ព័ត៌មាន
កម្ពុជានឹងមានមន្ទីរពិសោធន៍ទំនើបលើផ្នែកស៊ើបអង្កេតកន្លែងកើតហេតុ (CSI) និងវិទ្យាសាស្ត្រកោសល្យវិច័យសម្រាប់ការពង្រឹងវិស័យសន្តិសុខជាតិ
កាលពីពេលថ្មីៗនេះ ក្រសួងមហាផ្ទៃ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA Cambodia Office) បានបិទបញ្ចប់ការសិក្សាស៊ីជម្រៅលើគម្រោង “ពង្រឹងសមត្ថភាពស៊ើបអង្កេតកន្លែងកើតហេតុនិងវិទ្យាសាស្រ្តកោសល្យវិច័យរបស់នគរបាលកម្ពុជា” ដែលជាគម្រោងថ្មីដ៏មានសារៈសំខាន់មួយសម្រាប់ការពង្រឹងវិស័យសន្តិសុខជាតិ សុវត្ថិភាពសង្គម កសាងទំនុកចិត្តសាធារណជន និង ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា ក្រោមហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋកូរ៉េក្នុងទឹកប្រាក់សរុបចំនួន ១៣,៥ លានដុល្លារ អាមេរិក សម្រាប់អនុវត្តរយៈពេល៥ឆ្នាំ (២០២៦–២០៣០)។
គម្រោងនេះ នឹងធ្វើទំនើបកម្មមន្ទីរពិសោធន៍សំខាន់ៗសម្រាប់បម្រើឲ្យវិស័យសន្តិសុខជាតិ រួមមានការវិភាគកោសល្យវិច័យឌីជីថល (Digital Forensics) ការវិភាគ DNA ការវិភាគក្រយៅដៃ ការវិភាគជីវសាស្រ្តនិងគីមីសាស្រ្ត ព្រមទាំងពង្រឹងសមត្ថភាពមន្ត្រី នគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជានិងអគ្គស្នងការនគរ បាលជាតិ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។
តំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ បានថ្លែងអំណរអគុណដល់សាធារណរដ្ឋកូរ៉េ តាមរយៈKOICA ដែលបានសម្រេចចិត្តជួយឧបត្ថម្ភគាំទ្រដល់គម្រោងដ៏មានសំខាន់នេះ។ តាមរយៈគម្រោងនេះ មន្ត្រីនគរបាល កម្ពុជានឹងពង្រឹងសមត្តភាពលើការបោសសំអាតនិងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មបច្ចេកវិទ្យានិងឆបោកអនឡាញ (Cybersecurity and Online Scams) និងឧក្រិដ្ឋកម្មផ្សេងទៀត ដែលកំពុងកើតឡើងនៅកម្ពុជាក៏ដូចជាប្រទេសផ្សេងទៀតនៅលើសកលលោក។
ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ ដែលជាអ្នកផ្តួចផ្តើមនិងសម្របសម្រួលគម្រោង បានបញ្ជាក់ថា គម្រោងនេះពិតមានសារៈប្រយោជន៍ធំធេងណាស់សម្រាប់ការពង្រឹងវិស័យសន្តិសុខជាតិក្នុងយុគ្គសម័យឌីជីថល ដែលតម្រូវឲ្យមន្ត្រីនគរបាលមានសមត្ថភាពខ្ពស់និងមានឧបករណ៍ទំនើបៗសម្រាប់ការស្រាវជ្រាវ តាមដាន បង្ការឬទប់ស្កាត់និងបោសំអាតរាល់បទល្មើសនិងឧក្រិដ្ឋកម្ម ដែលកំពុងកើតឡើងនៅកម្ពុជា ជាពិសេសឧក្រិដ្ឋកម្មបច្ចេកវិទ្យានិងឆបោកអនឡាញ។ ឯកឧត្តមបណ្ឌិត ក៏បានផ្តាំផ្ញើនិងលើកទឹកចិត្តឲ្យអគ្គស្នងការនគរបាលជាតិនិងបណ្ឌិត្យសភានគរបាលកម្ពុជា សហការគ្នានិងចូលរួមអនុវត្តគម្រោងឲ្យបានជោគជ័យ ដើម្បីឲ្យក្រសួងមហាផ្ទៃសម្រេចបានតាមផែនការយុទ្ធសាស្រ្តរបស់ខ្លួន (២០២៤-២០២៨) ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
អ្នកស្រី ឆយ មុន ជុង (Choi Moon Jung) នាយិកាKOICA ប្រចាំកម្ពុជា បានលើកឡើងថា សាធារណរដ្ឋកូរ៉េ មានឆន្ទៈជួយពង្រឹងនិងលើកកម្ពស់គុណភាពនិងភាពត្រឹមត្រូវនៃដំណើរការស៊ើបអង្កេតកន្លែងកើតហេតុ និងកោសល្យវិច័យ ដោយប្រើប្រាស់បច្ចេកទេសនិងបច្ចេកវិទ្យាទំនើប ដែលមន្ត្រីនគរបាល កូរ៉េបាននិងកំពុងប្រើប្រាស់សម្រាប់ការទប់ស្កាត់នូវឧក្រិដ្ឋកម្មដ៏ស្មុគ្រស្មាញនាពេលបច្ចុប្បន្ន។ គម្រោងខាងលើក៏នឹងជួយគាំទ្រដល់កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េលើការប្រយុទ្ធបឆាំងឧក្រឹដ្ឋកម្មបច្ចេកវិទ្យានិងការឆបោកអនឡាញ ដែលបាននិងកំពុងបំផ្លិចបំផ្លាញសេដ្ឋកិច្ចនិងអាយុជីវិតជនជាតិកូរ៉េ។ KOICA ប្តេជ្ញាថានឹងបន្ដពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាលើ វិស័យសន្តិសុខជាតិ ការកសាងទំនុកចិត្តសាធារណជន និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងរយៈពេលយូរអង្វែង៕









-
ព័ត៌មាន2 days agoសមាគមគីមីកម្ពុជា ត្រៀមបង្កើតក្លឹបគីមីនៅតាមវិទ្យាល័យនានា ដើម្បីជួយបង្រៀនសិស្សបន្ថែម
-
ព័ត៌មាន3 days ago សម្ដេចតេជោ ហ៊ុន សែន រម្លឹក បកស្រាយប្រវត្តិ និងអ្នកនិពន្ធពិត នៃចម្រៀង “ឱ! ភ្នំពេញអើយ”
-
ព័ត៌មាន1 week agoនគរបាលរាជធានី នឹងចាប់ផ្តើមចុះរឹតបន្តឹងច្បាប់ចរាចរណ៍តាមរយៈការអប់រំ ដោយមិនផាកពិន័យ នៅថ្ងៃទី០១ ធ្នូខាងមុខ
-
ព័ត៌មាន3 days agoរដ្ឋបាលខេត្តកំពង់ឆ្នាំង ស្នើអង្គភាពនានាចូលរួមទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ
-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បទបញ្ជាបន្ទាន់ឲ្យសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបឲ្យអស់នូវមុខសញ្ញាក្រុមក្មេងទំនើង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
-
ព័ត៌មាន3 days agoថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលទស្សនាស្វែងយល់ពីសមុច្ច័យក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង
-
ព័ត៌មាន4 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ការលើកស្ទួយធុរកិច្ចស្រ្តីនឹងជំរុញឱ្យសេដ្ឋកិច្ចជាតិកើនឡើង»
-
ព័ត៌មាន1 week agoឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញចូលជួបសម្តែងការគួរសមចំពោះប្រធានរដ្ឋ និងជាអគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ នៅទីក្រុងវៀងចន្ទន៍