ព័ត៌មាន
រដ្ឋមន្រ្តីសុខាភិបាល ផ្តល់អនុសាសន៍ ១០ចំណុច ពង្រឹងគុណភាព សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានផ្តល់អនុសាសន៍ ១០ចំណុច ដើម្បីពង្រឹងគុណភាពសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ ការថ្លែងនេះ ធ្វើឡើងក្នុងឱកាស ឯកឧត្តមសាស្រ្តាចារ្យ អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៥-២០២៦ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ចក្ខុវិស័យវែងឆ្ងាយ ស្មារតីបុរេសកម្ម និងភាពស្វាហាប់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការកសាងមូលធនមនុស្សជាអាទិភាពចម្បងបំផុត។ ឯកឧត្តមសាស្រ្តាចារ្យវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលបណ្តុះបណ្តាលដែលសម្រេចបាន និងភាពរីកចម្រើនឈានឡើងជាបន្តបន្ទាប់របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ ឯកឧត្តមសាស្រ្តាចារ្យ បានរំលេចពីការអនុវត្តការកែទម្រង់ និងការកែលម្អប្រព័ន្ធសុខាភិបាលជាបន្តបន្ទាប់ ដើម្បីធានាថា ពលរដ្ឋកម្ពុជាទាំងអស់ ទទួលបានសុខភាពល្អ និងជីវភាពប្រសើរ។ ឯកឧត្តមសាស្រ្តាចារ្យ បានអំពាវនាវដល់ ថ្នាក់ដឹកនាំមន្ទីរពេទ្យ និង ទីតាំងកម្មសិក្សាផ្សេងៗទៀតទាំងអស់ សូមបន្តគាំទ្រសហការយ៉ាងជិតស្និទ្ធជាមួយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។
ក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួន ដល់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដើម្បីយកទៅអនុវត្ត៖
១. បន្តពង្រឹងគុណភាពនៃការបណ្តុះបណ្តាល ដោយធ្វើបច្ចុប្បន្នភាពជាប្រចាំលើកម្មវិធីសិក្សានៅគ្រប់កម្រិត។
២. បន្តរៀបចំកម្មវិធីបណ្តុះបណ្តាលថ្មីៗ ដើម្បីឆ្លើយតបឱ្យបានទាន់ពេល និងសមស្រប តាមតម្រូវការថែទាំ និងព្យាបាលប្រជាពលរដ្ឋនៅប្រទេសកម្ពុជាយើង។
៣. ខិតខំពង្រីកការផ្សព្វផ្សាយ និងការលើកស្ទួយកិត្យានុភាពវិជ្ជាជីវៈសុខាភិបាល ក្នុងចំណោមអនាគតនិស្សិត និងសាធារណជន សំដៅបង្កើនចិត្តចង់ចូលរៀន និងស្រឡាញ់វិជ្ជាជីវៈសុខាភិបាល ចូលរួមបម្រើសុខុមាលភាពប្រជាពលរដ្ឋយើង ឱ្យបានកាន់តែប្រសើរឡើង។
៤. យកចិត្តទុកដាក់ពង្រឹងសមត្ថភាពគរុកោសល្យសម្រាប់សាស្រ្តាចារ្យ ដើម្បីសម្រេចបាននូវការបណ្តុះបណ្តាលបែបសមត្ថភាពស្នូលជាគោល សម្រាប់កម្មវិធីសិក្សាគ្រប់កម្រិត។
៥. យកចិត្តទុកដាក់បន្ថែមទៀតលើការលើកកម្ពស់ក្រមសីលធម៌វីជ្ជាជីវៈ និងការអនុវត្តច្បាប់ក្នុងវិស័យសុខាភិបាល ដោយរិះរកវិធីសាស្រ្តក្នុងការបង្រៀន និងវាយតម្លៃឱ្យកាន់តែប្រសើរឡើង។
៦. បន្តពង្រឹងការងារអភិបាលកិច្ច និងការងារគ្រប់គ្រង តាមរយៈការបណ្តុះបណ្តាលបន្តជាប្រចាំ អំពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដល់មន្រ្តី បុគ្គលិក និងជំរុញការធ្វើទំនើបកម្មការងារអភិបាលកិច្ច និងគ្រប់គ្រងដោយប្រើប្រាស់នូវកាលានុវត្តភាព របស់បច្ចេកវិទ្យាឱ្យបានច្រើនបំផុតដែលអាចធ្វើទៅបាន។
៧. បន្តពង្រីកហេដ្ឋារចនាសម្ព័ន្ធឱ្យបានសមស្រប បម្រើដល់ការរៀន និងបង្រៀន ផ្តោតលើសមត្ថភាព។
៨. បន្តជំរុញការងារសិក្សាស្រាវជ្រាវដោយសហការជាមួយដៃគូជាតិ និងអន្តរជាតិបន្ថែមទៀត ដើម្បីស្វែងរកនូវរបកគំហើញថ្មីៗ សម្រាប់ជាធាតុចូលសំខាន់ ក្នុងការរៀបចំគោលនយោបាយ និងយុទ្ធសាស្រ្តសុខាភិបាលនាពេលអនាគត។
៩. បន្តពង្រឹងនូវទំនាក់ទំនងភាពជាដៃគូ រវាងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងទីតាំងកម្មសិក្សាគ្រប់កម្រិត។
១០. បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាសាកលវិទ្យាល័យ អង្គការ ស្ថាប័នជាតិនិងអន្តរជាតិ សំដៅជំរុញការកៀរគរធនធាន ទាំងបច្ចេកទេស និងថវិកា សម្រាប់ការអភិវឌ្ឍសាកលវិទ្យាល័យ ឱ្យកាន់តែឈានឡើងក្នុងកម្រិតអន្តរជាតិ។
គួរបញ្ជាក់ថា សាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាលបានដំណើរការកម្មវិធីបណ្តុះបណ្តាល ចំនួន ៥១ កម្មវិធី ដោយមាន និស្សិតសរុបចំនួន ៨,៦០១ នាក់ ក្នុងនោះជានិស្សិតស្រីចំនួន ៥,២៩៣ នាក់។ ក្នុងចំណោមនិស្សិតទាំងនោះ មាននិសិ្សត ចំនួន ៦១១ នាក់ (ស្រីចំនួន ៤២០ នាក់) បានទទួលអាហារូបករណ៏បង់ថ្លៃជំនួសដោយរាជរដ្ឋាភិបាលកម្ពុជា និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស ចំនួន ៧៨ នាក់ (ស្រីចំនួន ៣៤ នាក់) បានទទួលអាហារូបករណ៍ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ០២ នាក់ ( ជាបុរស) បានទទួលអាហារូបករណ៍ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន៕









-
ព័ត៌មាន1 week agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
PR NEWS5 days agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
កីឡា1 week agoសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជារៀបចំសន្និបាត ពង្រឹងប្រសិទ្ធភាពការងារ និងការអភិវឌ្ឍជំនាញកីឡាឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋមន្រី្តសុខាភិបាល អញ្ជើញបើកកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តលើកទី១២ នៃមន្ទីរពេទ្យកាល់ម៉ែត
-
ព័ត៌មាន6 days agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន7 days agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក