ព័ត៌មាន
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត៖ អ្នកស្ម័គ្រចិត្តគ្រប់រូបបានរួមកម្លាំងសាមគ្គីភាពគ្នាក្នុងបុព្វហេតុការពារសន្តិភាព និងជួយជនរងគ្រោះ
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបង្ហាញការកោតសរសើរ និងអបអរសាទរ ក្នុងឱកាសទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២៥ ក្រោមមូលបទ «ពង្រឹងសមត្ថភាព និងសាមគ្គីភាព ដើម្បីភាពធន់សហគមន៍» ខណៈសម្ដេចបានចាត់ទុកអ្នកស្ម័គ្រចិត្តគ្រប់រូបបានបំផុសចលនាកម្លាំងសាមគ្គីភាពដ៏រឹងមាំតាមគ្រប់រូបភាព ក្នុងបុព្វហេតុការពារសន្តិភាព និងជួយដល់ជនងាយរងគ្រោះ និងរងគ្រោះនានានៅទូទាំងពិភពលោក។
តាមរយៈសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងនាមកាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្នុងនាមសម្ដេចផ្ទាល់បានបង្ហាញក្តីសោមនស្សរីករាយចូលរួមជាមួយអង្គការសហប្រជាជាតិ និងសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហមក្នុងឱកាសការប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ឆ្នាំ២០២៥នេះ ក្រោមមូលបទ សកល “នៅតាមមូលដ្ឋាន, គ្រប់ទីកន្លែង-Local, Everywhere” ដែលបង្ហាញពីបណ្តាញអ្នកស្ម័គ្រចិត្តរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមដែលមានវត្តមានធ្វើប្រតិបត្តិការនៅតាមសហគមន៍ មូលដ្ឋានគ្រប់ទីកន្លែងទូទាំងពិភពលោក។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានប្រសាសន៍ថា ការប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ជារៀងរាល់ឆ្នាំ គឺជាឱកាស ដ៏សំខាន់មួយនៃការប្រាព្ធ ពិធីថ្លែងនូវការកោតសរសើរ និងកតញ្ញូតាធម៌ចំពោះកម្លាំងស្ម័គ្រចិត្តនៅជុំវិញពិភព ដែលកំពុងមមាញឹកក្នុងការលះបង់កម្លាំងកាយ ចិត្ត ពេលវេលាដ៏មានតម្លៃ ចូលរួមខិតខំប្រឹងប្រែងក្នុង ប្រតិបត្តិការមនុស្សធម៌ជួយដល់អ្នករងគ្រោះទាំងឡាយដោយសារតែការកើតមានសង្គ្រាម, ជម្លោះប្រដាប់ អាវុធ, អំពើហិង្សា, គ្រោះមហន្តរាយធម្មជាតិ, ជំងឺឆ្លង/មិនឆ្លងនានា រួមជាមួយការបង្ហាញពីកម្លាំងពិត និង សកម្មភាពពិតនៅតាមមូលដ្ឋានរបស់អ្នកស្ម័គ្រចិត្តយើងគ្រប់ៗរូប។
ជាមួយនឹងការប្រារព្ធរបស់សកលលោក កាកបាទក្រហមកម្ពុជាដែលមានកម្លាំងអ្នកស្ម័គ្រចិត្ត ជាង៥ម៉ឺននាក់ទូទាំងប្រទេស បានសម្រេចប្រារព្ធទិវាពិភពលោកនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ក្រោមមូលបទ «ពង្រឹងសមត្ថភាព និងសាមគ្គីភាព ដើម្បីភាពធន់សហគមន៍» ដែលសមស្របទៅនឹងបរិការណ៍ដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងតែខិតខំប្រឹងប្រែងជម្នះគ្រប់ឧបសគ្គក្នុងការសម្រេចបានយុទ្ធសាស្ត្របញ្ចកោណ និងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ហើយជាពិសេសទៅទៀតនោះ នៅក្នុង ឆ្នាំ២០២៥នេះ គឺការរួមកម្លាំងសាមគ្គីភាពជាធ្លុងមួយនៅក្នុងប្រទេស ដើម្បីរក្សាសុខសន្តិភាព ស្ថេរភាព ប្រក្រតីភាពនៃជីវភាពរស់នៅ ការអត់ធ្មត់ ព្យាយាមក្នុងការដោះស្រាយបញ្ហានៅតាមព្រំដែនកម្ពុជា-ថៃ ដោយ សន្តិវិធី និងតាមច្បាប់អន្តរជាតិជាធរមាន។
ក្នុងនាមជាជំនួយការជូនរាជរដ្ឋាភិបាលក្នុងវិស័យមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបង-ប្អូនជនរួមជាតិគ្រប់មជ្ឈដ្ឋានក្នុង និងក្រៅប្រទេសមានទាំងបព្វជិត ទាំងគ្រហស្ត និងអង្គការជាតិ/អន្តរជាតិជាច្រើនដែលបាននាំគ្នាបំផុសចលនា ស្ម័គ្រចិត្ត រួមកម្លាំងសាមគ្គីភាពដ៏រឹងមាំតាមគ្រប់រូបភាពតាមទេព្យកោសល្យ និងជំនាញរៀងៗខ្លួនក្នុង បុព្វហេតុការពារសន្តិភាព និងបូរណភាពទឹកដីប្រកបដោយសេចក្តីថ្លៃថ្នូរ អហិង្សា និងការអត់ធ្មត់ ជួយ សម្រាលការលំបាករបស់គ្រួសារយុទ្ធជនរបួស ពលី បង-ប្អូនភៀសសឹក ដែលជារួមមានចាស់ជរា អ្នកមាន ពិការភាព ស្ត្រី កុមារ យុវជន សិស្សានុសិស្ស។ល។ ស័ក្តិសមជាពលរដ្ឋនៃប្រទេសមួយមានអរិយធម៌ ខ្ពង់ខ្ពស់ វប្បធម៌ចំណាស់ និងមានសីលធម៌ល្អប្រពៃជាទីបំផុត និងជាសក្ខីកម្មបង្ហាញយ៉ាងច្បាស់ថាកម្លាំង ស្ម័គ្រចិត្ត និងកម្លាំងសាមគ្គីភាពផ្ទៃក្នុងគឺជាកត្តាកំណត់បាននូវសក្តានុពលរបស់ប្រទេស និងជាកត្តានាំមកនូវ ជ័យជម្នះ ដូចពាក្យចាស់លោកពោលថា ចង្កឹះមួយបាច់គេកាច់ពុំបាក់ឡើយ។
នៅចំពោះមុខសភាពការណ៍ខាងលើនេះ រួមជាមួយបទពិសោធន៍ជាក់ស្តែងនៅក្នុងប្រតិបត្តិការ មនុស្សធម៌ជួយដល់គ្រួសារភៀសសឹក និងស្របទៅតាមលទ្ធផលនៃការពិនិត្យពាក់កណ្តាលទីនៃការអនុវត្ត យុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ដែលមានបាវចនា “សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល” សម្តេចកិត្តិព្រឹទ្ធបណ្ឌិត យល់ឃើញថា កាកបាទក្រហមកម្ពុជា ចាំបាច់ត្រូវតែបង្កើនទ្វេដងនូវសកម្មភាពចម្រុះវិស័យដែល ពង្រឹងភាពធន់សហគមន៍ ដែលក្នុងនោះ សាខា-អនុសាខានីមួយៗ ត្រូវតែយក ចិត្តទុកដាក់ក្នុងការកសាងសមត្ថភាពជំនាញដល់មន្ត្រីសាខា-អនុសាខា ជាពិសេសអ្នកស្ម័គ្រចិត្ត ដែលជា ប្រតិបត្តិករនៅតាមសហគមន៍ និងយុវជនកាកបាទក្រហមកម្ពុជាដែលជាប្រតិបត្តករនៅតាមគ្រឹះស្ថានសិក្សា នូវជំនាញសំខាន់ៗមានដូចជា៖ វិជ្ជាសង្គ្រោះបឋម, ការត្រៀមបង្ការ និងការឆ្លើយតបគ្រោះមហន្តរាយ, ការអប់រំ ថែទាំសុខភាពតាមសហគមន៍, គោលការណ៍គ្រឹះនៃតម្លៃមនុស្សធម៌, ការការពារបដិរូប, ការបង្ការទប់ស្កាត់ គ្រោះថ្នាក់មីន-គ្រាប់បែកចង្កោម, ការធ្វើយុទ្ធនាការអនាម័យ-បរិស្ថានស្អាត, ការចូលរួមទប់ស្កាត់ គ្រឿងញៀន អំពើហិង្សា ដោយមានផែនការច្បាស់លាស់មួយ និងមានកញ្ចប់ថវិកាសម្រាប់ចុះធ្វើសកម្មភាព ដូចភ្លៀងរលឹម នៅតាមមូលដ្ឋាន និងគ្រឹះស្ថានសិក្សារបស់ខ្លួន នោះទើបការអនុវត្តនូវទិសស្លោក “កាកបាទ ក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” មានប្រសិទ្ធភាព និង រួមចំណែកបង្ហាញពី កម្លាំងនៅមូលដ្ឋាន មាននៅគ្រប់ទីកន្លែង៕




-
ព័ត៌មាន2 days agoសមាគមគីមីកម្ពុជា ត្រៀមបង្កើតក្លឹបគីមីនៅតាមវិទ្យាល័យនានា ដើម្បីជួយបង្រៀនសិស្សបន្ថែម
-
ព័ត៌មាន3 days ago សម្ដេចតេជោ ហ៊ុន សែន រម្លឹក បកស្រាយប្រវត្តិ និងអ្នកនិពន្ធពិត នៃចម្រៀង “ឱ! ភ្នំពេញអើយ”
-
ព័ត៌មាន1 week agoនគរបាលរាជធានី នឹងចាប់ផ្តើមចុះរឹតបន្តឹងច្បាប់ចរាចរណ៍តាមរយៈការអប់រំ ដោយមិនផាកពិន័យ នៅថ្ងៃទី០១ ធ្នូខាងមុខ
-
ព័ត៌មាន3 days agoរដ្ឋបាលខេត្តកំពង់ឆ្នាំង ស្នើអង្គភាពនានាចូលរួមទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ
-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បទបញ្ជាបន្ទាន់ឲ្យសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបឲ្យអស់នូវមុខសញ្ញាក្រុមក្មេងទំនើង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
-
ព័ត៌មាន3 days agoថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលទស្សនាស្វែងយល់ពីសមុច្ច័យក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង
-
ព័ត៌មាន3 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ការលើកស្ទួយធុរកិច្ចស្រ្តីនឹងជំរុញឱ្យសេដ្ឋកិច្ចជាតិកើនឡើង»
-
ព័ត៌មាន1 week agoឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញចូលជួបសម្តែងការគួរសមចំពោះប្រធានរដ្ឋ និងជាអគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ នៅទីក្រុងវៀងចន្ទន៍