាមរយៈសេចក្តីថ្លែងការណ៍ខាងលើនេះដែរ រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជាថ្មីថា កម្ពុជានៅតែប្តេជ្ញាអនុវត្តសេចក្តីថ្លែងការណ៍រួម ដែលត្រូវបានចុះហត្ថលេខាជាមួយនិងការសាទរយ៉ាងខ្លាំងក្លាពីសហគមន៍អន្តរជាតិ។ ក្នុងនាមជាប្រទេសដែលបានគាំទ្រយ៉ាងមុតមាំ និងជារដ្ឋភាគីនៃអនុសញ្ញាហាមឃាត់មីនប្រឆាំងមនុស្ស កម្ពុជាមិនដែលបានប្រើប្រាស់ ហើយក៏នឹងមិនប្រើប្រាស់មីនថ្មីនោះឡើយ៕អត្ថបទបាន ចក់



-
ព័ត៌មាន1 week agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
PR NEWS5 days agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា
-
ព័ត៌មាន6 days agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន1 week agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន5 days agoកម្ពុជាស្នើស្នើសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ
-
ព័ត៌មាន4 days agoរដ្ឋមន្រ្តីជំរុញឱ្យមន្រ្ដីសុខាភិបាលរាជធានី ខេត្តយកចិត្តទុកដាក់លើមរណភាពមាតា និងទារកពេលបង្កកំណើត