ព័ត៌មាន
ព្រះមហាក្សត្រ ស្ដេចយាងទៅកាន់ទីក្រុងប៉ារីស ដើម្បីចូលរួមកិច្ចប្រជុំនៅបណ្ឌិត្យសភាវិទ្យាសាស្ត្រ
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ បានយាងចាកចេញពីរាជធានីភ្នំពេញ ដើម្បីឆ្ពោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំងរយៈពេលមួយសប្តាហ៍ ដើម្បីយាងចូលរួមកិច្ចប្រជុំនៅបណ្ឌិត្យសភាវិទ្យាសាស្ត្រ។
អញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងចូលរួមកម្មវិធីបណ្ឌិត្យសភាវិទ្យាសាស្រ្តនៅព្រឹកនេះ ក៏មានការអញ្ជើញចូលរួមដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា, រួមនឹងមន្រ្ដីរាជការតាមបណ្ដាក្រសួង ស្ថាប័នជាច្រើនរូបទៀត។
តាមព្រះរាជសារផ្ញើជូនដល់ជនរួមជាតិ, ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានមានព្រះរាជបន្ទូលឱ្យដឹងថា ក្នុងឱកាសដែលព្រះអង្គគង់ប្រថាប់នៅក្រៅប្រទេសនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នឹងទទួលជួយក្នុងព្រះបរមនាមរបស់ព្រះអង្គ ជាប្រមុខរដ្ឋស្តីទី។
សូមបញ្ជាក់ថា ក្នុងឱកាសគង់ប្រថាប់នៅទីក្រុងប៉ារីស ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ក៏សព្វព្រះរាជហឫទ័យស្តេចយាងទតបណ្ណាគារ, យាងទតហាងលក់ DVD, យាងទតវត្តខេមរារាម, យាងទតបណ្ណាល័យឧត្តមសិក្សា និងអរិយធម៌ BULAC, យាងទតព្រះរាជដំណាក់ថ្មីនៅទីក្រុងប៉ារីស។
សូមបញ្ជាក់ថា បណ្ឌិត្យសភាវិទ្យាសាស្ត្រ គឺជាសមាគមអ្នកសិក្សាមួយ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩២២។ សកម្មភាពរបស់បណ្ឌិត្យសភាវិទ្យាសាស្ត្រភាគច្រើនទាក់ទងនឹងភូមិសាស្ត្រ និងប្រវត្តិសាស្ត្រទូទៅនៃទ្វីបអាហ្វ្រិក អាមេរិកឡាទីន អាស៊ី និងអូសេអានី។ បណ្ឌិត្យសភាវិទ្យាសាស្ត្រ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩២២ ដោយលោក Paul Bourdarie ដើម្បីសិក្សាអំពីបញ្ហាជាក់លាក់នៃទឹកដីនៃបណ្តាប្រទេស និងរដ្ឋដែលធ្លាប់បានស្ថិតក្រោមអាណាព្យាបាលបារាំង។ ដើមឡើយ បណ្ឌិត្យសភាវិទ្យាសាស្ត្រមានឈ្មោះថា បណ្ឌិត្យសភាវិទ្យាសាស្ត្រអាណានិគម និងត្រូវបានប្តូរឈ្មោះជាបណ្ឌិត្យសភាវិទ្យាសាស្ត្រនៃប្រទេសឯនាយសមុទ្រក្នុងខែមិថុនា ឆ្នាំ១៩៥៧។
បណ្ឌិត្យសភាវិទ្យាសាស្ត្រ មានបាវចនា «ចំណេះដឹង ការយល់ដឹង ការគោរព សេចក្តីស្រឡាញ់»។ មានអាយុកាលជាង១០០ឆ្នាំ បណ្ឌិត្យសភាវិទ្យាសាស្ត្រនៃប្រទេសឯនាយសមុទ្រមានបណ្ណាល័យដែលតម្កល់សៀវភៅជាង៧ម៉ឺនក្បាល ធ្វើឱ្យបណ្ឌិត្យសភាវិទ្យាសាស្ត្រក្លាយជាធនធានឈានមុខគេសម្រាប់វប្បធម៌ នៃអតីតប្រទេសស្ថិតក្រោមអាណាព្យាបាលនៅឯនាយសមុទ្រ។
បណ្ឌិត្យសភាវិទ្យាសាស្ត្រក៏ផ្តល់រង្វាន់ដែលទទួលស្គាល់ដល់ការសិក្សាទាក់ទងនឹងទឹកដីប្រវត្តិសាស្ត្រ វប្បធម៌នៃបណ្តាប្រទេសឯនាយសមុទ្រផងដែរ៕











-
PR NEWS2 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន3 days agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoអភិបាលខេត្តកណ្ដាលណែនាំគ្រប់សាលារៀន ទាំងរដ្ឋ និងឯកជនទូទាំងខេត្តមិនត្រូវលុបឈ្មោះសិស្សជាដាច់ខាត
-
ព័ត៌មាន1 week agoតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជួបសំណេះសំណាល និងជូនអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ
-
ព័ត៌មាន1 week agoមន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ AIPACODD នៅប្រទេសឥណ្ឌូណេស៊ី
-
ព័ត៌មាន1 week agoមន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ
-
ព័ត៌មាន7 days agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
ព័ត៌មាន1 week agoកម្ពុជា និងព្រុយណេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើកិច្ចសហប្រតិបត្តិការទេសចរណ៍