ព័ត៌មាន
ក្រសួងវប្បធម៌ ថ្កោលទោស និងអំពាវនាវរកយុត្តិធម៌ ករណីក្រុមទាហានឈុតខ្មៅថៃ ប្រើហិង្សា និងរំលោភបូកលើពលករខ្មែរ
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញ សេចក្តីថ្លែងការណ៍ ថ្កោលទោសយ៉ាងដាច់អហង្ការ និងអំពាវនាវស្ថាប័នជាតិ អន្តរជាតិស្វែងរកយុត្តិធម៌ ចំពោះទង្វើដ៏សាហាវឃោរឃៅ ព្រៃផ្សៃ អមនុស្សធម៌របស់ក្រុមទាហានឈុតខ្មៅថៃ មកលើក្រុមពលករទេសន្តរប្រវេសន៍ខ្មែរចំនួន ១៣នាក់ និងបានប្រព្រឹត្តអំពើថោកទាប ស្មោកគ្រោក រំលោភសេពសន្ថវៈ (រំលោភបូក) មកលើពលករខ្មែរ ជាស្ត្រី ១នាក់ ដោយទាហានឈុតខ្មៅថៃ ៧នាក់។
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមប្រកាស ថ្កោលទោសយ៉ាងដាច់អហង្ការបំផុតចំពោះទង្វើអមនុស្សធម៌ សាហាវឃោរឃៅ ព្រៃផ្សៃ ដែលគួរឱ្យស្អប់ខ្ពើម និងមិនអាច ទទួលយកបានរបស់ក្រុមទាហានឈុតខ្មៅថៃ ដោយបានប្រើប្រាស់អំពើហិង្សាយ៉ាងសាហាវយង់ឃ្នង និងវាយដំ ទាត់ធាក់ លើរូបរាងកាយ ជំរិតទារប្រាក់ គំរាមកំហែងយកទ្រព្យសម្បត្តិ ដែលបានប្រព្រឹត្តមកលើក្រុមពលករទេសន្តរប្រវេសន៍ខ្មែរ ចំនួន ១៣នាក់ ខណៈពេលធ្វើដំណើរត្រឡប់មកកាន់មាតុភូមិនិវត្តន៍វិញ ដោយនៅក្នុងនោះមានទាហានឈុតខ្មៅថៃ ៧នាក់ បានប្រព្រឹត្តអំពើថោកទាប ស្មោកគ្រោក រំលោភសេពសន្ថវៈ (រំលោភបូក) ទៅលើពលករខ្មែរ ជាស្ត្រី ១នាក់ ដែលមានវ័យត្រឹមតែ ១៨ឆ្នាំ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ។
នេះជាទង្វើដែលអមនុស្សធម៌ ឃោរឃៅ ព្រៃផ្សៃ គួរឱ្យស្អប់ខ្ពើម និងមិនអាចទទួលយកបាន ហើយជា បទឧក្រិដ្ឋ និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្ស សិទ្ធិស្ត្រី និងសិទ្ធិពលករទេសន្តរប្រវេសន៍ ដែលមានចែងក្នុងច្បាប់ជាតិ និងលិខិតុបករណ៍របស់អង្គការសហប្រជាជាតិ (UN) អនុសញ្ញា ស្ដីពី ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹង ស្ត្រីភេទ (CEDAW) អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN)។
ក្រសួងវប្បធម៌ សូមសម្ដែងនូវសេចក្ដីសោកស្តាយជាពន់ពេក ចំពោះហេតុការណ៍ដែលបានកើតឡើងទៅលើ ពលករខ្មែរទាំង ១៣នាក់ ជាពិសេស ករណីស្ត្រីរងគ្រោះ ដោយអំពើរំលោភសេពសន្ថវៈ (រំលោភបូក) ដែលប្រព្រឹត្តដោយ ពួកទាហានឈុតខ្មៅថៃទាំង ៧នាក់។ ជាមួយគ្នានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បន្តតាមដានយ៉ាងយកចិត្តទុកដាក់ខ្ពស់ ក្នុងការចាត់វិធានការ តាមនីតិវិធីច្បាប់ដើម្បីផ្ដល់យុត្តិធម៌ជូនជនរងគ្រោះ និងសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ភ្នាក់ងារសហប្រជាជាតិលើកកម្ពស់សមភាពយេនឌ័រ និងបង្កើន ភាពអង់អាចដល់ស្ត្រី (UN Women) និងអង្គការអន្តរជាតិពាក់ព័ន្ធក្នុងការតាមដាន និងជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចថៃធ្វើការ ស៊ើបអង្កេត និងចាត់វិធានការជាបន្ទាន់ ដើម្បីនាំយកឧក្រិដ្ឋជនមកផ្តន្ទាទោសតាមច្បាប់ និងផ្តល់យុត្តិធម៌ជូនជនរងគ្រោះ ដោយគ្មានការលើកលែង៕

-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន4 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច