ព័ត៌មាន
អភិបាលខេត្តព្រះវិហារ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាថ្មី ១ខ្នង ៤បន្ទប់ និងសមិទ្ធផលនានា ជាអំណោយរបស់សប្បុរសជនជនជាតិឥណ្ឌូនេស៊ី និងម៉ាឡេស៊ី
នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មីស្រឡាង ១ខ្នង មាន ៤បន្ទប់ និងសមិទ្ធផលនានា នៅសាលាបឋមសិក្សាតេជោភ្នំដងរែក ស្ថិតនៅភូមិស្ទឹងខៀវ ឃុំស្រអែម ស្រុកជាំក្សាន្ត ដែលជាអំណោយរបស់សប្បុរសជន ជនជាតិឥណ្ឌូនេស៊ី និងម៉ាឡេស៊ី តាមរយៈលោក សុខ វុទ្ធី និងលោកស្រី តាំង សុខមុំ ដោយដំណើរការសាងសង់ចាប់ផ្តើមពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ និងរួចរាល់ជាស្ថាពរនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥។
លោក សុខ វុទ្ធី បានថ្លែងថា ដើមឡើយ លោកបានមកដល់សាលាបឋមសិក្សាតេជោភ្នំដងរែក ដែលជាតំបន់ដាច់ស្រយោល ហើយឃើញស្ថានភាពសាលាមានសភាពចាស់ទ្រុឌទ្រោម និងជាពិសេសគឺ ការខ្វះខាតទីកន្លែងសិក្សាសមរម្យ និងមានសុវត្ថិភាពដល់សិស្សតូចៗ ដែលស្ថានភាពនេះបានជំរុញឱ្យលោក សម្រេចចិត្តគៀងគរសប្បុរសជន និងថវិកាផ្ទាល់ខ្លួន ដើម្បីសាងសង់សាលាថ្មីនេះឡើងភ្លាមៗ ដើម្បីឱ្យក្មួយៗសិស្សានុសិស្សបានសិក្សារៀនសូត្រប្រកបដោយផាសុកភាព សុវត្ថិភាព ដោយមិនបារម្ភពីបញ្ហាត្រូវទទឹកភ្លៀង ឬកម្ដៅថ្ងៃទៀតឡើយ។
ជាមួយនេះ លោកក៏បានផ្ដាំផ្ញើឱ្យសិស្សានុសិស្សទាំងអស់ខិតខំរៀនសូត្រឱ្យបានពូកែ ដើម្បីយកចំណេះជំនាញមកអភិវឌ្ឍប្រទេសជាតិ របស់យើងទៅថ្ងៃអនាគត។
ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានសម្តែងនូវការអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សទាំងអស់ ដែលទទួលបានសមិទ្ធផលថ្មីនេះ ជាមួយនឹងការថ្លែងអំណរគុណ និងកោតសរសើរយ៉ាងស្មោះចំពោះទឹកចិត្តសប្បុរសធម៌របស់លោក សុខ វុទ្ធី និងសប្បុរសជននានា ដែលបានលះបង់ធនធានផ្ទាល់ខ្លួនជួយសាងសង់អគារសាលាបឋមសិក្សានេះ ក៏ដូចជាការងារមនុស្សធម៌ជាច្រើនទៀតនៅតាមតំបន់ផ្សេងៗ។ ឯកឧត្តមបានបញ្ជាក់ថា កាយវិការដ៏ប្រពៃនេះ គឺជាការបង្ហាញនូវទឹកចិត្តសប្បុរសធម៌ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះអនាគតកុមារជំនាន់ក្រោយ ដែលនឹងក្លាយជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងកោតសរសើរចំពោះអាជ្ញាធរស្រុកជាំក្សាន្ត ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការគៀងគរ និងទាក់ទាញសប្បុរសជន ឱ្យចូលរួមចំណែកជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធអប់រំដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមបានបន្តថា កិច្ចខិតខំប្រឹងប្រែងនេះបានបង្ហាញពីឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់របស់អាជ្ញាធរមូលដ្ឋានក្នុងការលើកកម្ពស់វិស័យអប់រំ ដើម្បីផ្តល់លទ្ធភាពឱ្យសិស្សានុសិស្សបានសិក្សារៀនសូត្រក្នុងបរិយាកាសសមរម្យ និងប្រកបដោយគុណភាព។
បន្ថែមពីនេះ ឯកឧត្តមអភិបាលខេត្ត បានជម្រុញ និងលើកទឹកចិត្តដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការស្វែងរក និងគៀងគរអ្នកវិនិយោគ ក៏ដូចជាសប្បុរសជននានា ទាំងក្នុងនិងក្រៅប្រទេស ឱ្យមកបន្តចូលរួមវិនិយោគ និងជួយឧបត្ថម្ភគាំទ្រលើគ្រប់វិស័យ ជាពិសេសវិស័យអប់រំនេះ ដើម្បីរួមចំណែកអភិវឌ្ឍន៍ខេត្តព្រះវិហារឱ្យកាន់តែរីកចម្រើន។
ក្នុងឱកាសនោះផងដែរ សប្បុរសជនក៏បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនចាស់ជរា ព្រមទាំងឧបត្ថម្ភកង់ និងសម្ភារៈសិក្សាដល់សិស្សានុសិស្ស នៅក្នុងសាលាបឋមសិក្សានេះផងដែរ ដើម្បីជាការលើកទឹកចិត្ត និងសម្រួលដល់ការរស់នៅ និងការសិក្សារបស់ពួកគាត់៕















-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន7 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ