Connect with us

ព័ត៌មាន

សម្ដេចពញាចក្រី ហេង សំរិន អញ្ជើញបើកការប្រកួតជើងឯកវឌ្ឍនៈលេជេនស៍ ឆ្នាំ២០២៥ ផ្លូវការ ដែលប្រមូលផ្ដុំដោយកីឡាករល្បីៗពិភពលោក

ការប្រកួត​កីឡាវាយកូនគោលជើងឯកវឌ្ឍនៈលេជេនស៍ (Vattanac Legends Championship) ឆ្នាំ២០២៥ បានប្រារព្ធពិធីបើកការប្រកួតផ្លូវការហើយ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា​នេះ ដោយទទួល​បាន​ការ​ផ្ដល់​កិត្តិយស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​អគ្គ​មហា​ពញា​ចក្រី ​ហេង សំរិន ប្រធានកិត្តិយស នៃឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជា​ណា​ចក្រ​កម្ពុជា​។

នៅលើទីលានស្ដង់ដារអន្ដរជាតិ Vattanac Golf Resort ​ដែល​ប្រជុំ​ដោយ​កីឡាករ​ល្បីៗលើ​ពិភព​លោក​នេះ ​ក៏មានវត្តមានឥស្សរជន និងថ្នាក់ដឹកនាំកំពូលៗ សម្តេចក្រឡាហោម ស ខេង សមាជិក​ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, ឯកឧត្តម អ៊ុច បូរិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភា, ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, អ្នកឧកញ៉ា សំ អាង សហស្ថាបនិក​ក្រុម​ហ៊ុន ​វឌ្ឍនៈ គ្រុប ព្រមទាំងឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងគណៈប្រតិភូកីឡាករ The Legends Tour ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនផងដែរ។

ឆ្លៀតឱកាសនោះដែរ អ្នកឧកញ៉ា ឈុន លាង សហស្ថាបនិកវឌ្ឍនៈគ្រុប បាន​សម្ដែង​ការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ ចំពោះការផ្ដល់កិត្តិយសអញ្ជើញចូលរួមរបស់ថ្នាក់ដឹកនាំ និងកីឡាករល្បីៗ​មក​ពី​ជុំវិញ​ពិភព​លោក សម្រាប់ការចូលរួមប្រកួតពានរង្វាន់ Vattanac Legends Championship​ របស់​ ​The Legends Tour ដែលរៀបចំជាលើកដំបូងនៅទីលានវាយកូនគោល វឌ្ឍនៈ ហ្គោល រីហ្សត​ នៃប្រទេសកម្ពុជា។

ទន្ទឹមជា​មួយការនាំយកព្រឹត្តិការណ៍ពិភពលោកមកកម្ពុជានេះដែរ អ្នកឧកញ៉ា បានសម្ដែង​ការ​ដឹង​គុណ ​ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ដែលជា​ឥស្សរជន​ដ៏​កំពូលរបស់ជាតិ បានយកជីវិតជាដើមទុន និងបានលះបង់​ពេល​វេលា​ស្ទើរ​ពេញ​មួយ​ជីវិត​ដើម្បី​បុព្វហេតុ “សន្តិភាព និងការអភិវឌ្ឍ” របស់កម្ពុជា ហើយត្រូវបា​ន​បន្ដ​ដឹកនាំ​ប្រកប​ដោយ​ភាព​ស្វាហាប់ ទន់ភ្លន់ ម៉ឺងម៉ាត់ និងប្រាកដនិយមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ដ្រីនៃកម្ពុជា។ តាមរយៈសន្តិភាព និងការអភិវឌ្ឍនេះហើយ ទើបព្រឹតិ្តការណ៍​ប្រកួត​កីឡា​វាយ​កូនគោលកម្រិតពិភពលោកដ៏ល្បីល្បាញរបស់ The Legends Tour អាចត្រូវ​បាន​រៀបចំ​ឡើង និងប្រព្រឹត្តទៅយ៉ាងរលូន។

អ្នកឧកញ៉ាសង្កត់ធ្ងន់ថា នេះជាការបោះជំហានជាប្រវត្តិសាស្រ្តថ្មីមួយទៀតរបស់កម្ពុជា លើឆាក​អន្តរជាតិ ដោយបង្ហាញទៅកាន់ពិភពលោកឱ្យឃើញកាន់តែច្បាស់នូវភាពរីកចំរើនជឿនលឿន និង​ការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជាក្រោមម្លប់នៃសន្តិភាពនាសម័យតេជោ-ធិបតី ដែល​កម្ពុជា​មាន​សមត្ថភាពនិងលទ្ធភាពគ្រប់គ្រាន់ក្នុងការទទួលរៀបចំកម្មវិធីប្រកួតកីឡាកម្រិតអន្តរជាតិ ហើយអាច​ធ្វើបដិសណ្ឋារកិច្ច​ស្វាគមន៍​ភ្ញៀវទេ​សចរ​មក​ពី​គ្រប់​ទិស​ទី​បាន​ប្រក​ប​ដោយ​ជំនាញ​វិជ្ជា​ជីវៈ​ និងភាពកក់ក្តៅបំផុត។

ទន្ទឹមជាមួយគ្នា អតីតកីឡាករដ៏ល្បីរបស់នូវែលសេឡង់ លោក Michael Campbell​ ដែល​ជា​កីឡាករ​ដំបូង​ឈ្នះពាន Major Championship 2005 មុនបន្ដឈ្នះពាន US Open Championship ​បន្ទាប់ពីផ្ដួលតារាវាយកូនគោលពិភពលោក Tiger Woods បានសម្ដែង​ក្ដី​រីក​រាយ និងភ្ញាក់ផ្អើល ចំពោះការរៀបចំ និងទទួលបដិសណ្ឋារកិច្ចរបស់កម្ពុជា ពិសេសលោក​ពិត​ជា​សប្បាយ​រីករាយ និងទន្ទឹងរង់ចាំដំណើរទស្សនកិច្ចទៅកាន់ប្រាសាទអង្គរវត្ត ដែលលោក​បាន​ស្គាល់​តាំង​ពីក្មេងផងដែរ។

អ្នកឧកញ៉ា ឈុន លាង បានបង្ហាញសុទិដ្ឋិនិយម ចំពោះកា​រ​ប្រមូលផ្ដុំ​ដោ​យ​កីឡាករ​ល្បីៗ​លំដាប់​ពិភព​លោក​នេះ នឹងទទួលបាននូវអារម្មណ៍ និងបទពិសោធន៍ថ្មីប្លែក ជាមួយនឹងបរិយាកាស​ប្រកួត​ដ៏​មនោរម្យបំផុត នៅលើទីលានស្តង់ដារអន្តរជាតិក្រាលដោយវាលស្មៅពណ៌បៃតងដ៏ស្រស់ស្អាត ដែល​រចនាឡើងដោយម្ចាស់ជើងឯក Major ៦សម័យកាល Sir Nick Faldo ​លាយ​ឡំ​ដោយ​ដើម​ឈើ​ធំៗ និង​រុក្ខជាតិប្លែកៗដ៏ស្រស់បំព្រង និងលំអរទៅដោ​យ​រូបច​ម្លាក់​បេតិកភណ្ឌ​វប្បធ​ម៌​ខ្មែរ​ជា​ច្រើន ​រួមទាំងប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ចម្លាក់ព្រហ្ម និងលានជល់ដំរី ជាដើម ដែល​សុទ្ធ​សឹង​ជា​សំណង់សិល្បៈហត្ថកម្មដ៏វិចិត្ររបស់កម្ពុជា ធ្វើឱ្យព្រឹតិ្តការណ៍​ប្រកួត​នេះ​កាន់​តែ​មាន​លក្ខណៈ​ពិសេសទាក់ទាញ និងបង្កប់នូវអត្ថន័យកាន់តែជ្រាលជ្រៅ ដែលអាចប្រសិទ្ធនាមបានថា ជា “ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលមិត្តភាពអន្តរជាតិ ដើម្បីលើកកម្ពស់​សន្តិភាព និង​ការ​អភិវឌ្ឍ​, លើកស្ទួយវិស័យទេសចរណ៍, បណ្តុះស្មារតីកីឡា, រឹតចំណងសាមគ្គីភាព និងជំរុញ​កិច្ច​សហ​ប្រតិបត្តិការជាសកល សំដៅលើកកម្ពស់សុខដុមភាព និងវិបុលភាពទាំងក្នុងតំបន់ និង​សកលលោក” ។

សម្រាប់ថ្ងៃដំបូង នៃពិធីបើកការប្រកួតពានរង្វាន់ Vattanac Legends Championship ​ឆ្នាំ២០២៥ ​នេះ ក៏មានការប្រកួត Pro-Am Tournament  រវាងឥស្សរជនជាន់ខ្ពស់ និង​ថ្នាក់​ដឹក​នាំ​កម្ពុជា​ជាច្រើន ប្រកួតជាមួយកីឡាករអាជីពអន្ដរជាតិផងដែរ។

គួរដងឹថា ក្រោយពិធីបើក និងការប្រកួតលក្ខណៈទទួលស្វាគមន៍បណ្ដាប្រតិភូ និងកីឡាករ​អន្ដរជាតិ ​ពីសំណាក់ថ្នាក់ដឹកនាំកម្ពុជា កីឡាករវាយកូនគោលអាជីពល្បីៗប្រមាណ ៦០នាក់ ដែល​សុទ្ធសឹងជាជើងឯកពានរង្វាន់អន្តរជាតិធំៗ រួមទាំងប្រធានក្រុម Ryder Cup ម្ចាស់​ជើង​ឯក ​Major និងឥស្សរជនអន្តរជាតិល្បីៗជាច្រើន នឹងធ្វើការប្រកួតដណ្ដើមពានរង្វាន់ Vattanac Legends Championship ឆ្នាំ២០២៥​ ចាប់ពីថ្ងៃ​ទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកាខាងមុខ ដើម្បី​ឈានទៅរកម្ចាស់ជ័យលាភី អមប្រាក់រង្វាន់សរុបចំនួន ៥៥ម៉ឺនដុល្លារ៕ អត្ថបទ៖ លី ឈុនឡា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia