ព័ត៌មាន
ក្រសួងមុខងារសាធារណៈ ចែករំលែកបទពិសោធ នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ នៅខេត្តបាត់ដំបង
នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី ការចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៤ សម្រាប់កម្រិតវិទ្យាល័យ ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តបាត់ដំបង។
មានប្រសាសន៍ស្វាគមន៍ លោក ធូ ភា អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង តំណាងអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ក៏បានលើកឡើងអំពីស្ថានភាពទូទៅរបស់ខេត្ត ព្រមទាំងសមិទ្ធផលនានា ដែលខេត្តសម្រេចបាន ជាពិសេសការផ្ដល់សេវាសាធារណៈជូនប្រជាជនបានល្អប្រសើរ ក្នុងការចូលរួមចំណែកធ្វើឱ្យប្រទេសជាតិក្លាយជាប្រទេសអភិវឌ្ឍតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ ទន្ទឹមនេះលោកអភិបាលរង ក៏បានលើកឡើងបន្ថែមថា ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា លើការអភិវឌ្ឍន៍មូលធនមនុស្ស និងការបង្កើនសមត្ថភាព អាចឈានចូលទៅក្នុងទីផ្សារការងារបានងាយស្រួល រដ្ឋបាលខេត្តបាត់ដំបង បានយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ ព្រមទាំងការអភិវឌ្ឍកុមារ និងយុវជនឱ្យមានសក្តានុពល ពេញលេញខាងផ្លូវកាយ ផ្លូវបញ្ញា និងផ្លូវចិត្ត ដើម្បីឱ្យក្លាយទៅជាកូនល្អ មិត្តល្អ សិស្សល្អ ពលរដ្ឋល្អ ក្នុងសង្គម ព្រមទាំងក្លាយទៅជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិ។
មានប្រសាសន៍ក្នុងពិធីបើកសិក្ខាសាលានាព្រឹកនេះ ឯកឧត្តម យក់ ប៊ុនណា ក្នុងនាមជាតំណាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រធាន គ.វ.ជ. ឯកឧត្តមបានលើកឡើងថា ដើម្បីសម្រេចចក្ខុវិស័យដ៏មានតម្លៃសម្រាប់ប្រជាជន រាជរដ្ឋាភិបាល បានកំណត់ និងបេ្តជ្ញាបន្តកសាង និងអភិវឌ្ឍធនធាននិងហេដ្ឋារចនាសម្ព័ន្ធជាអាទិភាពគន្លឹះចំនួន ៥គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ព្រមទាំងអនុវត្តកាន់តែស៊ីជម្រៅនូវការកែទម្រង់អភិបាលកិច្ច សំដៅធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប គាំទ្រដល់ការបម្រើកាន់តែប្រសើរឡើងនូវសេចក្តីត្រូវការរបស់ប្រជាជន និងការសម្រេចបានគោលនយោបាយអភិវឌ្ឍ និងការពារប្រទេសជាតិប្រកបដោយប្រសិទ្ធភាព ចីរភាព ភាពធន់ និងបរិយាបន្ន។
“កិច្ចការអាទិភាពមួយចំនួន ក្នុងការពង្រឹងនិងការកែទម្រង់ស្ថាប័ន ឱ្យមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ និងការលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តការងារតាមរយៈ ការកសាងធនធានមនុស្សប្រកបដោយសមត្ថភាព ជំនាញ ឆន្ទៈម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមតួនាទី និងការទទួលខុសត្រូវ ត្រូវបានអនុវត្តជាបន្តបន្ទាប់ ស្របគ្នាជាមួយនឹងការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ វិធានការគន្លឹះក្នុងវិស័យអប់រំ និងវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ក្នុងទម្រង់ជាជវភាពនៃតួរអង្គតែមួយ ក្រោមការតម្រង់ទិសដ៏ប៉ិនប្រសព្វរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី។” ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបន្ថែម។
ទន្ទឹមនេះ ឯកឧត្តម បានបញ្ជាក់លម្អិតពីការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានផ្តោតទៅលើការងារអាទិភាពចំនួនបី ក្នុងគោលដៅដើម្បីដោះស្រាយបញ្ហាប្រឈមជាអាទិភាព និង ដើម្បីពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដោយផ្តោតសំខាន់លើការពង្រឹងគុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មរបស់មន្ត្រី និងស្ថាប័ន ការលើកកម្ពស់គុណភាពសេវាអប់រំ សុខាភិបាល និងកសិកម្មនៅមូលដ្ឋាន។
សូមជម្រាបដែរថា បន្ទាប់ពីពិធីប្រកាសបើកអង្គសិក្ខាសាលារួចមក ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងគណៈប្រតិភូ អញ្ជើញធ្វើទស្សនកិច្ចនៅតាមស្តង់ពិព័រណ៍នានាស្ដីពីឧត្ដមានុវត្តន៍ និងនវានុវត្តន៍ នៃការគ្រប់គ្រងនិងការផ្ដល់សេវាសាធារណៈរបស់អង្គភាពជ័យលាភីផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៤ ដែលបានដាក់តាំងបង្ហាញពីសមិទ្ធផលសំខាន់ៗរបស់ខ្លួន នៅក្នុងបរិវេណទីធ្លានៃទីកន្លែងសិក្ខាសាលា។ ទន្ទឹមនេះ ឯកឧត្ដម ក៏បានបន្តទស្សនកិច្ច នៅវិទ្យាល័យពេជ្រចិន្តា ខេត្តបាត់ដំបង ដែលជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ចំណាត់ថ្នាក់លេខ១ ឆ្នាំ២០២៤ សម្រាប់កម្រិតវិទ្យាល័យ និងជួបផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ បុគ្គលិក និងប្រជាពលរដ្ឋ ក្នុងសហគមន៍ដែលគាំទ្រវិទ្យាល័យពេជ្រចិន្តា៕








-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន7 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ