ព័ត៌មាន
សម្ដេចធិបតី៖ ស្ថាប័នរដ្ឋ និងឯកជនបានទទួលយកជនមានពិការភាពជាង ១,៤ ម៉ឺននាក់ឱ្យ បម្រើការងារ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ មានប្រសាសន៍បញ្ជាក់ថា គិតត្រឹមខែតុលា ឆ្នាំ២០២៥ ទាំងក្រសួង ស្ថាប័នសាធារណៈ និងវិស័យឯកជននៅទូទាំងប្រទេសបានទទួលយកជនមានពិការភាពតាមអត្រាកំណត់នៃច្បាប់សរុបចំនួន ១៤ ៤០៧នាក់ឱ្យបម្រើការងារដោយទទួលបានប្រាក់ចំណូល និងអត្ថប្រយោជន៍សង្គមតាមមុខតំណែង តួនាទី និងការងារស្របតាមសមត្ថភាព និងទេពកោសល្យរៀងៗខ្លួន។

តាមរយៈសារលិខិត ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី៤៣ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម» នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា នៅកម្ពុជា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិ និងសុខុមាលភាពជនមានពិការភាពគ្រប់រូបដោយមិនមានការរើសអើងពណ៌សម្បុរ សាសនា ឋានៈ និងនិន្នាការនយោបាយណាមួយឡើយ។

សម្ដេចធិបតី បានថ្លែងបញ្ជាក់ថា គិតត្រឹមខែតុលា ឆ្នាំ២០២៥នេះ មានក្រសួង ស្ថាប័នចំនួន ៤០ បានទទួលយកជនមានពិការភាពចូល បម្រើការងារសរុបចំនួន៧ ៥០២នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន១ ០៣៥ នាក់ ជនមានពិការភាព កម្រិតធ្ងន់ចំនួន៣ ០៣៥នាក់ បើគិតជាភាគរយគឺស្មើនឹង២,៤៨%។ ចំណែក វិស័យឯកជន រួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ រោងចក្រ និងក្រុមហ៊ុននានា បានចុះបញ្ជីកានិងទទួលបានវិញ្ញាបនបត្រ លើការអនុវត្តច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការទូទាំងប្រទេសមានសរុបចំនួន៤៦៦ និងបានទទួលយកជនមានពិការភាពចូលបម្រើការងារសរុបចំនួន៦ ៩០៥នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន ៤ ៥២៧នាក់។

សម្ដេចធិបតីបានបញ្ជាក់ថាគិតមកដល់ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិងកំពុងដំណើរការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គមនិងសិទ្ធិជាមូលដ្ឋាន ដែលបច្ចុប្បន្នជនមានពិការភាពចំនួន ៣៥៥ ២៨០ នាក់ ក្នុងនោះស្ត្រីចំនួន១៧៤ ០១៣ នាក់ ត្រូវបានកំណត់ អត្តសញ្ញាណតាមរយៈជនបង្គោលនៅឃុំ សង្កាត់ទូទាំងប្រទេស ហើយបានផ្តល់បណ្ណសម្គាល់ជនមានពិការភាពបានចំនួន២៨៩ ៥៤៣បណ្ណ ក្នុងនោះស្ត្រីចំនួន ១៤១ ០៨៥ នាក់។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់យកអាទិភាពគន្លឹះចំនួន៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាដែលមានន័យថា «មនុស្ស» នៅតែជាអាទិភាពទី១ សម្រាប់រួមចំណែកដល់ការអភិវឌ្ឍ ប្រទេសជាតិ។ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១នេះ ផ្តោតនិងតម្កល់ខ្ពស់នូវឧត្តមគតិស្នេហាជាតិដ៏ថ្លៃថ្លា និងបរិសុទ្ធ បន្តបំពេញបេសកកម្មជាប្រវត្តិសាស្ត្រក្នុងការបម្រើជាតិមាតុភូមិប្រែក្លាយកម្ពុជាឱ្យទៅជាទឹកដីដ៏ពិសិដ្ឋ បរិបូរណ៍ វិបុលភាព ជាសង្គមមួយមានការដឹកនាំប្រកបដោយគុណាធិបតេយ្យ រួមសាមគ្គីជាធ្លុងមួយ លុបបំបាត់ ការរើសអើង លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសជនមានពិការភាពតាមរយៈការអភិវឌ្ឍ ប្រព័ន្ធគាំពារសង្គមតាមអភិក្រមហានិភ័យនៃវដ្តជីវិតដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់» ជាមួយនឹងទស្សនវិស័យនិងគោលដៅដ៏ច្បាស់លាស់ គឺដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងបរិយាបន្ន ដើម្បីឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕


-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន7 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន5 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ