Connect with us

ព័ត៌មាន

អ្នករាយការណ៍ពិសេស UN ចេញសេចក្តីថ្លែងការណ៍គាំទ្រវិធានការសន្តិភាព និង​ការ​កសាង​ទំនុក​ចិត្ត​រវាង​កម្ពុជា និងថៃ

អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិសម្រាប់សិទ្ធិមនុស្សនៅកម្ពុជា (UN Special Rapporteur on the situation of human rights in Cambodia) បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​គាំទ្រ​វិធានការសន្តិភាព និងការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ។

លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) អ្ន​ក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុ​កសិទ្ធិមនុស្សនៅកម្ពុជា នៅថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០២៥ ម៉ោងនៅកម្ពុជា​លោក​បាន​ចេញ​សេចក្តី​ប្រកាស​គាំទ្រយ៉ាងពេញទំហឹងចំពោះ កិច្ចព្រមព្រៀងសន្តិភាព និងវិធានការកសាង​ទំនុក​ចិត្ត​រវាងកម្ពុជា និងថៃ។ ការប្រកាសនេះធ្វើឡើងក្រោយពីសម្តេច ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា ប្រកាសសួររកមុខ បន្ទាប់ពីកងទ័ពថៃ​ធ្វើ​សកម្មភាព​ល្មើស​ច្បាប់​អន្តរជាតិ​ជាបន្ត​បន្ទាប់​មក​លើជ​នស៊ីវិលកម្ពុជាដែលរំលោភសិទ្ធិមនុស្សយ៉ាងព្រៃផ្សៃ។

លោក ម៉ុនតាប៊ន បានថ្លែងថា រាល់វិធានការកសាង​ទំនុក​ចិត្តដែល​ជួយ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​រវាង​ប្រជាជាតិ​ទាំងពីរ គឺសមនឹងទទួលបានការគាំទ្រពីអង្គការសហប្រជាជាតិ។ លោកបន្ថែមថា «ជន​ស៊ីវិល​ដែលរងផលប៉ះពាល់ដោយសារស្ថានភាពនៅតាមព្រំដែន គួរតែទទួល​បាន​ជំនួយ​ស្រប​តាម​ស្តង់​ដារ​សិទ្ធិមនុស្ស»។

អ្នករាយការណ៍ពិសេស ដែលជាជនជាតិថៃរូបនេះ ដែលបានចូល​កាន់​តំណែង​ជា​អ្នក​រាយការណ៍​ពិ​សេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាកាលពីខែមីនា ឆ្នាំ២០២១ ថ្មី​ៗ​នេះបាន​រង​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ភាព​ស្ងៀមស្ងាត់​របស់​លោក​លើ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ដែល​កើតចេញពីជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសការបន្ត​ឃុំ​ខ្លួន​ទាហាន​កម្ពុជា​ចំនួន ១៨នាក់ដោយកងទ័ពថៃ។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីពេលថ្មីៗនេះបានចោទសួរថា ហេតុអ្វី​បាន​ជា​លោក ​ម៉ុនតាប៊ន មិនចេញមុខនិយាយអំពីការឃុំខ្លួនកងទ័ពកម្ពុជា ខណៈ​ដែល​ឯកអគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ បានបញ្ជាក់ថា កម្ពុជាអាចនឹង​ពិចារណាលើ​ការ​ឆ្លើយ​តប​សម​ស្រប​ណាមួ​យ​ចំពោះ​ភាព​អស​កម្ម​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិរូបនេះ។

អ្នករាយការណ៍ពិសេសបានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្រេចបានដោយភាគី​ពាក់ព័ន្ធក្នុងខែកក្កដា ឆ្នាំ២០២៥។ លោកបានមានប្រសាសន៍ថា ការអនុវត្ត​កិច្ច​ព្រម​ព្រៀង​នោះ​ប្រកប​ដោយ​ប្រសិទ្ធភាព ដែលផ្អែកលើការប្ដេជ្ញារួម ការសន្ទនា និងការអនុវត្តមនុស្សធម៌ គឺមាន​សារៈ​សំខាន់​ណាស់ ដោយអនុវត្តតាមរយៈការកាត់បន្ថយភាពតានតឹង និងការដោះ​ស្រាយ​ជម្លោះ​ដោយ​សន្តិ​វិធីស្របតាមច្បាប់អន្តរជាតិ។

អ្នកជំនាញរូបនេះបានអំពាវនាវឱ្យមានវិធានការដើម្បីទប់ស្កាត់ព័ត៌មានមិនពិត។ លោក​ក៏​បាន​កត់​សម្គាល់​ពី​វត្តមានរបស់ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស និងភ្នាក់ងារ​ផ្សេង​ទៀត​ដែល​អាច​ផ្តល់​ជំនួយ​ផងដែរ។

លោក ម៉ុនតាប៊ន បានសម្តែងការគាំទ្រចំពោះសេចក្តីប្រកាសរួមរវាងកម្ពុជា និងថៃនៅទីក្រុង​កូឡា​ឡាំពួរ ​ក្នុងខែតុលា ឆ្នាំ២០២៥ ដោយបញ្ជាក់ពីបទឈប់បាញ់ពីមុន និងធ្វើការ​ប្តេជ្ញា​ចិត្ត​លើ​បញ្ហា​ជា​ច្រើន ​រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិ ដែលការពារជនស៊ីវិល និងអ្នកទោសសង្គ្រាម។

អ្នក​រាយការណ៍ពិសេសបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការលើកកម្ពស់សិទ្ធិមនុស្ស សន្តិភាព លទ្ធិ​ប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ហើយ​បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ត្រៀម​ខ្លួន​របស់លោកក្នុងការផ្តល់ជំនួយ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia