ព័ត៌មាន
ព្រះមហាក្សត្រ៖ អបអរសាទរចំពោះស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិមានភាពប៉ិនប្រសប់ដឹកនាំ និងគ្រប់គ្រងសភាពការណ៍របស់ប្រទេសជាតិ ធានាបាននូវប្រក្រតីភាព និងបន្តការអភិវឌ្ឍ
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈព្រះរាជសារ ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានមានព្រះរាជបន្ទូលថា អបអរសាទរចំពោះស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិមានភាពប៉ិនប្រសប់ដឹកនាំ និងគ្រប់គ្រងសភាពការណ៍របស់ប្រទេសជាតិ ធានាបាននូវប្រក្រតីភាព និងបន្តការអភិវឌ្ឍ។
ព្រះករុណា ព្រះមហាក្សត្រមានព្រះរាជបន្ទូល អបអរសាទរចំពោះស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ដែលបានសហការគ្នាយ៉ាងល្អ ក្នុងការជំរុញការអនុវត្តច្បាប់ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ អភិវឌ្ឍជាតិ ដោយបន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់លើវិស័យអាទិភាពទាំង៥ គឺ៖ មនុស្ស ផ្លូវ ភ្លើង ទឹក និង បច្ចេកវិទ្យា ក្នុងស្មារតីរួមសាមគ្គីគ្នាជាធ្លុងមួយសំដៅកសាងព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែល មានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព និងបរិយាបន្នឈានទៅសម្រេចបានចក្ខុវិស័យ កម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ ជាប្រទេសមានចំណូល ខ្ពស់។
ក្នុងឱកាសនេះ ព្រះករុណា ព្រះមហាក្សត្រ បានផ្ញើសេចក្តីនឹករលឹកដល់វីរៈកងទ័ពដ៏អង់អាចក្លាហាន ដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមដើម្បីការពារឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដី ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។
ព្រះករុណា ព្រះមហាក្សត្រ កោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការដឹកនាំ ប្រកបដោយភាពវាងវៃ និង មនសិការស្នេហាជាតិដ៏ស្មោះសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី ដែលមានភាពប៉ិនប្រសប់ក្នុងការដឹកនាំ និងគ្រប់គ្រងសភាពការណ៍របស់ប្រទេសជាតិដើម្បី ធានាបាននូវប្រក្រតីភាព និងបន្តការអភិវឌ្ឍ ហើយជានិច្ចកាលតែងនៅរួមសុខ រួមទុក្ខជាមួយប្រជា ពលរដ្ឋនូវគ្រប់កាលៈទេសៈ ជាពិសេសបេសកកម្មក្នុងការការពារអធិបតេយ្យ ឯករាជ្យ បូរណភាព ទឹកដី សិទ្ធិ សេរីភាព និងភាពថ្លៃថ្នូររបស់ប្រជាពលរដ្ឋគ្រប់រូបតាមរយៈ យន្តការការទូត និងច្បាប់ អន្តរជាតិ។
ជាមួយគ្នានេះ ព្រះករុណា ព្រះមហាក្សត្រ បានសម្តែងការកោតសរសើរចំពោះស្មារតីសាមគ្គីភាព ដ៏រឹងមាំរបស់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស ក្នុងការការពារសន្តិភាព និងបូរណភាព ទឹកដី ប្រកបដោយសេចក្តីថ្លៃថ្នូរ អហិង្សា និងការអត់ធ្មត់ខ្ពស់ ស័ក្តិសមជាប្រជាពលរដ្ឋនៃប្រទេស មួយដែលមានអរិយធម៌ខ្ពង់ខ្ពស់ វប្បធម៌ចំណាស់ និងមានសីលធម៌ល្អប្រពៃជាទីបំផុត។
នាឱកាសដ៏ឧត្តុង្គឧត្តមនេះ ព្រះករុណា ព្រះមហាក្សត្រ ក៏បានកោតសរសើរដោយស្មោះចំពោះ សម្តេចមហា រដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធាន ទី១ និងឯកឧត្តម វង សូត អនុប្រធានទី២ ដែលបានដឹកនាំស្ថាប័នរដ្ឋសភាប្រកបដោយភាពឈ្លាសវៃ ស្វាហាប់ ម៉ឺងម៉ាត់ ព្រមទាំងសមាជិក សមាជិការដ្ឋសភាទាំងអស់ ដែលបានបំពេញតួនាទីភារកិច្ច ស្នូលរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបានលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាឧត្តមប្រយោជន៍ជូនជាតិ មាតុភូមិ និងប្រជាជន៕








-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន7 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ