ព័ត៌មាន
សម្ដេចតេជោ អរគុណប្រទេសអូទ្រីសបានចូលរួមចំណែកក្នុងវិស័យដោះមីន, អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងកិច្ចសហប្រតិបត្តិការជាច្រើនទៀតជាមួយកម្ពុជា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អរគុណចំពោះអូទ្រីសដែលបានចូលរួមចំណែកនៅក្នុងវិស័យដោះមីន និងជួយជ្រោមជ្រែងដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា រួមទាំងកិច្ចសហប្រតិបត្តិការជាច្រើនទៀតដែលកម្ពុជា និងអូទ្រីសបានធ្វើជាមួយគ្នានាពេលកន្លងទៅ។
ឯកឧត្តម ជា ធីរិទ្ធអ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងនៅក្រោយជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអូទ្រីស ប្រចាំកម្ពុជានៃជួបសម្ដែងការគួរសម និងជម្រាបលានៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែនបានសម្ដែងនូវក្តីរីករាយ និងស្វាគមន៍ឯកឧត្តម និងគណៈប្រតិភូ និងបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ឯកឧត្តមជាឯកអគ្គរដ្ឋទូត ក្នុងពេលឯកឧត្តមបំពេញបេសកកម្មការងារ ថ្វីត្បិតតែពេលនេះ ឯកឧត្តមបានផុតអាណត្តិក៏ពិតមែន ប៉ុន្តែសម្ដេចតេជោបានបញ្ជាក់ថា បេសកកម្មរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតនៅកម្ពុជា បានចូលរួមចំណាយយ៉ាងសំខាន់នៅក្នុង ការអភិវឌ្ឍន៍ទំនាក់ទំនងរវាងកម្ពុជានិងអូទ្រីស។
ឯកឧត្តមឯកអគ្គរដ្ឋទូតអូទ្រីសបានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យឯកឧត្តម និងប្រតិភូបានចូលជួបសម្ដែងការគួរសមនៅពេលនេះ។ ឯកឧត្តមបានបញ្ជាក់អំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងអូទ្រីស ដែលមាននាពេលកន្លងមក ហើយបច្ចុប្បន្នកំពុងតែពង្រីកបន្ថែមទៀត ក្នុងនោះឯកឧត្តមក៏បានរំលេចអំពី ការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ដែលឯកឧត្តមបានឃើញប្រទេសកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងនោះមានអគារខ្ពស់ៗជាច្រើននាពេលបច្ចុប្បន្ននេះ។ ឯកឧត្តមក៏បានរំលេចនៅក្នុងក្របខ័ណ្ឌទំនាក់ទំនងទ្វេភាគី ដោយឯកឧត្តមបានបញ្ជាក់ថា កន្លងមកអូទ្រីសបានចូលរួមចំណែកនៅក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា នៅក្នុងវិស័យដោះមីន រួមមានការជួយជ្រោមជ្រែងដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហើយឯកឧត្តមរំពឹងថា ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងកើនឡើងនាពេលខាងមុខ ដោយនៅក្នុងខែក្រោយនេះ អ្នកវិនិយោគរបស់អូទ្រីសនឹងមកទស្សនកិច្ចនៅកម្ពុជាដើម្បីស្វែងរកឱកាសវិនិយោគ។
សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអរគុណចំពោះអូទ្រីសដែលបានចូលរួមចំណែក នៅក្នុងវិស័យដោះមីន ក្នុងការជួយជ្រោមជ្រែងដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា រួមទាំងកិច្ចសហប្រតិបត្តិការមួយចំនួនទៀត ដែលកម្ពុជានិងអូទ្រីសបានធ្វើជាមួយគ្នានាពេលកន្លងទៅ។ សម្ដេចក៏បានឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលធ្វើយ៉ាងណាជំរុញវិស័យពាណិជ្ជកម្ម រវាងកម្ពុជា និងអូទ្រីសមានការកើនឡើង។ សម្ដេចតេជោបញ្ជាក់ថា បច្ចុប្បន្ន ស្ថានភាពទំនាក់ទំនងនយោបាយការបរទេសរវាងប្រទេសទាំងពីរមានភាពរីកចម្រើនហើយ ដូច្នេះទាមទារបន្ថែមទៀតនូវការពង្រីកទំហំពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ ឱ្យមានការរីកចម្រើនទៅជាមួយគ្នា។ សម្ដេចតេជោក៏ចង់ឃើញនូវកិច្ចសហប្រតិបត្តិការនយោបាយបន្ថែមទៀតរវាងប្រទេសទាំងពីរ នៅក្នុងក្របខ័ណ្ឌនយោបាយ ជាពិសេសនៅទំនាក់ទំនងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីស្វែងរកនៅយន្តការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាជាបន្តបន្ទាប់ទៀត៕






-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន4 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន4 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
PR NEWS12 hours agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!