ព័ត៌មាន
អតីតពលករមកពីថៃប្ដេជ្ញាមិនវិលត្រឡប់ទៅធ្វើការនៅថៃវិញទេ ខណៈកំពុងទទួលបានការងារសមរម្យ និងការយកចិត្តទុកដាក់ខ្ពស់ពីររដ្ឋាភិបាល
ក្រុមប្រជាពលរដ្ឋដែលធ្លាប់ធ្វើការងារនៅប្រទេសថៃ បច្ចុប្បន្នកំពុងទទួលបានការងារធ្វើនៅកម្ពុជា បានបង្ហាញការប្ដេជ្ញាចិត្តថា ទៅថ្ងៃខាងមុខបើទោះបីជាបញ្ហាព្រំដែនរវាងកម្ពុជា-ថៃវិលត្រឡប់ទៅប្រក្រតីភាពឡើងវិញក៏ដោយ ក៏ពួកគាត់នឹងមិនវិលត្រឡប់ទៅធ្វើការនៅប្រទេសថៃទៀតដែរ ដោយសារតែការងារនៅក្នុងស្រុកមានច្រើនសម្បូរបែប ប្រាក់ឈ្នួលសមរម្យ ជាពិសេសបានរស់នៅជួបជុំក្រុមគ្រួសារ។

នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី៣ ខែធ្នូនេះ អ្នកស្រី តាន់ សុភាព ជាអតីតពលករខ្មែរធ្វើការងារនៅប្រទេសថៃរយៈពេលប្រមាណជាង២ឆ្នាំ បច្ចុប្បន្នជាកម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ ដុងឌូ ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ បាននិយាយឱ្យដឹងថា គិតមកដល់ពេលនេះគាត់និងស្វាមីបានវិលត្រឡប់ និងធ្វើការនៅទឹកដីកំណើតវិញរយៈពេលប្រមាណ៥ខែមកហើយ ក្រោមការជួយសម្របសម្រួលរបស់រាជរដ្ឋាភិបាលកម្ពុជា និងថៅកែរោងចក្រ។ អ្នកស្រី បានឱ្យដឹងទៀតថា ការបំពេញការងារសព្វថ្ងៃនេះគឺមានភាពល្អប្រសើរ និងសប្បាយចិត្តជាងធ្វើការនៅថៃដោយសារគ្មានការរើសអើង និងគ្មានសំពាធច្រើនដូចមុន ទាំងការរស់នៅ ការដើរហើរ និងការបំពេញការងារជាដើម។
ដោយឡែក អ្នកស្រី ទូច សុមែន ជាអតីតពលករមកពីដូចគ្នា មានស្រុកកំណើតនៅខេត្តបាត់ដំបង បានលើកឡើងថា កន្លងមក អ្នកស្រីពិតជាមិនបានដឹងទេថា នៅកម្ពុជាមានការងារច្រើនសម្បូរបែប ទើបសម្រេចចិត្តតាមសាច់ញាតិទៅធ្វើការនៅថៃ។ អ្នកស្រី បានបង្ហាញទឹកមុខសប្បាយចិត្ត និងអរគុណជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ដល់អតីតពលករខ្មែរទាំងអស់ ក្នុងការស្វែងរកការងារធ្វើបានភ្លាមៗក្រោយមកដល់ទឹកដីកំណើតដើមវិញ។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានឱ្យព័ត៌មាន ប៊ីធីវី ដឹងដែរថា រហូតមកដល់ពេលនេះ មិនមានទទួលបានការរាយការណ៍ ឬបណ្តឹងណាមួយទេ ពីក្រុមអតីតពលករដែលកំពុងបំពេញការងារ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ពីព្រោះលោក និងក្រុមការងារសហជីពតាមមូលដ្ឋាន តែងតែសួរសុខទុក្ខជាប់ជានិច្ច តាមរយៈដោយផ្ទាល់ និងតាមរយៈទំនាក់ទំនងបណ្តាញសង្គមនានា អំពីការរស់នៅ និងការបំពេញការងារជាដើមនៅតាមរោងចក្រ សហគ្រាស។

ពាក់ព័ន្ធរឿងខាងលើនេះដែរ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី៦ និង៧ ខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះ ក្រសួងការងារ នឹងរៀបចំពិព័រណ៌ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅស្រុកចំនួនពីរក្នុងខេត្តសៀមរាប ដូចជាស្រុកសូទ្រនិគម និងស្រុកពួក ដើម្បីផ្តល់ឱកាសការងារដល់ពលរដ្ឋខ្មែរ ជាពិសេសបងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃឱ្យបានការងារធ្វើគ្រប់ៗគ្នា។ ជាមួយគ្នានេះ លោក បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ដែលមានបំណងចង់ស្វែងរកការងារធ្វើ សូមទាក់ទងទៅកាន់លេខ ១២៩៧ ដែលមន្ត្រីក្រសួងរងចាំទទួលទូរសព្ទបងប្អូន ៧ថ្ងៃក្នុងមួយសប្តាហ៍ ដែលក្នុងនោះក៏មានឱកាសទទួលបាននូវការបណ្តុះបណ្តាលជំនាញបច្ចេកទេសដោយឥតគិតថ្លៃផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី











-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន3 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច