ព័ត៌មាន
ក្រសួងអប់រំបើកវេទិកាស្រាវជ្រាវថ្នាក់ជាតិ និងពិព័រណ៍ស្ទែមឧត្តមសិក្សា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការស្រាវជ្រាវសម្រាប់ការអភិវឌ្ឍក្នុងយុគសម័យបញ្ញាសិប្បនិម្មិត»
នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វេទិកាស្រាវជ្រាវថ្នាក់ជាតិ និងពិព័រណ៍ស្ទែមឧត្តមសិក្សា ឆ្នាំ២០២៥» ក្រោមប្រធានបទ៖ ការស្រាវជ្រាវសម្រាប់ការអភិវឌ្ឍក្នុងយុគសម័យបញ្ញាសិប្បនិម្មិត ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា មន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង សាកលវិទ្យាធិការ នាយក នាយិកា សាស្រ្តាចារ្យ នៃគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន តំណាងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងសិស្សានុសិស្ស។
មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់នាយកដ្ឋានស្រាវជ្រាវ និងនវានុវត្តន៍ នៃអគ្គនាយកដ្ឋានឧត្តមសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានសហការជាមួយគ្រឹះស្ថានឧត្តមសិក្សារដ្ឋនិងឯកជន និងភាគីពាក់ព័ន្ធ រៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងពង្រឹងសមត្ថភាពនិងគុណភាពមូលធនមនុស្ស និងការបង្កើតនិងប្រព័ន្ធអេកូស៊ីស្រាវជ្រាវឱ្យរឹងមាំលើការអប់រំស្ទែម និងការស្រាវជ្រាវ តាមរយៈការលើកកម្ពស់វប្បធម៌សិក្សាផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា ធនធានស្រាវជ្រាវ និងការត្រៀមខ្លួនរបស់យុវជនលើការចាប់យកការរីកចម្រើនយ៉ាងឆាប់រហ័សផ្នែកបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិតនៅកម្រិតឧត្តមសិក្សាដើម្បីបម្រើផលប្រយោជន៍ជាតិ និងវិស័យអាទិភាពរបស់កម្ពុជា។
ការអប់រំឌីជីថល និងការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សាគឺជាអាទិភាពកំណែទម្រង់គន្លឹះមួយ ដែលក្រសួងកំពុងតែយកចិត្តទុកដាក់អនុវត្ត៖
– ការអប់រំឌីជីថល៖ ដោយសង្កត់ធ្ងន់លើការរួមបញ្ចូលបច្ចេកវិទ្យាទៅក្នុងការសិក្សា ដើម្បីបរិវត្តកម្មសេដ្ឋកិច្ចសង្គមឌីជីថល និងការត្រៀមខ្លួនទទួលយក និងទាញយកប្រយោជន៍ឱ្យបានកម្រិតអតិបរិមា ពីការរីកចម្រើនបច្ចេកវិទ្យានៅលើសកលលោក។
– ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថាន ឧត្តមសិក្សា៖ គ្រឹះស្ថានឧត្តមសិក្សាត្រូវផ្តោតលើការពង្រឹងអភិបាលកិច្ច ការលើកកម្ពស់គុណវុឌ្ឍិសាស្ត្រាចារ្យឱ្យមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតការស្រាវជ្រាវ និងជំរុញសហគ្រិនភាព និងនវានុវត្តន៍នៅតាមសាកលវិទ្យាល័យ។ ការលើកកម្ពស់គុណភាពសាស្ត្រាចារ្យបង្រៀន និងការបង្កើតភាពជាដៃគូជាមួយអាជីវកម្មសហគ្រាស ដើម្បីផ្តល់ឱកាសដល់និស្សិតសិក្សាមានសហគ្រិនភាព ការទទួលបានការងារ និងបទពិសោធជាក់ស្តែង។
ក្នុងយុគសម័យបច្ចេកវិទ្យាដ៏ជឿនលឿននេះ បញ្ញាសិប្បនិម្មិត (AI) បានក្លាយជាកម្លាំងចលករដ៏សំខាន់បំផុតមួយក្នុងការផ្លាស់ប្តូរពិភពលោក ដោយជះឥទ្ធិពលស្ទើរគ្រប់វិស័យ ជាពិសេសវិស័យអប់រំ តាមរយៈការសិក្សាផ្ទាល់ខ្លួន (Personalized Learning) និងការផ្តល់មតិកែលម្អភ្លាមៗ AI កំពុងជួយគ្រឹះស្ថានឧត្តមសិក្សាក្នុងការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល ប្រកបដោយសមត្ថភាពស្រាវជ្រាវខ្ពស់ ដើម្បីត្រៀមខ្លួនរួចជាស្រេចសម្រាប់ទីផ្សារការងារ និងការអភិវឌ្ឍជាតិប្រកបដោយនិរន្តរភាព។ ទន្ទឹមនឹងការលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យប្រើប្រាស់ AI ប្រកបដោយក្រមសីលធម៌ ដោយផ្តោតលើភាពចាំបាច់នៃការទទួលខុសត្រូវ និងការយល់ដឹងស៊ីជម្រៅអំពីឥទ្ធិពលនៃបច្ចេកវិទ្យាឌីជីថល ហើយគ្រឹះស្ថានឧត្តមសិក្សាត្រូវតែបណ្ដុះបណ្ដាលនិស្សិតឱ្យមានការគិតពិចារណាដោយភាពវាងវៃ ដើម្បីជៀសវាងការពឹងផ្អែកទាំងស្រុងលើ AI និងដើម្បីអាចវិនិច្ឆ័យភាពត្រឹមត្រូវ និងភាពជឿជាក់នៃព័ត៌មានដែលបង្កើតដោយ AI។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកធ្វើឱ្យកម្មវិធីនេះប្រព្រឹត្តទៅបានយ៉ាងរលូន និងសូមលើកទឹកចិត្តដល់គ្រឹះស្ថានឧត្តមសិក្សាទាំងសាធារណៈ និងឯកជន យកចិត្តទុកដាក់ក្នុងការបញ្ចូលជំនាញ AI ក្នុងកម្មវិធីសិក្សា វិធីសាស្រ្តបង្រៀន និងការវាយតម្លៃការសិក្សាបែបឌីជីថល ជំរុញការបណ្តុះបណ្តាលគ្រូលើជំនាញឌីជីថល និងការរៀបចំបណ្ណាល័យ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីបណ្តុះមូលធនមនុស្សដែលមានជំនាញឌីជីថល ជំនាញស្រាវជ្រាវ និងជំនាញឯកទេស ឆ្លើយតបនឹងតម្រូវការទីផ្សារការងារក្នុងយុគសម័យឌីជីថល៕









-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន4 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន4 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
PR NEWS15 hours agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!