Connect with us

ព័ត៌មាន

កម្ពុជា ដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនទីបង្ហាញផ្លូវថ្នាក់ជាតិ ស្តីពី ការប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា ដើម្បី​ជា​ជំនួយដល់ការសង្គ្រោះអាយុជីវិត តាមរយៈប្រព័ន្ធប្រកាសឲ្យដឹងមុន

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា រួមគ្នា​ជាមួយ​កម្ម​វិធី​ស្បៀង​អាហារ​ពិភព​លោក​នៃ​អង្គ​ការសហប្រជាជាតិ និងដៃគូផ្សេងទៀតរបស់អង្គការសហប្រជាជាតិ បានដាក់ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ផែនទីបង្ហាញផ្លូវថា្នក់ជាតិ ស្តីពីការប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា (ឆ្នាំ២០២៥ ដល់ ២០២៨) ដែល​ជា​ផែន​ការយុទ្ធសាស្ត្រ ធានាបាននូវ​ប្រព័ន្ធ​ប្រកាស​ឱ្យ​ដឹង​មុន​ពហុមុខ​សញ្ញា​គ្រោះ​ថ្នាក់​ប្រកប​ដោយ​បរិយា​បន្ន ទៅកាន់សហគមន៍ទាំងអស់អំពីគ្រោះមហន្តរាយដែលនឹងកើតមាន ផ្សេងៗ។

ពិធីប្រកាសនេះ ធ្វើឡើងក្រោមអធិបតី​ភាពឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ចូ សូយ័រ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា, ថ្នាក់ដឹកនាំ គ.ជ.គ.ម​, ឯកឧត្តម-លោកជំទាវ តំណាងក្រសួងស្ថាប័ន, ថ្នាក់ដឹកនាំ តំណាងរដ្ឋបាលរាជធានី-ខេត្ត, តំណាងអង្គការដៃគូរ និង​មន្រ្តី គ.ជ.គ.ម ដែលពិធីប្រព្រឹត្តទៅនៅសណ្ឋាគារ Raffles Le Royal រាជធានីភ្នំពេញ។

ផែនទីបង្ហាញផ្លូវនេះ​ ត្រូវបានរៀបចំឡើងដោយមានកិច្ចសហការរវាងក្រសួងស្ថាប័នពាក់ព័ន្ធ ទីភ្នាក់​ងារ​អង្គកា​រ​សហប្រជាជាតិ រួមទាំងដៃគូសង្គមស៊ីវិល ដោយអនុលោម ទៅតាម បទដ្ឋានប្រព័ន្ធ​ប្រកាស​ឱ្យ​ដឹង​មុន​សម្រាប់​ទាំង​អស់​គ្នាជាសកល និងច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយរបស់កម្ពុជាផងដែរ។ ផែន​ទី​បង្ហាញ​ផ្លូវ​ថ្នាក់​ជាតិ​នេះបានផ្តោតទៅលើ សសរស្តម្ភចំនួនបួន៖ ១) ចំណេះដឹងអំពីហានិភ័យ ២) ការសង្កេត និង​ការ​ព្យាករ ៣) ការផ្សព្វផ្សាយ និងការ ទំនាក់ទំនងអំពីសេចក្តីប្រកាសអាសន្ន និង៤) ការតៀមបម្រុង និងការឆ្លើយតប។

ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ បានមានប្រសាសន៍សង្កត់ធ្ងន់ថា «ផែនទីបង្ហាញផ្លូវថ្នាក់ជាតិ បានផ្តល់ឱ្យកម្ពុជា​នូវ​មាគ៌ា​យ៉ាង​ច្បាស់​លាស់​ក្នុងការពង្រឹងការសម្របសម្រួល ។ ជាមួយភាពជាអ្នកដឹកនាំ ភាពជា ដៃគូ និងធនធាន យើង​អាច​ធានា​បានថាការប្រកាសឱ្យដឹងមុននឹងត្រួវបានប្រែក្លាយទៅជាសកម្មភាពជាក់ស្តែង ហើយ​ភាព​ងាយ​រង​គ្រោះ​នឹង​ត្រូវប្រែក្លាយទៅជាភាពធន់» ។

កាលពីខែសីហា ឆ្នាំ២០២៥នេះ ផែនទីបង្ហាញផ្លូវថ្នាក់ជាតិខាងលើត្រូវបានអនុម័តដោយ សម្តេច​មហា​បវរធិបតី​នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ផែនទីនេះបានក្លាយជាទិស​ដៅ​ក្នុង​ការ​កសាងភា​ព​ធន់​ទៅ​នឹង​​ហានិភ័យអាកាសធាតុ និងគ្រោះមហន្តរាយ ដោយមានការពង្រឹងការសម្របសម្រួល ការ​វិនិយោគ​លើ​ការអង្កេត និងទំនាក់ទំនង និងការត្រៀមបម្រុង ជារួមសម្រាប់ប្រជាពលរដ្ឋ។

លោក ចូ សូយ័រ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា «ការ​អនុវត្ត​ដ៏ជោគជ័យនៃផែនទីបង្ហាញផ្លូវថ្នាក់ជាតិ ស្តីពីការប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា គឺ​អាស្រ័យ​លើ​យន្ត​ការ​ដ៏រឹងមាំមួយដែលដឹកនាំដោយរាជរដ្ឋាភិបាល ក្នុងការកៀរគរក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូ​ទាំង​អស់​ក្នុង​ការ​ផ្កល់ព័ត៌មាន ប្រកាសឱ្យដឹងមុនប្រកបដោយប្រសិទ្ធភាពបានទាន់ពេលវេលា និងគួរឱ្យទុកចិត្ត ដើម្បី​អាចសង្គ្រោះជីវិត និងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ។»

ដោយប្រជាពលរដ្ឋកម្ពុជាប្រមាណ ៨០% រស់​នៅ​តាម​តំបន់​ជន​បទ​ងាយ​រង​គ្រោះនឹ​ង​ការ​ប្រែប្រួល​អាកាស​ធាតុ ដែលធ្វើអោយ​ជីវភាព​រស់​នៅ​របស់​ពួក​គាត់​ងាយ​រង​ការ​គម្រាម​កំហែង​ពីគ្រោះ​ទឹក​ជំនន់ គ្រោះរាំងស្ងួត និងខ្យល់ កន្រ្តាក់ កម្មវិធីស្បៀង​អាហារ​ពិភពលោក​នឹង​ផ្តល់​កិច្ច​សហការ​ជាមួ​យ​គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រងគ្រោះមហន្តរាយ ក្នុងការបង្កើតវេទិកាសម្របសម្រួលពហុភាគី ដោយនឹង​មាន​ការ​ចូល​រួម​ពីក្រសួងស្ថាប័ន និងដៃគូនានា រួមមានយូអិនឌីភី(UNDP) អង្គការស្បៀង និងកសិកម្ម​នៃ​សហ​ប្រជាជាតិ​(FAO)​ មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) និង ធនាគារពិភពលោកប្រចាំកម្ពុជា (World Bank)។

ទោះបីជាមានការវិភាជថវិកានាពេលថ្មីៗនេះពី មូលនិធិអាកាសធាតុបៃតង (GCF) ចំនួន ១០៣,២ លាន​ដុល្លារ​អាមេរិក សម្រាប់ប្រព័ន្ធប្រកាសឱ្យដឹងមុនក្នុងតំបន់ក៏ដោយ ក៏កម្ពុជានៅតែ​ប្រឈម​នឹង​កង្វះ​ខាត​ថវិកា​ចំនួន​ប្រមាណ ២២,៧ លានដុល្លារអាមេរិក ដែលស្មើនឹងប្រមាណ ៤១% នៃតម្រូវការថវិកា​សរុប​ដែល​ត្រូវ​បាន​ប៉ាន់​ស្មាន សម្រាប់ការអនុវត្តផែនទីបង្ហាញផ្លូវថ្នាក់ជាតិនេះ។

លោកស្រី ផាក យ៉ុងណាន តំណាងប្រចាំប្រទេសនៃកម្មវិធីស្បៀងអាហារពិភពលោកនៅកម្ពុជា បាន​មាន​ប្រសាស​ន៍​ថា​ «សកម្មភាពពិត​ប្រាកដ​សម្រាប់​ការងារ​ប្រកាស​អោយ​ដឹង​មុន​ត្រូវ​តែចា​ប់​ផ្តើម​នៅ​ពេល​ឥឡូ​វ​នេះ​។ យើងត្រូវបោះជំហានឱ្យបានលឿនពីផែនទីបង្ហាញផ្លូវ ទៅជាសកម្មភាពជាក់ស្តែង រួមមាន​ទាំង​ការ​កៀរ​គរ​ធន​ធាន​ ដើម្បីផ្សារភ្ជាប់ការប្រកាសឱ្យដឹងមុនទៅនឹងការឆ្លើយតបនៅតាមមូលដ្ឋាន និងធានា​ឱ្យ​បាន​ថា​គ្រប់​សហគមន៍​ទាំង​អស់បានត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយតបនៅពេលដែលមានបញ្ហាបន្ទាន់។»

អាទិភាពបន្ទាន់រួមមាន ការរៀបចំនីតិវិធីប្រតិបត្តិ ដាក់ឱ្យដំណើរការវេទិកាសម្របសម្រួល បង្កើត​ផែន​ការ​វិភាជ​ធន​ធាន និងចុងក្រោយនោះគឺបង្កើនការទំនាក់ទំនងដល់កម្រិតមូលដ្ឋាន ដើម្បីអាចទៅដល់ស្រ្តី ជន​ជាតិ​ដើម​ភាគតិច និងជនមានពិការភាព។ ផែនទីបង្ហាញផ្លូវថ្នាក់ជាតិនេះនឹងត្រូវធ្វើបច្ចុប្បន្នភាព​ជា​ប្រចាំ​តាមរយៈ​ការត្រួតពិនិត្យ និង​ការវាយតម្លៃ។

កម្មវិធីស្បៀងអាហារពិភពលោកនៃ​អង្គការសហប្រជាជាតិ គឺជាអង្គការមនុស្សធម៌ដ៏ធំជាងគេ​បំផុតនៅលើ​ពិភព​លោក​ ដែលជួយ​សង្គ្រោះ​ជីវិតមនុស្ស​ក្នុងគ្រាអាសន្ន និងប្រើ​ជំនួយ​ស្បៀងអាហារ ជាវិធី​​កសាង​មាគ៌ា​ឆ្ពោះ​ទៅ​កាន់សន្តិភាព ស្ថិរភាព និងវិបុលភាព សម្រាប់ប្រជាជន​ដែលបាន​​ឆ្លង​កាត់​​ជម្លោះ គ្រោះមហន្តរាយ និង​ផលប៉ះពាល់នៃ​ការប្រែប្រួលអាកាសធាតុ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia