ព័ត៌មាន
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ មានកត្តាសំខាន់ៗចំនួន៥ ដែលជាផ្លូវឆ្ពោះទៅរកភាពជោគជ័យក្នុងវិស័យអប់រំ
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងលើកឡើងថា មានកត្តាសំខាន់ៗចំនួន៥ ដែលជាផ្លូវឆ្ពោះទៅរកភាពជោគជ័យក្នុងវិស័យអប់រំ ក្នុងនោះរួមមាន៖ កត្តារាជរដ្ឋាភិបាល, កត្តាសាលារៀន រួមទាំងនាយកសាលា, កត្តាសិស្ស, កត្តាគ្រូបង្រៀន និងកត្តាឪពុកម្តាយ អ្នកអាណាព្យាបាល។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រង្វាន់លើកទឹកចិត្តជូនសិស្សានុសិស្សឆ្នើមនិទ្ទេស A លំដាប់ពិន្ទុខ្ពស់ជាងគេនៅរាជធានីភ្នំពេញ និងសិស្សានុសិស្សដែលជាកូនៗ អតិថិជនគណនីក្មេងឆ្លាតរបស់គ្រឹះស្ថានអម្រឹត នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ម្សិលមិញ។ ពិធីនេះក៏មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា អគ្គនាយក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ភាគីពាក់ព័ន្ធជាតិនិងអន្តរជាតិ គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ តំណាងសាលារៀនរដ្ឋ និងឯកជនមួយចំនួននៅរាជធានីភ្នំពេញ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សជ័យលាភី។

ក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានអបអរសាទរដល់ក្មួយៗទាំងអស់ដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបាន និទ្ទេស A ដោយការជោគជ័យនេះ គឺជាផ្លែផ្កានៃការតាំងចិត្តខ្ពស់របស់ក្មួយៗផ្ទាល់ ព្រមទាំងការយកចិត្តទុកដាក់បណ្ដុះបណ្ដាលយ៉ាងស្ទាត់ជំនាញរបស់លោកគ្រូអ្នកគ្រូ និងការគាំទ្រយ៉ាងពេញទំហឹងពី មាតាបិតា និងអ្នកអាណាព្យាបាលផងដែរ។ ក្នុងបរិបទនៃការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេស បញ្ញាសិប្បនិម្មិត និងបរិវត្តកម្មបច្ចេកវិទ្យាឌីជីថល បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍលើគ្រប់វិស័យ។ ចំណេះដឹងបញ្ញាសិប្បនិម្មិត នឹងក្លាយជាតម្លៃបន្ថែមសម្រាប់ជួយសមត្ថភាពគិត វិភាគ និងដោះស្រាយបញ្ហាជាក់លាក់ ដោយសារបច្ចេកវិទ្យានេះបានវិវត្តចេញពីការយកលំនាំតាមសមត្ថភាពខួរក្បាលរបស់មនុស្ស។ បច្ចុប្បន្ន បញ្ញាសិប្បនិម្មិតត្រូវបានប្រើប្រាស់ ក្នុងវិស័យជាច្រើនដូចជា វិស័យអប់រំ ជាដើម។ ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡាបាននិងកំពុងធ្វើការងារយ៉ាងសកម្ម ដើម្បីជំរុញឱ្យគ្រូបង្រៀន និងសិស្សានុសិស្សមានចំណេះដឹង និងសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ប្រកបដោយការទទួលខុសត្រូវខ្ពស់។
ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីកត្តាសំខាន់ៗចំនួន៥ ដែលជាផ្លូវឆ្ពោះទៅរកភាពជោគជ័យក្នុងវិស័យអប់រំ ដោយក្នុងនោះរួមមាន៖
– កត្តារាជរដ្ឋាភិបាល៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានចាត់ទុកការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ជាអាទិភាពសំខាន់មួយ ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដោយប្រទេសជាតិខ្លាំងដោយសារធនធានមនុស្សមានគុណភាព។
– កត្តាសាលារៀន រួមទាំងនាយកសាលា៖ ត្រូវតែមានអគារហេដ្ឋារចនាសម្ព័ន្ធសមស្រប រៀបចំបរិស្ថានសាលារៀនស្អាត ដើម្បីទាក់ទាញសិស្សឱ្យចង់ទៅរៀន និងជាពិសេសការដឹកនាំគ្រប់គ្រងបានល្អពីសំណាក់នាយក នាយិកាសាលារៀន ដែលជំរុញបាននូវអភិបាលកិច្ចសាលារៀនប្រកបដោយប្រសិទ្ធភាពខ្ពស់ នាំឱ្យមានការគាំទ្រពីសហគមន៍។
– កត្តាសិស្ស៖ សិស្សត្រូវមានសុខភាពរឹងមាំល្អ ខួរក្បាលឆ្លាតវៃទើបរៀនបានពូកែ ដែលទាមទារការយកចិត្តទុកដាក់អំពីការលូតលាស់របស់កូនពីសំណាក់ក្រុមគ្រួសារ ឪពុកម្តាយ និងអ្នកអាណាព្យាបាល តាំងពីវ័យកុមារ ក៏ដូចជាការបញ្ជូនកូនឱ្យចូលរៀនថ្នាក់មត្តេយ្យ ត្រៀមសម្រាប់កម្រិតសិក្សាបន្តបន្ទាប់ទៀតជាដើម។
– កត្តាគ្រូបង្រៀន៖ គ្រូបង្រៀន ត្រូវមានសមត្ថភាពវិជ្ជាជីវៈខ្ពស់ មានសីលធម៌ល្អ ត្រូវបន្តអភិវឌ្ឍខ្លួនឯងជាប្រចាំ ពង្រឹងវិធីសាស្ត្របង្រៀនឱ្យកាន់តែសម្បូរបែប ស្របតាមបរិបទថ្មីៗនៃបច្ចេកវិទ្យា និងការផ្លាស់ប្តូរនៃកម្មវិធីសិក្សា។ ក្រសួងបាននិងកំពុងព្យាយាមបណ្ដុះបណ្តាលគ្រូបង្រៀនឱ្យមានគុណភាព ដោយផ្តោតលើស្តង់ដាវិជ្ជាជីវៈគ្រូ បន្តពង្រឹងគុណវុឌ្ឍិគ្រូបង្រៀន ដោយពង្រឹងការប្រឡងជ្រើសរើសគ្រូ និងបន្តលើកកម្ពស់តួនាទី កិត្តិយស និងជីវភាពគ្រូបង្រៀន ឱ្យកាន់តែមានតម្លៃក្នុងសង្គម។
– កត្តាឪពុកម្តាយ អ្នកអាណាព្យាបាល៖ ត្រូវចូលរួមជំរុញកូនឱ្យទៅរៀន និងប្រឹងប្រែងសិក្សា។ ទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់សិស្សផ្ទាល់ ក៏ត្រូវមានការគាំទ្រទាំងផ្នែកស្មារតី និងធនធានពីសំណាក់ក្រុមគ្រួសារ ឪពុកម្តាយ អ្នកអាណាព្យាបាល និងសហគមន៍ផងដែរ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ដែលតែងតែមានឆន្ទៈចូលរួមសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការគាំទ្រ និងលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សឆ្នើមរបស់យើងតាមរយៈគណនីក្មេងឆ្លាត និងការរៀបចំពិធីដ៏មានអត្ថន័យនេះ ព្រមទាំងថ្លែងអំណរគុណដល់មាតាបិតា អ្នកអាណាព្យាបាល ដែលជឿជាក់ និងវិនិយោគលើការអប់រំសម្រាប់កូនៗ និងណែនាំឱ្យសិស្សានុសិស្សជ្រើសរើសមុខជំនាញឱ្យបានត្រឹមត្រូវ នៅពេលឈានដល់កម្រិតឧត្តមសិក្សា ដោយការជ្រើសរើសមុខជំនាញដែលត្រូវតាមទីផ្សារការងារនាពេលអនាគត និងត្រូវតាមចំណង់ចំណូលចិត្តរបស់ខ្លួន គឺដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរជីវិត និងភាពជោគជ័យរបស់ក្មួយៗ។
សូមជម្រាបថា គណនីក្មេងឆ្លាត គឺជាគណនីសន្សំរួមគ្នារវាងឪពុកម្ដាយនិងបុត្រធីតា ដែលមានចក្ខុវិស័យលើកកម្ពស់ការសន្សំសម្រាប់ការអប់រំកម្រិតឧត្តមសិក្សា ជាមួយនឹងគោលបំណងសំខាន់ៗចំនួន ៣គឺ ៖
– ចូលរួមលើកកម្ពស់ទម្លាប់សន្សំ និងការគ្រប់គ្រងហិរញ្ញវត្ថុដល់ក្រុមគ្រួសារ និងកុមារកម្ពុជា ជាពិសេសក្នុងចំណោមប្រជាពលរដ្ឋដែលរស់នៅទីជនបទ
– ចូលរួមលើកទឹកចិត្តឪពុកម្តាយឱ្យចាប់ផ្តើមសន្សំតាំងពីដំបូងសម្រាប់គាំទ្រការសិក្សាអប់រំកម្រិតឧត្តមសិក្សានាពេលអនាគតរបស់កូនៗជាទីស្រលាញ់
– ចូលរួមចំណែកផ្លាស់ប្តូរជីវភាពរស់នៅរបស់កុមារកម្ពុជាតាមរយៈការផ្តល់លទ្ធភាពទទួលបានការអប់រំថ្នាក់មហាវិទ្យាល័យ៕




-
ព័ត៌មាន2 days agoសមាគមគីមីកម្ពុជា ត្រៀមបង្កើតក្លឹបគីមីនៅតាមវិទ្យាល័យនានា ដើម្បីជួយបង្រៀនសិស្សបន្ថែម
-
ព័ត៌មាន4 days ago សម្ដេចតេជោ ហ៊ុន សែន រម្លឹក បកស្រាយប្រវត្តិ និងអ្នកនិពន្ធពិត នៃចម្រៀង “ឱ! ភ្នំពេញអើយ”
-
ព័ត៌មាន1 week agoនគរបាលរាជធានី នឹងចាប់ផ្តើមចុះរឹតបន្តឹងច្បាប់ចរាចរណ៍តាមរយៈការអប់រំ ដោយមិនផាកពិន័យ នៅថ្ងៃទី០១ ធ្នូខាងមុខ
-
ព័ត៌មាន1 week agoឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញចូលជួបសម្តែងការគួរសមចំពោះប្រធានរដ្ឋ និងជាអគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ នៅទីក្រុងវៀងចន្ទន៍
-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បទបញ្ជាបន្ទាន់ឲ្យសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបឲ្យអស់នូវមុខសញ្ញាក្រុមក្មេងទំនើង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
-
ព័ត៌មាន4 days agoថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលទស្សនាស្វែងយល់ពីសមុច្ច័យក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង
-
ព័ត៌មាន4 days agoរដ្ឋបាលខេត្តកំពង់ឆ្នាំង ស្នើអង្គភាពនានាចូលរួមទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ
-
ព័ត៌មាន4 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ការលើកស្ទួយធុរកិច្ចស្រ្តីនឹងជំរុញឱ្យសេដ្ឋកិច្ចជាតិកើនឡើង»