ព័ត៌មាន
កម្ពុជាប្រាប់ថៃជាថ្មីថា កម្ពុជាមិនប្រើប្រាស់មីនថ្មីជាដាច់ខាតហើយមានការសោកស្តាយដែលថៃបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាម្តងហើយម្តងទៀតលើបញ្ហានេះ
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានប្រាប់ទៅភាគីថៃម្តងទៀតថា កម្ពុជាបានគោរពនូវអនុសញ្ញាអូតាវ៉ាយ៉ាងមុតមាំ ហើយកម្ពុជាមិនប្រើប្រាស់មីនថ្មីប្រឆាំងមនុស្សជាតិជាដាច់ខាត ដូច្នេះកម្ពុជាមានការសោកស្តាយចំពោះភាគីថៃ ដែលបានធ្វើការចោទប្រកាន់ និងបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាម្តងហើយម្តងទៀតទាក់ទងនឹងបញ្ហាមីននេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អាជ្ញាធរមីន នាយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានលើកឡើងថា កម្ពុជាពិតជាមានការសោកស្តាយចំពោះសារព័ត៌មានថៃមួយចំនួន ដែលបានផ្សព្វផ្សាយក្នុងចេតនាចោទប្រកាន់ និង បង្អួចកេរ្តិ៍ឈ្មោះកម្ពុជា ថាបានប្រើប្រាស់ និងដាក់មីនថ្មី ក្នុងខណៈពេលដែលកម្ពុជាកំពុងខិតខំប្រឹងប្រែង លុបបំបាត់គ្រាប់មីន និងទុក្ខវេទនារបស់សហគមន៍ ដែលបង្កឡើងដោយមីន និងសំណល់ជាតិផ្ទុះពី សង្គ្រាម ព្រមទាំងទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ ថាជាប្រទេសគំរូ និងឈានមុខក្នុង វិស័យសកម្មភាពមីនសាកលនោះ។
អាជ្ញាធរមីន បានចាត់ទុកថា ការចោទប្រកាន់គ្មានមូលដ្ឋានរបស់ភាគីថៃនេះ ក៏បានប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងនៃ ក្រុមការងារសម្របសម្រួលរួម (JCTF) ដែលបានបង្កើតឡើងដោយប្រទេសទាំងពីរ(កម្ពុជា-ថៃ) ដើម្បីជំរុញដល់ការ បោសសម្អាតមីនមនុស្សធម៌ និងបង្កើនទំនុកចិត្តរវាងគ្នា នៅតាមបណ្ដោយព្រំដែនផងដែរ។
តាមរយៈសេចក្តីប្រកាសព័ត៌មានខាងលើនេះអាជ្ញាធរមីន បានគូសបញ្ជាក់ផងដែរថា«កម្ពុជា ក្នុងនាមជាប្រទេសស្រលាញ់សន្តិភាព ទទូចដល់ភាគីថៃចៀសវាងការយកបញ្ហាផ្ទុះមីន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងតំបន់ព្រំដែន ដែលបានធ្វើឱ្យទាហានថៃពីរនាក់រងរបួស ជាមូលហេតុនៃការផ្អាកអនុវត្តជា ឯកតោភាគី នូវកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥»។
ជាមួយគ្នានោះអាជ្ញាធរមីន បានលើកឡើងទៀតថា ក្នុងនាមជារដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) កម្ពុជា ប្រកាន់ខ្ជាប់នូវគោលការណ៍ និងគោរពយ៉ាងខ្ជាប់ខ្ជួនតាមបទដ្ឋានរបស់អនុសញ្ញាអូតាវ៉ា ហើយកម្ពុជាបានចាត់ទុកសកម្មភាពមីន ជាការចូលរួមចំណែកក្នុងការកសាងសន្តិភាព និងជាស្នូលនៃការអភិវឌ្ឍជាតិ។
ក្នុងឱកាសនៃកិច្ចប្រជុំលើកទី២២នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលនឹងខិតជិតមកដល់នាពេលខាងមុខ កម្ពុជាសូមស្នើដល់ភាគីថៃ ក៏ដូចជាគ្រប់ភាគីពាក់ព័ន្ធ រក្សានូវ ស្មារតីកិច្ចសហការ វប្បធម៌សន្ទនា គោរពគ្នាទៅវិញទៅមក និងឈរលើគោលការណ៍មនុស្សធម៌ និងច្បាប់អន្តរជាតិ ដើម្បីសម្រេចបានគោលដៅរួមពិភពលោកមួយដែលគ្មានមីន ចេតនាចោទប្រកាន់ណាមួយ ដែលគ្មានការពិត ឬការស៊ើបអង្កេតច្បាស់លាស់ ឬការប្រើប្រាស់មីនដើម្បីបម្រើដល់នយោបាយ អាចនឹង បំផ្លាញដល់ទំនុកចិត្តរវាងគ្នានិងគ្នា ធ្វើឱ្យអាប់ឱនដល់កិត្តិយសរបស់រដ្ឋភាគី និងស្មារតីនៃអនុសញ្ញាអូតាវ៉ា។ យ៉ាងណាក៏ដោយ«ជាថ្មីម្តងទៀត ក្នុងនាមជាប្រទេសដែលបានគាំទ្រយ៉ាងមុតមាំ និងជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា កម្ពុជា មិនបានប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីនថ្មីឡើយ»៕


-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន4 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 day agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន