Connect with us

ព័ត៌មាន

មន្រ្តីជាន់ខ្ពស់នៃកម្ពុជា៖ សេដ្ឋកិច្ចកម្ពុជានឹងបន្តកើនឡើងប្រមាណ៥ភាគរយ នៅឆ្នាំ២០២៦​ខាងមុខ

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និង​ជនបទ បានលើកឡើងថា នៅឆ្នាំ២០២៦ខាងមុខ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថា នឹង​បន្ត​រក្សា​បាន​នូវកំណើនប្រមាណ ៥ភាគរយ ដែលគាំទ្រដោយវិស័យធំៗចំនួន៣ មានដូចជា៖ ឧស្សាហកម្ម សេវាកម្ម និងកសិកម្ម។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែវិច្ឆិកាកន្លងទៅ ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា តាម​រយៈ​គោល​នយោបាយ យុទ្ធសាស្រ្ត និងកម្មវីធីកំណែទម្រង់នានាជាបន្តបន្ទាប់ ក្រោមការ​ដឹក​នាំ​ជា​ច្រើន​អាណត្តិ​ប្រកប​ដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន រហូតមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងដំណាក់កាលមុនវិបត្តិកូវីដ១៩ និង​បន្ត​រក្សា​បាន​នូវ​កំណើន​សេដ្ឋកិច្ចល្អប្រសើរ ទោះបីស្ថិតក្នុងស្ថានភាព​នៃ​ភាពតាន​តឹង​ផ្នែក​ភូមិ​សាស្រ្ត​នយោបាយ ​ទាំងក្នុងតំបន់ និងពិភពលោកក្តី។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានលើកឡើងបន្តទៀតថា តាមការវាយតម្លៃ សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បានព្យាករថា នឹងសម្រេចបាននូវកំណើន ៥,២ភាគរយ ក្នុងឆ្នាំ២០២៥នេះ ស្រប​ពេល​ដែល​ផលិត​ផលសរុបក្នុងស្រុកសម្រាប់មនុស្សម្នាក់ៗត្រូវបានរំពឹងថា នឹងកើនឡើងដល់ជាង ៣ ០០០​ដុល្លារ​។

កាលពីថ្ងៃទី១០ ខែវិច្ឆិកាកន្លងទៅថ្មីៗនេះ ក្នុងឱកាសអញ្ជើញចូលរួមសិក្ខាសាលា ស្តីពី​ការ​ស្វែង​យល់​អំពី​ការកសាងក្របខណ្ឌនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោល​នយោបាយ​ហិរញ្ញ​វត្ថុ​សាធារណៈ ​សម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ នៅ​វិមានរដ្ឋសភា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋម​ន្រ្តី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងឱ្យដឹងថា ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ឆ្នាំ​២០២៦ ត្រូវបានរៀបចំឡើង ក្នុងបរិការណ៍ដែលសេដ្ឋកិច្ចកម្ពុជាបន្តត្រូវបានហ៊ុមព័ទ្ធ ដោយ​អន្តរកាល​នៃ​ពហុវិបត្តិ ដែលមិនចំណុះនឹងការគ្រប់គ្រងរបស់កម្ពុជានោះឡើយ ជាអាទិ៍៖ ការ​ប្រែ​ប្រួល​យ៉ាង​រហ័ស នៃរបត់គោលនយោបាយពាណិជ្ជកម្មសកល ដែលកាន់​តែ​មាន​ទំនោ​រ​ទៅ​រ​ក​ចរន្ត​គាំពារ​និយម និងឯកតោនិយម តាមរយៈគោលនយោបាយ ពន្ធគយបដិការ, ការបន្ត​បិទ​ខ្ទប់​ព្រំដែន​គោក ​រវាងកម្ពុជា-ថៃ -ល-៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia