ព័ត៌មាន
សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទទួលជាប្រធានប្តូរវេន រៀបចំមហាសន្និបាតលើកទី២៥ ២០២៦
សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានទទួលជាប្រធានប្តូរវេន រៀបចំមហាសន្និបាតលើកទី២៥ នៃសហព័ន្ធអតីតយុទ្ធជនអាស៊ាន (VECONAC) ឆ្នាំ២០២៦ ខាងមុខ។
ក្នុងពិធីបិទមហាសន្និបាតលើកទី២៤ នៃសហព័ន្ធអតីតយុទ្ធជនអាស៊ាន VECONAC នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូ ទទួលជាប្រធានប្តូរវេន ពីប្រទេសឥណ្ឌូនេស៊ី ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតលើកទី២៥ ២០២៦ ខាងមុខ នៅព្រះរាជាណាចក្រកម្ពុជា។
ពិធីបិទមហាសន្និបាត និងប្រគល់ញញួរជូនប្រធានប្តូរវេន ទៅកាន់ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា មានការអញ្ជើញចូលរួមពី គណៈប្រតិភូបណ្តាប្រទេសដែលជាសមាជិកសមាគមអតីតយុទ្ធជនអាស៊ាន។
បន្ទាប់ពីទទួលជាប្រធានប្តូរវេន ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ថ្លែងថា ក្នុងនាមសមាជិកសមាគមអតីតយុទ្ធជនអាស៊ាន, សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានត្រៀមខ្លួនរួចរាល់ដើម្បីទទួលជាប្រធានប្តូរវេន ដែលនឹងរៀបចំនៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា អំឡុងខែកញ្ញា ឆ្នាំ២០២៦ខាងមុខ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងទៀតថា មកទល់ពេលនេះ សមាជិករបស់ VECONAC បានអនុវត្តគំនិតផ្តួចផ្តើមកាន់តែច្រើនឡើងៗ ដូចជាការផ្លាស់ប្តូរគណៈប្រតិភូ, ការចែករំលែកព័ត៌មាន, ចំណេះដឹង និងការចូលរួមក្នុងកម្មវិធីគាំទ្រដែលផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់អតីតយុទ្ធជន ជាពិសេសក្រុមមនុស្សចាស់ដែលរងរបួសក្នុងសម័យសង្រ្គាម។
តាងនាម សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តី សូមសម្តែងសេចក្តីសោមនស្សរីករាយ ចំពោះការទទួលជាប្រធានប្តូរវេន ដែលនេះជាមោទនភាព និងកិត្តិយសសម្រាប់សមាគម ក្នុងការបំពេញតួនាទីរបស់ខ្លួន ពិសេសសមាគម សូមប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការ, បង្កើនចំណងសាមគ្គីភាព, មិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក ដើម្បីរួមចំណែកថែរក្សាសន្តិភាព សន្តិសុខ និងវិបុលភាពនៃប្រទេសនីមួយៗ និងតំបន់ទាំងមូល។
ឯកឧត្តម ទេសរដ្ឋមន្រ្តី សង្ឃឹមយ៉ាងមុតមាំថា បណ្តាប្រទេសជាសមាជិកសហព័ន្ធអតីតយុទ្ធជនអាស៊ានទាំងអស់ នឹងបន្តធ្វើការយ៉ាងជិតស្និតជាមួយគ្នាប្រកប ដោយការទទួលខុសត្រូវរួមគ្នា សាមគ្គីជាធ្លុងមួយ ដើម្បីសម្រេចបានសមិទ្ធផលថ្មីទៀតលើវិស័យអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនរងគ្រោះដោយសារសង្គ្រាម នឹងបន្តសកម្មភាពកាន់តែផុសផុលថែមទៀតក្នុងការជួយ ឧបត្ថម្ភគាំទ្រដល់គ្រួសារអតីតយុទ្ធជន ដើម្បីជាការតបស្នងចំពោះវីរភាពដ៏អង់អាចក្លាហាន ហ៊ានពុះពារជម្នះ គ្រប់ឧបសគ្គរបស់អតីតយុទ្ធជនក្នុងបុព្វហេតុជាតិ និងប្រជាជនឲ្យមានសេរីភាព សុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។
សូមជម្រាបថា សហព័ន្ធអតីតយុទ្ធជនអាស៊ាន VECONAC ត្រូវបានបង្កើតឡើងដើម្បីប្រមូលផ្តុំ និងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរបស់សមាគមអតីតយុទ្ធជននៅតំបន់អាស៊ីអាគ្នេយ៍ ដើម្បីធ្វើការងារជាប្រយោជន៍ដល់អតីតយុទ្ធជន រួមទាំងអ្នករងរបួស និងក្រុមគ្រួសារ ដោយរួមចំណែកដល់សន្តិភាព ស្ថិរភាព ភាពសុខដុមរមនា និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក៕





-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន3 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន4 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន4 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង