ព័ត៌មាន
TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ កម្ពុជាមិនបានប្រើប្រាស់លុយចិន ឬលុយពីប្រទេសផ្សេងសូម្បីមួយសេនឡើយ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃកម្ពុជា បានបំភ្លឺទៅកាន់ប្រជាជនកម្ពុជា និងប្រជាជនថៃពីរឿងស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នៅកម្ពុជាថា កម្ពុជាមិនបានប្រើប្រាស់លុយចិន ឬលុយពីប្រទេសផ្សេងសូម្បីមួយសេនឡើយ។

សម្ដេចតេជោ បានបញ្ជាក់ថា ថ្ងៃនេះសម្ដេចមានការចាំបាច់ដើម្បីបំភ្លឺទៅកាន់ប្រជាជនកម្ពុជា និងប្រជាជនថៃពីរឿងស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នៅកម្ពុជា។ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ មុននេះផេក Facebook ផ្លូវការរបស់ខ្ញុំបានបង្ហោះវីដេអូមួយ ស្តីពីការបិទស៊ីហ្គេមនៅឆ្នាំ២០២៣ នៅកម្ពុជា។
សម្ដេចប្រមុខរដ្ឋស្ដីទីបានបញ្ជាក់ថា មិននឹកស្មានថា តាមរយៈវីដេអូនេះធ្វើឲ្យជនជាតិថៃមួយចំនួនលើកឡើងថា សម្ដេចមានចេតនាឌឺដងឲ្យថៃដែលធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៥នេះ។ សម្ដេចបានថ្លែងថា សម្ដេចពិតជាមិនហ៊ានប្រៀបធៀបកម្ពុជា ជាមួយប្រទេសផ្សេងនោះទេ ព្រោះប្រទេសនីមួយៗមានរបៀបចាត់ចែងកិច្ចការរៀងៗខ្លួន និងកាន់តែមិនហ៊ានប្រៀបធៀបជាមួយប្រទេសថៃ ដែលមានមនុស្សមួយចំនួនចេញមកតាំងខ្លួនថា ជាប្រទេសអ្នកមានប្រមាថមើលងាយកម្ពុជាថា ជាប្រទេសអ្នកក្រដែលមានអ្នកសុំទានពាក់កណ្តាលប្រទេស។
សម្ដេចតេជោបានលើកឡើងថា រឿងកាន់តែហួសចិត្តមានជនជាតិថៃមួយចំនួនចេញមកនិយាយថា សូមកុំយកថៃទៅប្រៀបធៀបជាមួយកម្ពុជា ព្រោះកម្ពុជាធ្វើស៊ីហ្គេមដោយប្រើលុយចិន។ (រឿងបែបនេះគេអាចនិយាយទៅកើត តើនេះជាចរិត្តបុគ្គល ឬចរិតជនជាតិថៃ ដែលចូលចិត្តមើលងាយគេនិងប្រឌិតរឿង)។
សម្ដេចតេជោបានបញ្ជាក់ថា៖«ខ្ញុំគួរតែបញ្ជាក់ថា មិត្តចិនតាមរយៈប្រធានាធិបតី ស៊ីជិនភីង ពិតជាបានជួយសាងសង់ស្តាតមរតកតេជោ ដែលជាកន្លែងបើកនិងបិទស៊ីហ្គេម ព្រមទាំងជាទីតាំង ប្រកួតវិញ្ញាសារមួយចំនួនផងដែរ ដែលខ្ញុំសូមយកឱកាសនេះជាថ្មីម្តងទៀត សូមអរគុណមិត្តចិនដែលបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធកីឡាមួយនេះ ដែលកម្ពុជា និងប្រើតកូនតចៅ។ ស៊ីហ្គេមមានវិញ្ញាសារប្រកួតជាច្រើនដែលនៅភ្នំពេញមួយចំនួន និងតាមខេត្តមួយចំនួន។ នៅភ្នំពេញក្រៅពីទីតាំងដែលរដ្ឋាភិបាលកសាងក្រោយឆ្នាំ១៩៧៩ យើងនៅមានមរតកដែលបន្សល់ទុកដោយ សម្តេចឪ សម្តេចតា សម្តេចតាទួតរបស់យើងគឺ សម្តេចព្រះ នរោតម្តសីហនុ ព្រះបរមរតនកោដ្ឋ កសាងក្នុងអំឡុងឆ្នាំ១៩៦០ គឺស្តាតអូឡាពិកដែលជាទីតាំងនៃការប្រកួតពិសេសបាល់ទះ និងបាល់ទាត់ ដែលនៅទីនេះហើយដែលក្រុមបាល់ទាត់ថៃស្គាល់ពាក្យថា ចាញ់ និង ឥណ្ឌូណេស៉ីស្គាល់ពាក្យថា ឈ្នះលើថៃជាលើកដំបូងដែលធ្វើឲ្យកីឡាករថៃរករឿងកីឡាករ និងគ្រូបង្ហាត់ឥណ្ឌូណេស៉ី ដែលកម្ពុជាក្នុងនាមម្ចាស់ផ្ទះរកវិធីទប់ស្កាត់ជម្លោះ។ និយាយពីការចំណាយសម្រាប់ការប្រកួតយើង មិនបានប្រើប្រាស់លុយចិន ឬលុយពីប្រទេសផ្សេងសូម្បីមួយសេន»។
សម្ដេចតេជោបានបញ្ជាក់ថា បានប្រគល់ភារកិច្ចជូន សម្តេច ទៀ បាញ់ ដឹកនាំគណៈកម្មាធិការនៃការរៀបចំ និងការប្រកួតដែលមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្ត្រី ថោង ខុន នៅក្នុងគណៈកម្មាធិការនេះដែរ ដើម្បីវិធីរៀបចំលុយសម្រាប់បំរើឲ្យការប្រកួត។ សម្ដេចបានថ្លែងថា សម្ដេចពិតជាមានសំណាងដែលជាង២០ឆ្នាំចុងក្រោយនៃការកាន់តំណែងជា នាយករដ្ឋមន្ត្រី រយៈពេលជាង៣៨ឆ្នាំ សម្ដេចមានមេផ្ទះដ៏ល្អ២រូបទី១ ឯកឧត្តម គាត ឈន់ និងទី២ ឯកឧត្តម អូន ពន្ធ័មុនីរ័ត្ន។ មេផ្ទះទាំងពីររូបមិនមែនជាស្រីកញ្ជើធ្លុះទេ តែជាមេផ្ទះដែលចេះសន្សំពិសេសដំណាក់ការ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ជាដំណាក់ថវិកាដែលទុកចិត្តបាន និងថវិកាផ្សារភ្ជាប់ជាមួយគោលនយោបាយ។
សម្ដេចតេជោបានបញ្ជាក់បន្ថែមថា តាមការចង្អុលណែនាំរបស់សម្ដេច ដែលប្រាប់ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន និងសមាជិករាជរដ្ឋាភិបាលផ្សេងទៀតថា ត្រូវសន្សំសាច់ប្រាក់ដើម្បីកុំឲ្យលំបាកខ្វះសាច់ប្រាក់បើកប្រាក់ខែ។ បើចង់សល់សាច់ប្រាក់ត្រូវសន្សំគឺរកបាន១០ចាយតែ៧ឬ៨ សន្សំបាន២ឬ៣។ មុនកូវីដមកដល់សាច់ប្រាក់ក្នុងរតនាគារជាតិមានជិត៤ពាន់លានដុល្លារ ដែលពេលនោះ ខ្ញុំមានគំរោងដកយកពី១៥០០លាន ទៅ ២០០០លាន ដើម្បីវិនិយោគលើផ្លូវស្ពាន និងប្រឡាយទឹកតែជាអកុសលជម្ងឺកូវីដមកសម្លាប់ ជិវិតប្រជាជនយើង។ យើងគ្មានជម្រើសណាផ្សេងក្រៅពីយកលុយនេះមកការពារជីវិតប្រជាជន និងជួយប្រជាជននោះទេ។ តែទោះយ៉ាងណាសាច់ប្រាក់នៅរតនាគារនៅតែធានាការចំណាយដោយបើកបៀវត្សមួយខែពីរដងដដែរ។
សម្ដេចតេជោបានបញ្ជាក់បន្ថែមថា សម្រាប់ការចំណាយស៊ីហ្គេមឆ្នាំ២០២៣ កម្ពុជាមិនបានប្រើថវិកាជាតិឆ្នាំ២០២៣ តែមួយឆ្នាំនោះទេ។ ការធ្វើបែបនេះ និងធ្វើឲ្យថវិកាឆ្នាំ២០២៣ រងសម្ភាធ និងផ្អាកចំណាយលើគំរោងវិនិយោគមួយចំនួន។ របៀបរបស់យើងត្រូវបញ្ចូលទៅក្នុងថវិកាប្រចាំឆ្នាំតាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ ២០២២ ដែលក្នុងមួយឆ្នាំជិត ១០លានដុល្លារ បានថវិកាជិត៥០លានដុល្លារ។ ដោយឡែកថវិកាឆ្នាំ២០២៣ យើងយើងគ្រោងក្នុងច្បាប់ថវិកាចំនួន១៥០លានដុល្លារទៀតសរុប ជិត២០០លាន។ តែដោយស្មារតីសន្សំសំចៃដែលដឹកនាំដោយ សម្តេច ទៀ បាញ់ យើងចំណាយត្រឹមតែ១១៨លានដុល្លារប៉ុណ្ណោះដោយគិតទាំងចំណាយជំនួសកីឡា បរទេសទាំងការស្នាក់នៅហូបចុក។ ការមិនឲ្យកីឡាប្រទេសជាមិត្តបង់ប្រាក់តាមទម្លាប់គឺកម្ពុជាជាអ្នកធ្វើមុនដែលជាការសម្រេចរបស់សម្ដេចផ្ទាល់ ក្នុងគោលបំណងពង្រឹងសាមគ្គីភាពក្នុងអាស៊ានតាមរយៈវិស័យកីឡា។ កម្ពុជាជាប្រទេសក្រទ្រព្យ ក្រលុយ តែមិនក្រចិត្តនោះទេ យើងចិញ្ចឹមកីឡាប្រទេសជាមិត្តអស់ប្រហែល១២លានដុល្លារប៉ុណ្ណោះ។
បើគិតទាំងការចំណាយលើការប្រកួតអាស៊ានប៉ារ៉ាហ្រ្គេមផង ចំណាយត្រឹម១២៦លានប៉ុណ្ណោះ និងបើគិតប្រាក់រង្វាន់ដល់កីឡាកម្ពុជាដែលទទួលបានមេដោយ គ្រប់កំរិតផងយើងចំណាយត្រឹម១៣០លានក្នុងគំរោងនៃច្បាប់ថវិកា២០១៨ ដល់ ២០២២ ប្រមាណជិត៥០លាននិង១៥០លានក្នុងច្បាប់ថវិកា២០២៣។ សម្រាប់កម្ពុជាអាចខុសពីថៃ នៅត្រង់តាំងពីចាប់ផ្តើមរៀបចំការសាងសង់រហូតដល់ប្រកួត និងការប្រកួតចប់រយៈពេលប្រមាណជាង៦ឆ្នាំយើងមិនដែលស្តីបន្ទោសគ្នា ឬស្រែកថា ខ្វះលុយឬធ្វើអធិការកិច្ចលើការចំណាយនោះទេ ទោះយើងត្រូវជនជាតិថៃខ្លះប្រមាថយើងថា ជាប្រទេសក្រីក្រក៏ដោយ។ នេះជារបៀបគិតគូរ និងរបៀបចំណាយនៃប្រទេសអ្នកក្រ ដែលមានអ្នកតាំងខ្លួនជាអ្នកមាន ប្រមាថលើយើង។
សម្ដេចតេជោសង្ឃឹមថាជនជាតិថៃដែលនិយាយប៉ះពាល់ដល់កម្ពុជា ដកពាក្យដែលថា កុំយកថៃទៅប្រៀបធៀបជាមួយកម្ពុជាថា កម្ពុជាធ្វើស៊ីហ្គេមដោយប្រើលុយចិន ព្រោះពាក្យនេះមិនគ្រាន់តែមើលងាយចំពោះកម្ពុជាប៉ុណ្ណោះទេ តែវាក៏ជាប្រមាថឬទះកំភ្លៀងមហាអំណាចចិនផងដែរ។ សម្ដេចសង្ឃឹមថា ថៃនិងធ្វើបានល្អនៅស៉ីហ្គេម២០២៥នេះ ព្រមទាំងដោះស្រាយបានល្អនូវគ្រោះទឹកជំនន់រាប់ខែកន្លងមកនេះជាជាងមកគិតតែពីរឿងឈ្នះចាញ់ជាមួយកម្ពុជា និងមីយ៉ាន់ម៉ា។ ខ្ញុំរក្សាសិទ្ធឆ្លើយតបដើម្បីការពារសេចក្តីថ្លៃថ្នូរជាតិសាសន៍របស់ខ្ញុំ និងពន្យល់ទៅកាន់ប្រជាជនកម្ពុជា និងប្រជាជនថៃផងដែរ៕





-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន6 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន5 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ