ព័ត៌មាន
អគ្គនាយកដ្ឋានគយ បន្តបើកវេទិកាគយកម្ពុជា ក្រោមមូលបទ “រដ្ឋបាលគយក្នុងបរិបទបច្ចេកវិទ្យាឌីជីថល”
ភ្នំពេញ៖ គិតមកដល់ពេលនេះ ជាលើកទី៣ ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបន្តរៀបចំវេទិកាគយកម្ពុជា ដែលឆ្នាំនេះធ្វើឡើងក្នុងមូលបទ “រដ្ឋបាលគយក្នុងបរិបទបច្ចេកវិទ្យាឌីជីថល” មានគោលបំណងផ្សព្វផ្សាយអំពីវឌ្ឍនភាពនៃឌីជីថលូបនីយកម្មនីតិវិធីគយ និងការផ្តល់សេវាសាធារណៈ ដើម្បីបង្កើនកិច្ចសម្រួលពាណិជ្ជកម្ម អនុលោមភាព និងបរិយាកាសធុរកិច្ចនៅកម្ពុជា ក៏ដូចជាផ្ដល់ឱកាសជជែកពិភាក្សា និងផ្តល់មតិលើការអនុវត្តជាក់ស្តែង។
វេទិកានេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណ:កម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ព្រមទាំងមានវត្តមានចូលរួមពីសមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជា, សមាគមធុរកិច្ច, ធុរជននាំចេញ-នាំចូល, មន្ត្រីគយនិងរដ្ឋាករ និងអ្នកសារព័ត៌មានមួយចំនួន ផងដែរ។
ក្នុងមតិចំណាប់អារម្មណ៍ អ្នកឧកញ៉ា គិត ម៉េង បានគូសរំលេចពីកិច្ចសហការល្អរវាងសភាពាណិជ្ជកម្មកម្ពុជា និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅក្នុងយន្តការភាពជាដៃគូគយ-ផ្នែកឯកជន ដែលបានជួយលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងបរិយាកាសធ្វើធុរកិច្ចនៅកម្ពុជាកាន់តែប្រសើរពីមួយពេលទៅមួយពេល។ សម្រាប់វេទិកាគយកម្ពុជាលើកទី៣ នេះ អ្នកឧកញ៉ា បានកត់សម្គាល់ពីភាពចាំបាច់ និងសារៈប្រយោជន៍នៃបច្ចេកវិទ្យាឌីជីថល សម្រាប់ជំរុញកំណើន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច ដែលទាមទារឱ្យទាំងផ្នែកឯកជន និងសាធារណៈត្រូវចាប់យកបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងស្ថាប័នខ្លួន និង ជាពិសេសបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាសម្រេចបានក្នុងការកែទម្រង់និងទំនើបកម្មស្ថាប័ន។ ការធ្វើឌីជីថលូបនីយកម្មនេះបញ្ជាក់ពីការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែទម្រង់ឈានទៅធានាឱ្យបាននូវប្រសិទ្ធភាព តម្លាភាព និងការអនុវត្តតាមស្តង់ដាអន្តរជាតិ ក៏ដូចជាដើម្បីបង្កើនល្បឿននៃការបញ្ចេញទំនិញពីគយ ជំរុញកិច្ចសម្រួលពាណិជ្ជកម្ម និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងបរិបទសេដ្ឋកិច្ចឌីជីថល ផងដែរ។
ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះអង្គវេទិកា ឯកឧត្ដមបណ្ឌិត គុណ ញឹម បានបញ្ជាក់ពីសារៈសំខាន់នៃវេទិកាគយកម្ពុជា ដែលជាយន្តការបញ្ជ្រាបការយល់ដឹងបន្ថែមអំពីនីតិវិធីគយ និងបង្កើនកិច្ចសហការរវាងរដ្ឋបាលគយនិងផ្នែកឯកជន ដើម្បីរួមគ្នាលើកស្ទួយវប្បធម៌សារពើពន្ធ និងកិច្ចសម្រួលពាណិជ្ជកម្មនៅកម្ពុជា។ បន្ថែមលើនេះ ឯកឧត្តម បានសង្កត់ធ្ងន់ថា ទិសដៅក្លាយជារដ្ឋបាលគយឌីជីថល គឺជាការចាំបាច់ដែលអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបាននិងកំពុងជំរុញអនុវត្តឱ្យបានជោគជ័យ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពជឿទុកចិត្តពីគ្រប់ភាគីពាក់ព័ន្ធ។ ទិសដៅនេះមានសង្គតិភាពជាមួយ “យុទ្ធសាស្ត្របច្ចកោណ-ដំណាក់កាលទី១” របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់ ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលផ្តល់អាទិភាពដល់ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ជាពិសេស បច្ចេកវិទ្យាឌីជីថល ជាសសរស្តម្ភនៃការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូ ក៏បានសង្ខេបអំពីវឌ្ឍនភាពសំខាន់ៗរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានាពេលថ្មីៗនេះ លើការធ្វើបរិវត្តកម្មឌីជីថលនីតិវិធីគយនិងការផ្តល់សេវាសាធារណៈ និងការអនុវត្តវិធានការចំនួន ១៤ចំណុច ពាក់ព័ន្ធនឹងកិច្ចសម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ ដែល សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩។
វេទិកាគយកម្ពុជាលើកទី៣ បានប្រព្រឹត្តទៅដោយមានការធ្វើបទបង្ហាញរបស់មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ស្ដីពីបច្ចុប្បន្នភាព នីតិវិធីគយក្នុងបរិបទឌីជីថល និងមានកិច្ចពិភាក្សារវាងវាគ្មិនមកពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងផ្នែកឯកជន លើប្រធានបទអំពីដំណើរការនីតិវិធីនាំចូល-នាំចេញតាមថ្នាលប្រព័ន្ធអនឡាញរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ព្រមទាំងមានការលើកឡើងជាសំណួរនិងសំណូមពរពីសមាជិកអង្គវេទិកា លើការអនុវត្តជាក់ស្តែងពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ កិច្ចសម្រួលពាណិជ្ជកម្ម ការបំពេញបែបបទគយ ការពង្រឹងអនុលោមភាព និងប្រតិបត្តិការគយផ្សេងទៀតជាដើម៕





-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ដាក់បទបញ្ជាដល់នាយទាហានក្រោមឱវាទទាំងអស់សាមគ្គីគ្នាជាធ្លុងមួយ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា និងរក្សាសុខសន្ដិភាពជូនប្រជាជន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា និងថៃ បន្តកែសម្រួលយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់លើកទី២ក្រោមក្រសែភ្នែកអ្នកសង្កេតការណ៍អាស៊ាន
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន បានប្រាប់មិត្តបរទេសថា ថៃបិទច្រកព្រំដែនជាមួយកម្ពុជាមិនត្រឹមតែផ្ដាច់ការតភ្ជាប់រវាងកម្ពុជា-ថៃ ទេ តែជាការកាត់ផ្តាច់ការតភ្ជាប់អាស៊ាន និងអាស៊ីផងដែរ
-
ព័ត៌មាន1 day agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកទុក្ខដ៏ក្រៀមក្រំជូនក្រុមគ្រួសារនៃសព លោក ឌី ណៃ ដែលបានមរណភាពក្នុងព្រឹត្តិការណ៍បាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់
-
ព័ត៌មាន6 days agoអូស្ត្រាលីគាំទ្រវិស័យស្រូវអង្ករកម្ពុជា
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ហែរអង្គកឋិនទានមហាសាមគ្គីទៅវត្តទួលអង្គញ់ ទទួលបានបច្ច័យចំនួនជាង ១ម៉ឺនដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនដល់យុទ្ធជនដែលរងរបួស និងកំពុងសម្រាកព្យាបាលនៅតាមបណ្តាមន្ទីរពេទ្យនៅរាជធានីភ្នំពេញ
-
ព័ត៌មាន6 days agoឯកឧត្ដម ប៉េង ពោធិ៍សា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រៀមសហការរៀបចំពិធីជំនួបប្រាស្រ័យព្រំដែនមិត្តភាព លើកទី២ រវាងថ្នាក់រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា-វៀតណាម នៅខេត្តស្វាយរៀង