Connect with us

ព័ត៌មាន

មកដល់ថ្ងៃនេះ ជនភៀសសឹកកម្ពុជាកើនដល់ជាង ១០ម៉ឺននាក់ ដោយសារការឈ្លានពានរបស់ថៃ

គិតត្រឹមព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ កម្ពុជាមានជនស៊ីវិលបានស្លាប់បាត់បង់ជីវិតចំនួន ៧​នាក់​ រងរបួស ២០នាក់ និងមានជនភៀសសឹកបានកើនឡើងដល់ជាង ២ម៉ឺនគ្រួសារ សរុប​ប្រជាពលរដ្ឋ​មានជាង ១០ម៉ឺននាក់ ដោយសារការឈ្លានពាន​របស់​យោធាថៃ​មក​លើ​ដែន​អធិបតេយ្យ​ភាពរ​បស់កម្ពុជា។ នេះបើយោងតាម លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នក​នាំ​ពាក្យ ក្រសួងការពារជាតិកម្ពុជាថ្លែងក្នុងសន្និសីទព្រឹកនេះ។

គិតមកដល់ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ អំពើ​ឈ្លាន​ពាន​របស់​ភាគី​ថៃ​លើ​ដែន​អធិបតេយ្យ​កម្ពុជា ដែលផ្តើមឡើងជាថ្មីទៀតចាប់ពីថ្ងៃទី៧ ខែធ្នូមក​នោះ​បាន​បណ្តាល​ឱ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​តំបន់​ស៊ីវិលជាច្រើន​កន្លែង ប្រជាពលរដ្ឋខ្មែរស្លាប់ របួស បង្ខំចិត្តជម្លៀស បំផ្លិច​បំផ្លាញ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ វត្តអារាម សម្បត្តិវប្បធម៌ បេតិកភណ្ឌមនុស្សជាតិ និងបង្អាក់​សេវា​សាធារណៈ​ជាមូល​ដ្ឋាន​នានា។​

ក្នុងនោះមានប្រជាពលរដ្ឋ ស្លាប់ចំនួន៧នាក់ ក្នុងនោះ១នាក់នៅខេត្តព្រះវិហារ ៣នាក់ នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ និង៣នាក់ទៀតនៅខេត្តបន្ទាយមានជ័យ។ ចំណែកពលរដ្ឋរងរបួសធ្ងន់ និង​ស្រាល​សរុប​គិត​មកដល់ពេលនេះមានប្រមាណ២០នាក់ ដែលភាគច្រើន​កំពុង​សង្គ្រោះ​បន្ទាន់​ដោយ​ក្រុម​គ្រូ​ពេទ្យ​ខេត្ត​ និងបញ្ជូនមកសង្គ្រោះបន្តនៅរាជធានីភ្នំពេញ។

លោកជំទាវ​បញ្ជាក់ថា ករណីភៀសសឹក នៅខេត្តព្រះវិហារ មានប្រជាពលរដ្ឋ​ភៀស​សឹក​ចេញ​ពី​ឃុំ​ចំ​នួនសរុប ៥០៦៩ គ្រួសារ ស្មើនឹងមនុស្ស ១៧៥៨២ នាក់, ខេត្តឧត្តរមានជ័យមានប្រជាពលរដ្ឋ ៧៦១៤ គ្រួសារ ស្មើនឹងមនុស្ស ២៦៨១១ នាក់, ខេត្តបន្ទាយមានជ័យ មានប្រជាពលរដ្ឋចំនួន ៩៥៦៤ គ្រួសារ ស្នើនឹងមនុស្ស ៣៣៧៧៤ នាក់។ ខេត្តពោធិ៍សាត់ មានចំនួន ៩០០ គ្រួសារ ស្នើ​នឹង ៣២២១ នាក់ និងខេត្តសៀមរាបចំនួន ៥៩៥៨ គ្រួសារ ស្នើនឹង ១៩៨៤១ នាក់។

សូមបញ្ជាក់ថា ករណីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និង​បង្អាក់​សេវា​សាធារណៈ​ជា​មូលដ្ឋាន​៖ ប្រតិបត្តិការ យោធាគ្រប់ទម្រង់របស់ថៃ បានធ្វើឱ្យផ្ទះសំបែងពលរដ្ឋខ្មែរ អគារ​ក្រុម​ហ៊ុន​ឯកជន​ សាលារៀន និងផ្លូវ សាធារណៈត្រូវបំផ្លាញជាច្រើនកន្លែង ដោយសារគ្រាប់ផ្លោង និង​គ្រាប់​ទម្លាក់​ពី​យន្ត​ហោះចម្បាំងF16 ក្នុងនោះមានសាលារៀនដល់ទៅ២៣៨ លើ ២៦០ទីតាំង ក្នុង​ខេត្ត​ឧត្តរមាន​ជ័យ​បាន​បិទ និងផ្អាកការសិក្សាទាំងស្រុង ខណៈសាលារៀននៅក្នុងក្រុង និងស្រុកជាប់​ព្រំដែន​ក្នុង​ខេត្តព្រះវិហារ និងបន្ទាយមានជ័យ ស្ទើរទាំងស្រុងក៏បានបិទ និងផ្អាកជា​បណ្តោះ​អាសន្ន​ដែរ​បន្ទាប់ពីកុមារតូចៗរាប់ពាន់នាក់បានជម្លៀសទៅកាន់ទីតាំង សុវត្ថិភាព​ជា​មួយ​ក្រុម​គ្រួសារ​៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia