Connect with us

ព័ត៌មាន

តម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់ពីកម្ពុជាតបណ្តាញប្រព័ន្ធអ៊ីនធឺណិតពីហុងកុង

តម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់​ពី​ប្រទេស​កម្ពុជា​ត​បណ្ដាញ​ប្រព័ន្ធ​អ៊ីន​ធឺណិត​ពី​ហុង​កុង​ត្រង់​ឆ្ពោះ​មក​កម្ពុជា និងគុណភាពកាន់តែល្អ។ ហើយនេះ គឺជាគោល​នយោបាយ​សេដ្ឋកិច្ច​សង្គម​ឌីជីថល​របស់រាជរដ្ឋាភិបាល។

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ​២០២៥ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវេទិកាអភិបាលអ៊ីនធឺណិតកម្ពុជា ឆ្នាំ​២០២៥។ ពិធី​នេះរៀ​បចំធ្វើឡើង នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

នៅ​ក្នុង​អង្គពិធី ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានថ្លែងថា កន្លងទៅ​ប្រ​ទេស​ជិតខាង​ចង់​ផ្តាច់​អ៊ីនធឺណេត​បិទ​ដង្ហើមយើង ដែលកាលពីមុននាំចូលសេវាអ៊ីនធឺណេតពីប្រទេសនោះប្រមាណ​ ៥០ភាគរយ តែប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច មិនឲ្យ​ប្រទេស​ជិត​ខាង​គំរាម​គំហែង​អធិបតេយ្យ​អ៊ីនធឺណេតបាននោះឡើយ ដោយរហូតមកដល់ពេលនេះ សេវាអ៊ីនធឺណេត​នៅក្នុង​ប្រទេស​កម្ពុជា​ដំណើរជាធម្មតា។ ឯកឧត្តមបណ្ឌិតបានបន្តថា បន្ទាប់ពីប្រទេសកម្ពុជា​តបណ្តាញ​ប្រព័ន្ធ​អ៊ីន​ធឺណេត​មួយខ្សែរទៀតពីហុងកុងឆ្ពោះមកប្រទេសកម្ពុជា នឹងធ្វើឲ្យតម្លៃសេវាអ៊ីន​ធឺណេត​ទាប​ជាង​ពេ​ល​នេះ និងគុណភាពកាន់តែប្រសើរ។ ការណ៍នេះ គឺជាគោល​នយោបាយ​សេដ្ឋកិច្ច​សង្គម​ឌីជីថល​របស់រាជរដ្ឋាភិបាល។

យុវជនបានលើកឡើងដែរថា អ៊ីនធឺណេតមានសារៈសំខាន់ណាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ និង​ការ​សិក្សា​ស្រាវជ្រាវឯកសារផ្សេងៗ។ លើសពីនេះ យុវជនទាំងនោះបង្ហាញ​អារម្មណ៍​រីក​រាយ​ដែល​បាន​ចូល​រួម​ក្នុង​វេទិកាអភិបាលអ៊ីនធឺណិតកម្ពុជាឆ្នាំ២០២៥ ដោយទទួលបាន​ចំណេះដឹ​ង​ជា​ច្រើន​ពាក់​ព័ន្ធ​បច្ចេកវិទ្យា។

គួរបញ្ជាក់ដែរថា វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ឆ្នាំ២០២៥ ត្រូវបាន​រៀប​ចំ​ឡើង​ក្រោម​ប្រធាន​បទ «ការកសាងសង្គមឌីជីថលកម្ពុជា ប្រកបដោយបរិយាបន្ន (Building Cambodia’s Inclusive Digital Society)» ដោយបានផ្តោតជាពិសេសសម្រាប់កំណើន និងស្ថិរភាព​របស់​ប្រទេស​កម្ពុជារួមមានដូចជា៖ សុវត្ថិភាពអនឡាញក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI),ការ​តភ្ជាប់​អ៊ីន​ធឺណិតជាសកល និងប្រកបដោយអត្ថន័យ និងការពង្រឹង​សមត្ថភាព​យុវជន​សម្រាប់​អនាគត​ឌីជីថលជាដើម៕ អត្ថបទ៖ទូច សោភ័ណ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia