ព័ត៌មាន
អ្នកនាំពាក្យក្រសួងការងារបន្តអំពាវនាវយ៉ាងទទូចឱ្យពលរដ្ឋនៅតាមបន្ទាត់ព្រំដែនពិចារណាការងារនៅក្នុងស្រុក ខណៈឱកាសការងារនៅកម្ពុជាមានរាប់ម៉ឺនកន្លែង
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋដែលនៅតាមបណ្តោយបន្ទាត់ព្រំដែនកុំឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ហើយគួរតែស្វែងរកឱកាសការងារនៅក្នុងស្រុកដែលមានជាង ៨ម៉ឺនកន្លែង កំពុងរង់ចាំបងប្អូន។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍នៅថ្ងៃទី៣ ខែធ្នូ នេះថាបងប្អូនប្រជាពលរដ្ឋ មិនគួរឆ្លងដែនដោយខុសច្បាប់ ដើម្បីស្វែងរកការងារធ្វើនៅប្រទេសថៃនោះទេ ពួកគាត់គួរតែស្វែងរកឱកាសការងារក្នុងស្រុកវិញ ដែលមិនត្រឹមតែមានប្រាក់ឈ្នួលសមរម្យនោះទេ ថែមទាំមានការការពារពីរបបសន្តិសុខសង្គមផងដែរ។

អ្នកនាំពាក្យរូបនេះ លើកឡើងថា៖ «ខ្ញុំសូមអំពាវនាវដោយទទូច សូមបងប្អូនប្រជាពលរដ្ឋកុំឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ដែលអាចប្រឈមនឹងបញ្ហានានា នាំឱ្យខាតពេល និងថវិកា ហើយគួរតែស្វែងរកការងារក្នុងស្រុកវិញល្អជាង ព្រោះបច្ចុប្បន្ននេះ នៅកម្ពុជាមានឱកាសការងារដ៏ច្រើនសម្បូរបែប មានការលក្ខខណ្ឌការងារល្អប្រសើរ និងទទួលបានប្រាក់ឈ្នួលសមរម្យ រួមទាំងអត្ថប្រយោជន៍បេឡាជាតិសន្តិសុខសង្គមផ្សេងៗទៀតផងដែរ ខណៈដែលការចំណាយប្រចាំថ្ងៃតិចជាងនៅប្រទេសថៃ ដែលជួយយ៉ាងច្រើនលើការសន្សំសំចៃរបស់បងប្អូនប្រជាពលរដ្ឋ»។

បន្ថែមពីនេះ លោកបានរំលឹកផងដែរថានៅថ្ងៃទី៦ និងថ្ងៃទី៧ ខែធ្នូ ខាងមុខនេះក្រសួងការងារនឹងរៀបចំពិព័រណ៌ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅស្រុកចំនួនពីរក្នុងខេត្តសៀមរាប ដូចជាស្រុកសូទ្រនិគម និងស្រុកពួក ដើម្បីផ្តល់ឱកាសការងារដល់ពលរដ្ឋខ្មែរ ជាពិសេសបងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃឱ្យបានការងារធ្វើគ្រប់ៗគ្នា។

ជាមួយគ្នានេះ លោក ស៊ុន មេសា អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ដែលមានបំណងចង់ស្វែងរកការងារធ្វើ សូមទាក់ទងទៅកាន់លេខ ១២៩៧ ដែលមន្ត្រីក្រសួងរងចាំទទួលទូរសព្ទបងប្អូន ៧ថ្ងៃក្នុងមួយសប្តាហ៍ ដែលក្នុងនោះបងប្អូនក៏មានឱកាសទទួលបាននូវការបណ្តុះបណ្តាលជំនាញបច្ចេកទេសដោយឥតគិតថ្លៃផងដែរ៕






-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន3 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច