ព័ត៌មាន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបិទកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារអាទិភាពជាយុទ្ធសាស្ត្រឆ្នាំ២០២៦
បន្ទាប់ពីដំណើរការអស់រយៈពេល ១ថ្ងៃកន្លះរួចមក, កិច្ចប្រជុំបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារអាទិភាពជាយុទ្ធសាស្ត្រឆ្នាំ២០២៦ របស់កាកបាទក្រហមកម្ពុជា បានឈានដល់ពិធីបិទកិច្ចប្រជុំ នារសៀលថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងវត្តមានសមាជិកគណៈកម្មាធិការកណ្តាល គណៈកម្មាធិការសាខានិងក្រុមប្រតិបត្តិទាំង២៥រាជធានីខេត្ត ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន និងមន្ត្រីទីស្នាក់ការកណ្តាល សរុបចំនួន ១៥៣នាក់។
យោងតាមរបាយការណ៍សង្ខេបពីលទ្ធផលនៃកិច្ចប្រជុំ ថ្លែងដោយលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានឱ្យដឹងថា៖ រយៈពេលមួយថ្ងៃកន្លះកន្លងមកនេះ អង្គប្រជុំបានខិតខំប្រឹងប្រែងបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥, លទ្ធផលបឋមការពិនិត្យពាក់កណ្តាលទីនៃការអនុវត្តយុទ្ធសាស្ត្រ២០២១-២០៣០ និងពិគ្រោះ ពិភាក្សា រកចំណុចផ្តោតនៃវិស័យអាទិភាពនីមួយៗ តាមប្រព័ន្ធឌីជីថល ដោយប្រើទម្រង់ Google Form ទទួលបានលទ្ធផលជាទូទៅ គឺកាកបាទក្រហមកម្ពុជា បានធ្វើសកម្មភាពគ្រប់វិស័យទាំងអស់ស្របតាមទិសដៅកំណត់ក្នុងវិស័យ នីមួយៗ ដូចបានលើកឡើងក្នុងផែនការឆ្នាំ ប៉ុន្តែវិស័យអាទិភាព ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ លេចធ្លោជាងគេ គឺទិសដៅទី១ សំដៅបន្តពង្រឹងសមត្ថភាព ចំណេះដឹង អំពីការកសាងភាពធន់សហគមន៍ និងការប្រែប្រួលអាកាសធាតុ ជូនបណ្តាញ អ្នកស្ម័គ្រចិត្ត យុវជន មន្ត្រីសាខា និងអនុសាខា ក្នុងការត្រៀមខ្លួនជាស្រេចដើម្បីការឆ្លើយតបគ្រោះមហន្តរាយ និងវិបត្តិភ័យនានា។ ចំណែកការអនុវត្តក្នុងវិស័យអាទិភាព ៣ផ្សេងទៀតនៅមានកម្រិតនៅឡើយ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ពង្រឹងបន្ថែមក្នុងឆ្នាំ២០២៦ និងឆ្នាំខាងមុខ។ ជាមួយគ្នានេះ អង្គប្រជុំក៏បានពិនិត្យឃើញមានបញ្ហាប្រឈមចម្បងដែលបានជួបប្រទះ ហើយត្រូវរួមគ្នាពិចារណា រកដំណោះស្រាយ ដើម្បីពង្រឹងការអនុវត្តផែនការឆ្នាំ២០២៦។
ថ្លែងក្នុងឱកាសបិទកិច្ចប្រជុំនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានពាំនាំនូវព្រះរាជសវនីយ៍នៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំសួរសុខទុក្ខ ជាមួយនឹងក្តីនឹករលឹក ការកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់កម្លាំងកាយ-ចិត្ត-ពេលវេលា របស់ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលស្ម័គ្រចិត្តចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការមនុស្សធម៌ដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមទិសស្លោក «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល» ដើម្បីសម្រេចបាននូវបាវចនានៃយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា «សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល»។
ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិតអនុប្រធានអចិន្ត្រៃយ៍ បានវាយតម្លៃខ្ពស់ចំពោះរបាយការណ៍បូកសរុបលទ្ធផលនៃកិច្ចប្រជុំ ដែលបានឆ្លុះបញ្ចាំងពីឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់របស់អង្គប្រជុំ ក្រុមប្រតិបត្តិថ្នាក់កណ្តាល និងសាខា ក្នុងការជម្នះរាល់ការលំបាក ដោះស្រាយរាល់បញ្ហាប្រឈមនានា ដើម្បីជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះរបស់យើង ឱ្យបានទាន់ពេលវេលា និងកាន់តែល្អប្រសើរឡើងជាងមុន។
លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា «ក្នុងការបំពេញតួនាទីជាជំនួយការជូនអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ កាកបាទក្រហមកម្ពុជាអាចអនុវត្តសកម្មភាព បានតិច ឬច្រើន ឆ្លើយតបទៅនឹងសេចក្តីត្រូវការជាក់ស្តែង បានកម្រិតណានោះ គឺអាស្រ័យទៅលើ កត្តាទី១. គឺការទទួលបាននូវការជួយឧបត្ថម្ភគាំទ្រជាមូលនិធិ សម្ភារៈ ពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន និងកត្តាទី២. ការស្ម័គ្រចិត្ត និងឆន្ទៈចូលរួមអនុវត្តការងាររបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលជាប្រតិបត្តិករជួរមុខក្នុងការបំផុសចលនាបុរេសកម្មនៅតាមភូមិ ឃុំ សហគមន៍មូលដ្ឋាន និងនៅតាមគ្រឹះស្ថានសិក្សា។ ភាពសកម្ម និងភាពមមាញឹកនៃប្រតិបត្តិការរបស់កាកបាទក្រហមកម្ពុជា និងរបស់សាខាទាំងអស់ ជាកត្តាកំណត់ភាពជោគជ័យ នៃការឧបត្ថម្ភគាំទ្រពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន។ អាស្រ័យហេតុនេះ ការកសាងបានផែនការមួយគ្រប់ជ្រុងជ្រោយ និងការធ្វើឱ្យផែនការនោះបានក្លាយជាការអនុវត្តពិតប្រាកដ ប្រកបដោយការពិនិត្យ តាមដាន និងវាយតម្លៃ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ធានាបានការជឿទុកចិត្តពីគ្រប់មជ្ឈដ្ឋានជាតិ អន្តរជាតិ ពីគ្រប់ភាគីពាក់ព័ន្ធ និងជាពិសេសពីអ្នកទទួលផលរបស់កាកបាទក្រហមកម្ពុជា។»
ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិតអនុប្រធានអចិន្ត្រៃយ៍ ក៏បានផ្តល់នូវអនុសាសន៍សំខាន់ៗចំនួន ៨ចំណុច សម្រាប់ថ្នាក់ដឹកនាំ មន្ត្រីទីស្នាក់ការកណ្តាល និងសាខាទាំងអស់ ដេីម្បីចូលរួមក្នុងការលើកកម្ពស់ស្មារតីអនុវត្តដោយការទទួលខុសត្រូវខ្ពស់ដើម្បីបុព្វហេតុមនុស្សធម៌ ហើយដែលនឹងធ្វើឱ្យលទ្ធផលនៃកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារពីមួយឆ្នាំទៅមួយឆ្នាំកាន់តែល្អប្រសើរឡើងជាលំដាប់៕















-
ព័ត៌មាន1 week agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
PR NEWS4 days agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋមន្រី្តសុខាភិបាល អញ្ជើញបើកកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តលើកទី១២ នៃមន្ទីរពេទ្យកាល់ម៉ែត
-
កីឡា1 week agoសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជារៀបចំសន្និបាត ពង្រឹងប្រសិទ្ធភាពការងារ និងការអភិវឌ្ឍជំនាញកីឡាឆ្នាំ២០២៦
-
ព័ត៌មាន6 days agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន5 days agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត