ព័ត៌មាន
ក្រសួងពាណិជ្ជកម្ម រៀបចំវេទិកាថ្នាក់ជាតិស្តីពី ការពង្រឹងភាពជាដៃគូ រវាងស្ថាប័នសាធារណៈ វិស័យឯកជន និងក្រុមអ្នកផលិត ប្រធានបទ៖ «ការអភិវឌ្ឍទីផ្សារខ្សែច្រវាក់តម្លៃ ស្រូវប្រណីត» ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS)
ក្រសួងពាណិជ្ជកម្ម បានបើកវេទិកាថ្នាក់ជាតិស្ដីពី ការពង្រឹងភាពជាដៃគូរវាងស្ថាប័នសាធារណៈ វិស័យឯកជន និងក្រុមអ្នកផលិតក្រោមប្រធានបទ«ការអភិវឌ្ឍទីផ្សារខ្សែច្រវាក់តម្លៃស្រូវ» តាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS) ដើម្បីផ្ដល់ឱកា សឱ្យភាគីពាក់ព័ន្ធជួបជជែកពិភាក្សា ចែករំលែកបទពិសោធន៍ ពង្រឹងការផលិត និងការរកទីផ្សារ។
កម្មវិធីនេះ ប្រព្រឹត្តិឡើងក្រោមអធិបតីភាពលោកជំទាវ តឹក រ៉េតកំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម រួមទាំងតំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹកនិងឧតុនិយម តំណាង IFAD ប្រចាំកម្ពុជា តំណាងក្រុមផលិត តួអង្គទីផ្សារ និងដៃគូពាក់ព័ន្ធរបស់គម្រោង AIMSនៅសណ្ឋាគារ សាំងរី ឡា ភ្នំពេញ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។
លោកជំទាវ តឹក រ៉េតកំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងថា វេទិកាថ្នាក់ជាតិនេះ គឺជាសក្ខីភាពបង្ហាញឱ្យឃើញនូវកិច្ចសហប្រតិបតិ្តការក្នុងការពង្រឹង និងអភិវឌ្ឍន៍ទីផ្សារខ្សែច្រវាក់ស្រូវ និងគ្រឿងទេសដែលនឹងឈានទៅរកការកំណត់គោលដៅរួមគ្នានាពេលអនាគត ដើម្បីធ្វើឱ្យការអភិវឌ្ឍទីផ្សារខ្សែច្រវាក់តម្លៃផលិតផលស្រូវកាន់តែមានលក្ខណៈល្អប្រសើរឡើង។
លោកជំទាវបន្តថា នៅក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ការគិតគូរស្តង់ដារសុខភាព សុវត្ថិភាពចំណីអាហាររបស់ប្រជាពលរដ្ឋ ការធានានិរន្តភាពក្នុងការផលិត និងទីផ្សារ គឺជាកត្តាចាំបាច់ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់គ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមគ្នារកដំណោះស្រាយសមរម្យ។
លើសពីនេះ លោកជំទាវ ជឿជាក់ ថា៖«ការចូលរួមពីគ្រប់ដៃគូរដែលប្រកបដោយការគាំទ្រជាប្រព័ន្ធពីសំណាក់រាជរដ្ឋាភិបាល ការវិនិយោគពីវិស័យឯកជន និងការប្ដេជ្ញាចិត្តរបស់ក្រុមអ្នកផលិត គឺជាកត្តាចាំបាច់ ដើម្បីបង្កើតឱកាសថ្មីៗក្នុងទីផ្សារ និងអភិវឌ្ឍខ្សែច្រវាក់តម្លៃប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ព្រមទាំងធានាឱ្យបានអ្នកប្រើប្រាស់ទទួលបានផលិតផលសុវត្ថិភាព»។
ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជានាយករងគម្រោង AIMS បានថ្លែងថា កម្មវិធីនេះ ជាវេទិការចនាសម្ព័ន្ធភាពជាដៃគូមួយដែលរួមបញ្ចូលរវាងស្ថាប័នសាធារណៈ វិស័យឯកជន និងក្រុមអ្នកផលិតសហការគ្នា ដើម្បីអភិវឌ្ឍខ្សែច្រវាក់តម្លៃ កសិ-ពាណិជ្ជកម្មស្ថិតក្រោមគម្រោងAIMS។
ឯកឧត្តមបន្តថា ភាគីពាក់ព័ន្ធ ត្រូវរួមចំណែកទទួលខុសត្រូវ ចែករំលែកធនធានចំណេះដឹង អត្ថប្រយោជន៍ ហានិភ័យ និងចូលរួមដោះស្រាយបញ្ហាប្រកបដោយការសម្របសម្រួល ដើម្បីអភិវឌ្ឍន៍ទីផ្សារប្រកបដោយបរិយាបន្ន។
បន្ថែមលើនេះ ឯកឧត្តមបានបញ្ជាក់ថា៖«វេទិកានេះ គឺជាឱកាសបើកកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃកសិកម្ម ហើយអាចបង្កើនការវិនិយោគ និងការផ្តួចផ្តើមអាជីវកម្មកាន់តែច្រើនក្នុងខ្សែច្រវាក់ផលិតផលដែលមានគុណភាពខ្ពស់ ឬផលិតផលប្រណិត (Premium Products)។ លើសពីនេះ យើងអាច បានកំណត់សកម្មភាពជាយុទ្ធសាស្ត្រសម្រាប់ជំហានបន្ទាប់ផងដែរ»។
លោក ឆេង ចាន់ឌី ប្រធានសហគមន៍កសិកម្មពន្លឺព្រៃតូច ខេត្តបាត់ដំបងបានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយដែលបានមកចូលរួមក្នុងកម្មវិធីនេះ។ លោកថា៖«ខ្ញុំសប្បាយរីករាយខ្លាំងណាស់ ដែលបានមកចូលរួមក្នុងកម្មវិធីវេទិកានេះ ព្រោះមានសារៈសំខាន់ជួយឱ្យខ្ញុំបានជួបដៃគូសហការទិញ-លក់ផលិតផលស្រូវប្រណិតរបស់ក្រុមចង្កោមប្រជាពលរដ្ឋជាកសិករដាំស្រូវ»។
លោក ភ័ន យាង ប្រធានចង្កោមសាមគ្គីមានជ័យ ខេត្តត្បូងឃ្មុំបានសង្កត់ធ្ងន់ថា លោកមកចូលវេទិកានេះ ក្នុងគោលបំណងចង់ជួបពិភាក្សាជាមួយមន្រ្តីជំនាញ និងសហគ្រាសរោងម៉ាស៊ីនកិនស្រូវ ដើម្បីចរចាទិញ-លក់ស្រូវរបស់កសិករ។ លោកថា៖«ខ្ញុំបានជួបដៃគូសហការទិញ-លក់ស្រូវហើយ ប៉ុន្ដែយើងនៅបន្តចរចាពីតម្លៃ និងប្រភេទពូជស្រូវ ដើម្បីឱ្យស្របតាមតម្រូវការរោងម៉ាស៊ីនរបស់គាត់»។
លោក ទន ពណ្ណរាយ នាយកគ្រប់គ្រងច្រវ៉ាក់ផ្គត់ផ្គង់នៃក្រុមហ៊ុន Signature Rice Co.,Ltd បានថ្លែងថា ក្រុមហ៊ុនរបស់លោកបាននិងកំពុងប្រមូលទិញស្រូវពីកសិករនៅខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងព្រះវិហារ។ ក្រុមហ៊ុនលោកប្រមូលទិញស្រូវពីកសិករតាមរដូវទាំងស្រូវរដូវវស្សា និងស្រូវរដូវប្រាំងផងដែរ។
លោកបញ្ជាក់ថា៖«ចំពោះបរិមាណស្រូវដែលក្រុមហ៊ុនយើងប្រមូលទិញ គឺចន្លោះពី២ម៉ឺនតោន ទៅ៣ម៉ឺនតោនក្នុងមួយឆ្នាំៗ។ ក្រុមហ៊ុនយើងនឹងមានផែនការបន្ទាប់ ដោយចាប់ផ្ដើមសិក្សាទិញស្រូវប្រណិតឱ្យកាន់តែច្រើនថែមទៀត ដើម្បីយកមកផ្គត់ផ្គង់ទីផ្សារនាពេលបច្ចុប្បន្ននេះ»។
គួររំឭកថា គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ជាគម្រោងរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្ដរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម(IFAD)។ អនុវត្តគម្រោងដោយក្រសួងពាណិជ្ជកម្ម ក្រោមការណែនាំរបស់គណៈកម្មាធិការដឹកនាំគម្រោងដែលដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
គម្រោងមានគោលបំណងជំរុញកំណើនប្រកបដោយបរិយាប័ន្នលើទីផ្សារដែលមានតម្លៃខ្ពស់ និងការអភិវឌ្ឍន៍ចង្កោមតាមមូលដ្ឋានដែលក្រុមផលិតជាកសិករខ្នាតតូចក្រីក្រអាចទទួលបានផលប្រយោជន៍រួមគ្នា ។ ចំណែកមន្ទីរពាណិជ្ជកម្មខេត្តគោលដៅចំនួន១៨ គឺជាអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្តរួមមាន៖ខេត្តបាត់ដំបង, កំពង់ធំ, ព្រះវិហារ, ក្រចេះ, ស្ទឹងត្រែង, សៀមរាប, បាត់ដំបង, បន្ទាយមានជ័យ, ប៉ៃលិន, កែប, កណ្តាល, តាកែវ, កំពត, កំពង់ស្ពឺ, ព្រៃវែង, ត្បូងឃ្មុំ, រតនគិរី និងមណ្ឌលគិរី៕









-
ព័ត៌មាន2 days agoសមាគមគីមីកម្ពុជា ត្រៀមបង្កើតក្លឹបគីមីនៅតាមវិទ្យាល័យនានា ដើម្បីជួយបង្រៀនសិស្សបន្ថែម
-
ព័ត៌មាន4 days ago សម្ដេចតេជោ ហ៊ុន សែន រម្លឹក បកស្រាយប្រវត្តិ និងអ្នកនិពន្ធពិត នៃចម្រៀង “ឱ! ភ្នំពេញអើយ”
-
ព័ត៌មាន1 week agoនគរបាលរាជធានី នឹងចាប់ផ្តើមចុះរឹតបន្តឹងច្បាប់ចរាចរណ៍តាមរយៈការអប់រំ ដោយមិនផាកពិន័យ នៅថ្ងៃទី០១ ធ្នូខាងមុខ
-
ព័ត៌មាន1 week agoឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញចូលជួបសម្តែងការគួរសមចំពោះប្រធានរដ្ឋ និងជាអគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ នៅទីក្រុងវៀងចន្ទន៍
-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បទបញ្ជាបន្ទាន់ឲ្យសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបឲ្យអស់នូវមុខសញ្ញាក្រុមក្មេងទំនើង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
-
ព័ត៌មាន4 days agoថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលទស្សនាស្វែងយល់ពីសមុច្ច័យក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង
-
ព័ត៌មាន4 days agoរដ្ឋបាលខេត្តកំពង់ឆ្នាំង ស្នើអង្គភាពនានាចូលរួមទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ
-
ព័ត៌មាន4 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ការលើកស្ទួយធុរកិច្ចស្រ្តីនឹងជំរុញឱ្យសេដ្ឋកិច្ចជាតិកើនឡើង»