ព័ត៌មាន
សម្ដេចតេជោ និងមន្រ្ដីជាន់ខ្ពស់វៀតណាម វាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការល្អតាមបណ្ដោយព្រំដែនប្រទេសទាំងពីរ ខណៈ៩ខែឆ្នាំនេះពាណិជ្ជកម្មប្រទេសទាំងពីរសម្រេចបានជាង៩ពាន់លានដុល្លារ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Bui Thanh Son ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ក្នុងនោះការរក្សាបាននូវសន្ដិសុខតាមព្រំដែនប្រទេសទាំងពីរ និងការធ្វើពាណិជ្ជកម្ម៩ខែឆ្នាំនេះសម្រេចបានជាង ៩ ពាន់លានដុល្លារ។
ភាគីទាំងពីរបានវាយម្លៃខ្ពស់បែបនេះ ក្នុងឱកាសសម្ដេចតេជោ បានអនុញ្ញាតឱ្យ ឯកឧត្តម Bui Thanh Son ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះ ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានបង្ហាញនូវក្ដីរីករាយដែលបានជួបជាមួយ ឯកឧត្តម Bui Thanh Son ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូដែលបានអញ្ជើញមកធ្វើទស្សនកិច្ចនៅកម្ពុជានាឱកាសនេះ។

ក្នុងឱកាសនោះសម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ទាំងក្របខណ្ឌននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ និងគណបក្ស គឺមានភាពរីកចម្រើនគួរឱ្យគត់សម្គាល់។ ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានឆ្លៀតឱកាសចូលរួមសោកស្ដាយចំពោះគ្រោះមហន្តរាយធម្មជាតិដែលបានកើតឡើងនៅប្រទេសវៀតណាមដែលបង្កឱ្យមានការខូចខាតមួយចំនួនផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី វៀតណាម បានសម្ដែងនូវការអរគុណជាអនេកដែលសម្ដេចតេជោបានអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូបានចូលជួបសម្ដែងការគួរសមនាឱកាសនេះ។ ឯកឧត្តម បានសម្ដែងនូវក្ដីអរគុណចំពោះនូវមនោសញ្ចេតនារបស់សម្ដេចតេជោ ដែលបានចូលរួមសម្ដែងនូវការសោកស្ដាយចំពោះគ្រោះមហន្តរាយធម្មជាតិដែលបានកើតឡើងនៅក្នុងប្រទេសវៀតណាម។ ឯកឧត្តម ក៏បាននាំនូវសារផ្ដាំសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមអគ្គលេខាធិការបក្សគម្មុនីសវៀតណាម, ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្ដី និងប្រធានរដ្ឋ វៀតណាមផងដែរ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី វៀតណាម ក៏បានវាយតម្លៃខ្ពស់ចំពោះ ចំពោះទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមនាពេលបច្ចុប្បន្ន ជាពិសេសមិនត្រឹមតែទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិទេ ក៏ប៉ុន្ដែទំនាក់ទំនងគណបក្ស និងគណបក្ស រវាងប្រទេសទាំងពីរ មានភាពរីកចម្រើនគួរឱ្យគត់សម្គាល់។

ឯកឧត្តម ក៏បានរំលេចនូវកិច្ចសហប្រតិបត្តិការមួយចំនួនដែលប្រទេសទាំងពីរបានធ្វើជាមួយគ្នាជាពិសេសលើការធ្វើពាណិជ្ជកម្មដែលមានការកើនឡើង ក្នុងនោះត្រឹមរយៈពេល ៩ខែឆ្នាំ២០២៥នេះ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានចំនួនជាង ៩ពាន់លានដុល្លារ ហើយនឹងមានការកើនឡើងនៅពេលខាងមុខថែមទៀត ដែលជាការបង្ហាញអំពីសញ្ញាវិជ្ជមាននៃទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ឯកឧត្តមក៏បានរំលេចនៅការចង់ចាំមួយដែលមិនអាចបំភ្លេចបាន ដោយបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរក្សាបានសន្ដិសុខនៅតាមព្រំដែនរវាងកម្ពុជា និងវៀតណាមមានភាពល្អប្រសើរដែលភាគីទាំងពីរបានសហការគ្នា ធ្វើសហប្រតិបត្តិការដើម្បីពង្រីក និងពង្រឹងនូវសន្ដិសុខ សណ្ដាប់ធ្នាប់ ធ្វើយ៉ាងណារក្សាឱ្យបានដើម្បីជាផលប្រយោជន៍រវាងប្រទេសទាំងពីរ ជាពិសេសប្រជាជននៅតាមព្រំដែនប្រទេសទាំងពីរ។
ក្នុងឱកាសនោះសម្ដេចតេជោ បានសម្ដែងនូវការឯកភាពទាំងស្រុង ចំពោះការលើកឡើងរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី វៀតណាម លើការរក្សាបាននូវសន្ដិសុខនៅតាមបណ្ដោយព្រំដែនរវាងប្រទេសទាំងពីរ ដែលភាគីទាំងពីរបានដោះស្រាយបានយ៉ាងល្អជាមួយគ្នា មានទាំងកិច្ចសហប្រតិបត្តិការប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងៗជាមួយគ្នាបានយ៉ាងល្អ ហើយប្រទេសទាំងពីរបានធ្វើឱ្យព្រំដែនក្លាយជាព្រំដែនដែលមានសុខសន្ដិភាពជាមួយគ្នា ប្រជាជនអាចធ្វើពាណិជ្ជកម្ម និងដោះដូរទំនិញគ្នាទៅវិញទៅមកបានយ៉ាងមានភាពល្អប្រសើរ។

សម្ដេចតេជោ ក៏បានលើកឡើងអំពីការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសទាំងពីរ ដើម្បីអំណោយផលដល់ការធ្វើកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម ការដឹកជញ្ជូនទំនិញ និងការផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជនដែលជាសញ្ញាណដ៏ល្អ និងជាទិសដៅដែលសម្ដេចតេជោចង់បានតាំងពីដើមមក។
សម្ដេចតេជោ ក៏បានសម្ដែងការពេញចិត្តចំពោះការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមផងដែរ ដោយសម្ដេចតេជោ សង្ឃឹមថា គោលដៅរបស់ប្រទេសទាំងពីរដែលចង់សម្រេចបានក្នុងគោលដៅ ២០ ពាន់លានដុល្លារនោះ គឺប្រទេសទាំងពីរអាចមានលទ្ធភាពធ្វើទៅរួច និងសម្រេចបានក្នុងពេលដ៏ឆាប់ខាងមុខ។
សម្ដេចតេជោ ក៏បានរំលេចថា កម្ពុជា និងវៀតណាម ក៏គ្រោងនឹងសម្ពោធនូវច្រកព្រំដែនអន្តរជាតិ ម៉ឺនជ័យ នៅដើមខែធ្នូនេះ ដែលជាសញ្ញាណបង្ហាញយ៉ាងវិជ្ជមានចំពោះការផ្លាស់ប្ដូរប្រជាជន ការដឹកជញ្ជូនទំនិញ កសិផលជាដើមរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពរីកចម្រើន ហើយក៏ដើរទន្ទឹមគ្នាជាមួយទំនាក់ទំនងល្អទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរផងដែរ៕

-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន3 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន1 week agoសម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបានកោតសរសើរចំពោះវីរយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខ
-
ព័ត៌មាន4 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន4 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ