ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ស្នើឱ្យអង្គរដ្ឋាភិបាលឌីជីថលផ្តោតការយកចិត្តទុកដាក់លើចំណុចគន្លឹះចំនួន ៥ចំណុច
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានស្នើឱ្យអង្គរដ្ឋាភិបាលឌីជីថលផ្តោតការយកចិត្តទុកដាក់លើចំណុចគន្លឹះចំនួន ៥ចំណុចដើម្បី ឆ្លើយតបនឹងបញ្ហាផ្សេងៗ និងការវិវត្តយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យាឌីជីថលថ្មីៗ ជាពិសេស បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។

ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តី បានថ្លែងយ៉ាងដូច្នេះ ខណៈអញ្ជើញជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល ក្រោមប្រធានបទ «ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល» នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, ឯកឧត្ដមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ លោកជំទាវ Doreen Bogdan-Martin អគ្គលេខាធិការ សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) Dr. Masanori Kondo អគ្គលេខាធិការ សហគមន៍ទូរគមនាគមន៍អាស៊ី-ប៉ាស៊ីហ្វិក (APT) លោកស្រី Tiziana Bonapace នាយកផ្នែកបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គម របស់អង្គការសហប្រជាជាតិសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (UN-ESCAP) ព្រមទាំង ឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័នពីបណ្តាប្រទេសអាស៊ាន និងប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក តំណាងអង្គទូត និងដៃគូអន្តរជាតិនានាជាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យអង្គវេទិកាផ្តោតការយកចិត្តទុកដាក់លើចំណុចជាគន្លឹះមួយចំនួន ដូចខាងក្រោម៖
ទី១. ការកំណត់វិធានការគោលនយោបាយជាក់លាក់ក្នុងការឆ្លើយតបនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលថ្មីៗ ជាពិសេស បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីទាញយកប្រយោជន៍ជាអតិបរិមាក្នុងការជំរុញនវានុវត្តន៍ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ព្រមទាំងគ្រប់គ្រងឱ្យបាននូវហានិភ័យដែលមានជាអាទិ៍៖ ផលប៉ះពាល់លើការងារ ការអប់រំ ឯកជនភាពទិន្នន័យ និងសន្តិសុខសាយប័រ។
ទី២. ការធ្វើសុខដុមនីយកម្មគោលនយោបាយ, បទប្បញ្ញត្តិ, ស្តង់ដារវាងប្រទេសក្នុងតំបន់ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងសេវាឌីជីថល ក៏ដូចជា ការពង្រឹងនូវការចែករំលែកចំណេះដឹង និងបទពិសោធ។
ទី៣. ការកំណត់ចលករគន្លឹះជំរុញការកសាងមូលធនមនុស្សឌីជីថល និងវិធីសាស្រ្តជំរុញ ឬបង្កើនសមត្ថភាពចាប់យក និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលរបស់ប្រជាពលរដ្ឋ និងធុរជន ។
ទី៤. ការពង្រឹងយន្តការតំបន់ ដើម្បីឆ្លើយតបនឹងបញ្ហាសន្តិសុខសាយប័រ ឧក្រិដ្ឋកម្មសាយប័រ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការបង្កើតព័ត៌មានក្លែងក្លាយ ។
ទី៥. ការសហការវិនិយោគ ផ្លាស់ប្តូរបច្ចេកវិទ្យា និងអភិវឌ្ឍកម្មវិធីសុសវែរ (Digital Solutions) ដែលជាតម្រូវការរួមគ្នា ដើម្បីសន្សំសំចៃធនធាន ធានាអន្តរប្រតិបត្តិការ និងជាពិសេសសម្រួលដល់ការផ្សារភ្ជាប់ប្រទេសក្នុងតំបន់តាមរយៈលំហឌីជីថល។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ប្រធានបទ «ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល» ពិតជាសមស្របទៅនឹងបរិការណ៍ដែលប្រទេសជុំវិញសកលលោកបាន និងកំពុងចាត់ទុកបច្ចេកវិទ្យាឌីជីថលជាឧបករណ៍ និងជាកាតាលីករសម្រាប់ពង្រីកមូលដ្ឋានសេដ្ឋកិច្ច ជំរុញកំណើន ការអភិវឌ្ឍ និងពង្រឹងភាពធន់នៅក្នុងសង្គមសេដ្ឋកិច្ច ក្នុងខណៈដែលសកលលោកកំពុងប្រឈមនឹងបញ្ហាជាច្រើន ជាពិសេសបញ្ហាភូមិសាស្ត្រនយោបាយ អស្ថិរភាពសេដ្ឋកិច្ច និងការប្រែប្រួលអាកាសធាតុ ជាដើម។
មុននឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវការទុកចិត្តយ៉ាងមុតមាំថា វេទិកានេះនឹងដំណើរការទៅដោយរលូន និង បានលើកទឹកចិត្តឱ្យមានការចូលរួមពិភាក្សា និងផ្លាស់ប្តូរទស្សនៈឱ្យបានផុលផុស សម្រាប់ជាទុនក្នុងការកសាងអនាគតឌីជីថលរួមគ្នា។ ជាពិសេស យកឱកាសនេះបង្កើតបណ្តាញទំនាក់ទំនង និងកសាងភាពជាដៃគូឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយបន្ថែមទៀត ដើម្បីរួមគ្នាសម្រេចសមិទ្ធផលបន្ថែមទៀតជូនជាតិ និងប្រជាជនរបស់ខ្លួន។

សូមជម្រាបជូនថា វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកបទពិសោធនៃការធ្វើបរិវត្តកម្មឌីជីថល និងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ រវាងអ្នករៀបចំគោលនយោបាយ អ្នកជំនាញឌីជីថល និងអ្នកអនុវត្តផ្ទាល់គ្រប់ផ្នែកក្នុងតំបន់ ក៏ដូចជាបង្ហាញអំពីសមិទ្ធផល នៃបរិវត្តកម្មឌីជីថលរបស់រដ្ឋាភិបាលនៃបណ្ដាប្រទេសនានា។ វេទិកានេះធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ G-L ម៉ោង ៨ព្រឹក ដល់ ៦ល្ងាច៕

-
ព័ត៌មាន1 week agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
ព័ត៌មាន1 week agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
PR NEWS4 days agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋមន្រី្តសុខាភិបាល អញ្ជើញបើកកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តលើកទី១២ នៃមន្ទីរពេទ្យកាល់ម៉ែត
-
កីឡា1 week agoសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជារៀបចំសន្និបាត ពង្រឹងប្រសិទ្ធភាពការងារ និងការអភិវឌ្ឍជំនាញកីឡាឆ្នាំ២០២៦
-
ព័ត៌មាន6 days agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក