Connect with us

ព័ត៌មាន

ពិព័រណ៍កសិកម្មចូលរួមទចូលរួមទាក់ទាញវិនិយោគិនមកធ្វើពាណិជ្ជកម្មវិស័យកសិកម្មនៅកម្ពុជា

ខណៈដែលវេទិកានិងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) បានកំពុងដំណើរការ មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា មិនមែនត្រឹមតែជា CAFE25 នោះទេ គឺ​ធ្វើ​ឡើង​ក្នុងគោលបំណង ដើម្បីធ្វើឱ្យកម្ពុជា​ក្លាយ​ជាទិស​ដៅ​ដ៏​ទាក់ទា​ញ​ក្នុង​តំបន់​សម្រាប់​ការ​ធ្វើ​ពា​ណិជ្ជកម្ម និងការវិនិយោគក្នុងវិស័យកសិស្បៀងអាហារផងដែរ។

ឯកត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមាន​ប្រសាសន៍​ថា ​ព្រឹត្តិការណ៍ CAFE25 ក្រៅពីជាថ្នាលដ៏សំខាន់សម្រាប់កសិករ អ្នកកែច្នៃ ពាណិជ្ជករ អ្នក​វិនិយោគ និងអ្នកតាក់តែងគោលនយោបាយ ក្នុងការចែករំលែកគំនិត បង្កើតភាពជាដៃគូ និង​ស្វែង​រ​កឱកាសថ្មីៗសម្រាប់ការកសាងភាពជាដៃគូយូរអង្វែងនេះ។ លក្ខណៈ​ពិសេស​របស់​ព្រឹត្តិការណ៍ ក៏មិនបញ្ចប់ត្រឹមតែព្រឹត្តិការណ៍ប៉ុន្នោះទេ ប៉ុន្តែមានសកម្មភាពបន្តជាច្រើនទៀត ដើម្បី​អនុញ្ញាត​ឱ្យ​ភាគីពាក់ព័ន្ធបន្តទំនាក់ទំនង ចូលរួមសកម្មភាព និងសហការជាមួយគ្នា ដើម្បីស្វែងរក និង​អនុវត្តចក្ខុវិស័យរួមសម្រាប់វិស័យកសិស្បៀងអាហារនៅកម្ពុជា។

ឯកឧត្តម​រដ្ឋលេខាធិការ បានលើកឡើងបន្តថា កម្ពុជាសម្រេច​បាន​ការ​នាំ​ចេញ​ផលិត​ផល​កសិកម្ម​រាប់​លាន​តោន​ជារៀងរាល់ឆ្នាំទៅកាន់ទីផ្សារពិភពលោក ដែលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​លើក​កម្ពស់​ជីវភាពប្រជាកសិករនៅទូទាំងប្រទេស ទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ និង​ចូល​រួម​ធានា​សន្តិសុខ​ស្បៀង​ពិភពលោកថែមទៀតផង។ ឯកឧត្តមគូសបញ្ជាក់ទៀតថា គិតក្នុងរយៈពេល៩ខែ នៃ​ឆ្នាំ​២០២៥ កម្ពុជាបាននាំចេញផលិតផលកសិកម្មជាង ១១លានតោន ដែលកើន​ឡើង​ប្រមាណ ៣០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ និងដែលបញ្ជាក់ពីគុណភាព និង​ភាព​ទាក់​ទាញនៃផលិតផលកសិកម្មកម្ពុជា។

លោកស្រី Rebekah Bell តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បាន​លើក​ឡើង​ថា ព្រឹត្តិការណ៍ CAFE25 ពិតជាបង្ហាញពីស្មារតីនៃកិច្ចសហការ ដោយនាំ​ទាំង​រដ្ឋាភិបាល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងសហគមន៍មកជួបជុំគ្នា ដើម្បីភ្ជាប់​ទំនាក់​ទំនង ផ្លាស់ប្តូរគំនិត និងនាំយកឱកាសថ្មីៗ សម្រាប់អនាគតកសិ-ម្ហូបអាហារ របស់ប្រទេសកម្ពុជា។

លោកស្រី ឃន សុខចាន់ ម្ចាស់សិប្បកម្មខាងផ្នែកែច្នៃគ្រឿងផ្សំធម្មជាតិទៅជាផលិតផលសុខភាព ដែលបានចូលរួមតាំងបង្ហាញលក់ផលិតផល ក៏ដូចជាស្វែងរកដៃគូពាណិជ្ជកម្មបន្ថែម នៅក្នុងពិព័រណ៍កសិកម្មនេះ បានសម្តែងការអរគុណដល់រាជរដ្ឋាភិបាល ដែលតែងតែបំផុសគំនិតថ្មីៗហើយល្អៗដល់ប្រជាពលរដ្ឋ ក៏ដូចជាវិស័យឯកជន តាមរយៈការជួយជាគំនិត បច្ចេកទេស ហិរញ្ញវត្ថុ និងការស្វែងរកទីផ្សារជាដើម ដែលជួយលើកកម្ពស់ជីវភាពរបស់ប្រជាកសិករ ទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។ បន្ថែមពីនេះទៀត គឺបានបង្កើតឱកាសការងារយ៉ាងសម្បូរបែបជូនដល់ពលរដ្ឋក្នុងស្រុកដែរ។

សូមបញ្ជាក់ថា វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ មានស្ដង់ប្រមាណជាង៤០០ បានដាក់តាំងបង្ហាញផលិតផលកសិកម្ម គ្រឿងចក្រកសិកម្មទំនើបៗ បច្ចេកវិទ្យាដ្រូនកសិកម្ម បច្ចេកវិទ្យាកែច្នៃ ធាតុចូលកសិកម្ម និងសេវាកម្មផ្សេងៗជាច្រើនថែមទៀត៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia