ព័ត៌មាន
អន្តរគណៈកម្មការនៃរដ្ឋសភា ប្រជុំពិភាក្សាលើសេចក្ដីព្រាងច្បាប់ចំនួន ៣ជាមួយតំណាងរាជរដ្ឋាភិបាល
អន្តរគណៈកម្មការរដ្ឋសភា ដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) និងឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម (គណៈកម្មការទី២) ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ តំណាងគណ:កម្មការជំនាញនានា នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុព្រមទាំងសហការី ដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់ចំនួន៣ នៅវិមានរដ្ឋសភា។
សេចក្តីព្រាងច្បាប់ដែលត្រូវបានលើកយកមកពិភាក្សារួមមាន៖១.កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ
២.កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋហ៊្វីលីពីន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ
៣.ពិធីសារទី២ដើម្បីធ្វើវិសោធនកម្មលើ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហបុរីស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានធ្វើការពន្យល់អំពីសេចក្តីព្រាងច្បាប់ម្តងមួយៗដល់គណ:កម្មការជំនាញរដ្ឋសភា។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានពន្យល់ថា កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នាគឺមានគោលដៅកាត់បន្ថយនូវផលប៉ះពាល់នានាដែលអាចកើតឡើងពាក់ព័ន្ធនឹងការយកពន្ធនេះ។ នៅក្នុងការចរចា កម្ពុជាប្រកាន់ខ្ជាប់នូវ ជំហររបស់ខ្លួន ស្របតាមក្របខ័ណ្ឌគោលនយោបាយដែលបានដាក់ចេញ ដើម្បីការពារឱ្យបានជាអតិបរមានូវ សិទ្ធិយកពន្ធរបស់ខ្លួន ដែលក្នុងនោះកម្ពុជាសម្រេចបាននូវ៖
១- លក្ខខណ្ឌទូលំទូលាយដែលផ្តល់ប្រយោជន៍ដល់កម្ពុជាក្នុងការកំណត់ពន្ធតាមរយៈគ្រឹះស្ថានអចិន្ត្រៃយ៍
២- ការយកពន្ធលើបុព្វលាភធានារ៉ាប់រងដែលលក់ដោយសហគ្រាសអនិវាសនជន
៣- ការយកពន្ធលើការដឹកជញ្ជូនអន្តរជាតិតាមផ្លូវទឹក
៤- ការយកពន្ធតាមរយៈសួយសារលើការជួលឧបករណ៍ឧស្សាហកម្ម ពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ
៥- ការយកពន្ធកាត់ទុកលើកម្រៃសេវាបច្ចេកទេស
៦- ការរក្សាបាននូវអត្រាពន្ធកាត់ទុកខ្ពស់ ចៀសវាងបាននូវផលប៉ះពាល់ខ្លាំងលើចំណូលពន្ធជាតិ
៧- ការយកពន្ធលើចំណូលផ្សេងៗរបស់អនិវាសនជន
៨- ការដាក់បញ្ចូលបទប្បញ្ញត្តិស្តីពីការផ្តល់ឥណទានពន្ធចំពោះពន្ធដែលទទួលបានការអនុគ្រោះ សម្រាប់គម្រោងវិនិយោគដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ក្នុងគោលបំណងផ្តល់ប្រយោជន៍ សម្រាប់ធានាភាពទាក់ទាញនៃការវិនិយោគផ្ទាល់មកពីបរទេសតាមរយៈការផ្តល់ការលើកទឹកចិត្ត ផ្នែកពន្ធដារ ដែលមានចែងក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ បទប្បញ្ញត្តិដែលកម្ពុជាទាមទារបានខាងលើនេះមានលក្ខណៈពិសេសដោយសារជាទូទៅបណ្តាប្រទេសដទៃមិនធ្លាប់ទាមទារបានឡើយ។ មួយវិញទៀតដើម្បីបំពេញកាតព្វកិច្ចក្រោមក្របខ័ណ្ឌ អាស៊ានដូចបានរៀបរាប់នេះ និងដើម្បីទាក់ទាញនិងសម្រួលការវិនិយោគនិងពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងទប់ស្កាត់និងបង្ក្រាបការគេចវេះពន្ធទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ព្រះរាជាណាចក្រកម្ពុជាបាន និងកំពុងចរចាកិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការ ការគេចវេះពន្ធនិងការចៀសវាងពន្ធជាមួយបណ្តារដ្ឋសមាជិកអាស៊ាន អាស៊ានបូកបី និងបណ្តាប្រទេសឬយុត្តាធិការមួយចំនួនទៀត ផងដែរ។
ឯកឧត្តម សួស យ៉ារ៉ា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងសហការី ដែលបានយកចិត្តទុកដាក់លើការកសាងសេចក្តីព្រាងច្បាប់ក៏ដូចជាកិច្ចព្រមព្រៀងមួយចំនួនពាក់ព័ន្ធនឹងពន្ធត្រួតស៊ីគ្នាដើម្បីតម្កល់ផលប្រយោជន៍ជាតិជាធំ។
សេចក្តីព្រាងច្បាប់ទាំងបី ត្រូវបានគណៈកម្មការជំនាញនៃរដ្ឋសភា សម្រេចឯកភាពជាមួយតំណាងរាជរដ្ឋាភិបាល ដោយគណៈកម្មការនឹងធ្វើសេចក្តីរាយការណ៍ជូនសម្តេចប្រធានរដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីគោរពស្នើសុំដាក់បញ្ចូលសេចក្តីព្រាងច្បាប់ទាំងនេះ ទៅក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភានាពេលខាងមុខនេះ៕








-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ