Connect with us

ព័ត៌មាន

អ្នកនាំពាក្យក្រសួងការងារ៖ “របាយការណ៍របស់ HRW ដែលសម្ភាសមនុស្ស ៥៦នាក់មកតំណាងមនុស្ស ៩០ម៉ឺននាក់ គ្មានលក្ខណៈវិទ្យាសាស្ត្រ គ្មានវិជ្ជាជីវៈ និងមិនអាចទទួលយកបាន និងស្នើសុំឱ្យអង្គការនេះ ជួយផ្តល់ទំនាក់ទំនងរបស់អតីតពលករ ៥៦នាក់មកក្រសួងដើម្បីស្វែងរកការងារធ្វើជូន”

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះបានចោទជាសំណួរទៅកាន់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (HRW) ដែលបានចេញរបាយការណ៍ ដែលគ្មានលក្ខណៈវិទ្យាសាស្រ្ត គ្មានវិជ្ជាជីវៈ និងមិនអាចទទួលយកបាន។

អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានអះអាងថារបាយការណ៍នេះគ្មានលក្ខណៈវិទ្យាសាស្ត្រ គ្មានវិជ្ជាជីវៈ និងមិនអាចទទួលយកបាន ក្នុងខណៈដែលជារបាយការណ៍ដែលសម្ភាសមនុស្សត្រឹមតែ ៥៦នាក់ ហើយតំណាងឱ្យបងប្អូនពលករប្រមាណជាង ៩០ម៉ឺននាក់។ សម្រាប់អ្នកនាំពាក្យរូបនេះរបាយការណ៍របស់ HRW គឺជារបាយការណ៍នយោបាយតែប៉ុណ្ណោះ។

ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈអំពាវនាវ HRW ផ្ដល់ទំនាក់ទំនងរបស់អតីតពលករទាំង ៥៦នាក់ដើម្បីឲ្យក្រសួងស្វែងរកការងារធ្វើជូន។

សូមបញ្ជាក់ផងដែរថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញយុទ្ធសាស្ត្រផ្សេងៗជាច្រើនមិនតិចជាង ១២ចំណុចនោះទេដើម្បីធានាឱ្យបងប្អូនអតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃទទួលបានការងារធ្វើ។ ជាក់ស្ដែង ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានរៀបចំពិព័រណ៍ការងារសន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈមិនតិចជាង ៥៥៨លើកនោះទេ នៅទូទាំងប្រទេសដើម្បីឱ្យបងប្អូនអតីតពលករទទួលបានការងារធ្វើ។ ជាមួយគ្នានេះ ក្រសួងនៅតែអំពាវនាវឲ្យបងប្អូនដែលជាអតីតពលករទាក់ទងមកកាន់លេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារផងដែរ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia