ព័ត៌មាន
អន្តរក្រសួង ពិភាក្សា ស្ដីពី ការផ្តល់ឋានៈ សាស្ត្រាចារ្យ នៅកម្ពុជា
នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាជាតិដើម្បីផ្តល់ឋានៈសាស្ត្រាចារ្យ ក្នុងព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាជាតិដើម្បីផ្តល់ឋានៈសាស្ត្រាចារ្យក្នុងព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំពិភាក្សាក្រុមប្រឹក្សាជាតិដើម្បីផ្តល់ឋានៈសាស្ត្រាចារ្យក្នុងព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំមកពីក្រសួងស្ថាប័នពាក់ព័ន្ធ ក្រុមការងារពាក់ព័ន្ធ និងមន្ត្រីក្រោមឱវាទ។
ក្នុងឱកាសនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងបើកកិច្ចប្រជុំ ដោយបានផ្តល់នូវទិដ្ឋភាពទូទៅនៃសារៈសំខាន់ជាយុទ្ធសាស្ត្រនៃកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាជាតិនេះ ដែលជាការរៀបចំយន្តការឱ្យបានម៉ត់ចត់ដើម្បីអនុវត្តព្រះរាជក្រឹត្យឆ្នាំ២០១៣ ស្តីពីការផ្តល់ឋានៈសាស្ត្រាចារ្យ។ កិច្ចប្រជុំលើកទី១របស់ក្រុមប្រឹក្សាជាតិនាពេលនេះ គឺជារបត់សំខាន់មួយក្នុងការដាក់ចេញនូវគោលការណ៍គ្រឹះ ដែលមានគោលបំណងចម្បងដើម្បីពង្រឹងគុណភាពអប់រំនៃឧត្តមសិក្សានៅកម្ពុជា ដោយត្រូវតែចាត់ទុក គុណភាពជាអាទិភាព ក្នុងការផ្តល់ឋានន្តរសក្តិជូនសាស្ត្រាចារ្យ ក្នុងន័យនេះ ក្រុមប្រឹក្សាជាតិត្រូវបង្កើត ប្រព័ន្ធឱ្យបានតឹងរ៉ឹង ដើម្បីធានាថាឋានន្តរសក្តិនេះពិតជាមានគុណតម្លៃ និងគុណភាពពិតប្រាកដ ព្រមទាំងផ្តោតលើការលើកកម្ពស់ការស្រាវជ្រាវ និងពិនិត្យលើការផ្តល់ មូលនិធិ និងការលើកទឹកចិត្តនានាឱ្យបានសមស្រប ដើម្បីគាំទ្រដល់ការខិតខំរបស់សាស្ត្រាចារ្យ។
នាឱកាសនេះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់នូវការពិភាក្សាលម្អិតបន្ថែម ដោយផ្តោតលើតម្រូវការគុណភាព និងយន្តការបច្ចេកទេសរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយក្រសួងបានជជែកពិភាក្សា និងសិក្សាស្រាវជ្រាវយ៉ាងស៊ីជម្រៅអំពីប្រព័ន្ធនេះ ដោយយកគំរូតាមបទពិសោធអន្តរជាតិ ជាពិសេសប្រព័ន្ធរបស់ប្រទេសបារាំង ដើម្បីពង្រឹងគុណវុឌ្ឍិសាស្រ្តាចារ្យ ហើយតម្រូវការសម្រាប់ ការងារស្រាវជ្រាវ គឺជារឿងសំខាន់បំផុតសម្រាប់ ពង្រឹងគុណភាពអប់រំកម្រិតឧត្តមសិក្សា ទាំងរដ្ឋ និងឯកជន ដូចនេះការផ្តោតលើកិច្ចការស្រាវជ្រាវ នឹងជួយឱ្យការរៀននិងបង្រៀនមានគុណភាព ជាពិសេសអាចឆ្លើយតបនឹងយុគសម័យឌីជីថល និងត្រូវបង្កើតយន្តការមួយដែលផ្តល់នូវ ការធានាគុណភាព ដ៏តឹងរ៉ឹងបំផុត។
ដោយឈរលើគោលការណ៍ទាំងនេះ កិច្ចប្រជុំបាន អនុម័ត លើកិច្ចការសំខាន់ៗជាច្រើន ដែលជាមូលដ្ឋានសម្រាប់ការចាប់ផ្តើមការងាររបស់ក្រុមប្រឹក្សាជាតិ ដោយក្នុងនោះរួមមាន៖
– រៀបចំអគ្គលេខាធិការដ្ឋាន៖ រៀបចំលេខាធិការដ្ឋានជាផ្លូវការ ដែលមានសមាសភាពគ្រប់គ្រាន់ ដើម្បីគាំទ្រកិច្ចការទាំងមូលរបស់ក្រុមប្រឹក្សាជាតិ ជាពិសេសក្នុងកិច្ចការរដ្ឋបាល បច្ចេកទេស និងការសម្របសម្រួលឯកសារ។
– ការរៀបចំបទបញ្ជាផ្ទៃក្នុង៖ ត្រូវអនុម័ត បទបញ្ជាផ្ទៃក្នុង នៃក្រុមប្រឹក្សាជាតិឱ្យបានរួចរាល់។
– បង្កើតគណៈកម្មការជំនាញ និងក្រុមការងារ៖ បង្កើតគណៈកម្មការជំនាញតាមវិស័យ និងក្រមខណ្ឌរួម ដើម្បីត្រួតពិនិត្យ និងវាយតម្លៃសំណុំឯកសារបេក្ខជនតាមលក្ខណៈបច្ចេកទេស។ មិនតែប៉ុណ្ណោះ ក៏ត្រូវបង្កើត ក្រុមការងារជំនាញ ពីក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធ ដើម្បីជួយសម្របសម្រួល និងធានាការអនុវត្តឱ្យបានពេញលេញ។
– ការកំណត់លក្ខខណ្ឌ និង Guideline៖ ត្រូវពិនិត្យមើលGuideline ឡើងវិញឱ្យបានច្បាស់លាស់ និងត្រូវម៉ឺងម៉ាត់ក្នុងការកំណត់ លក្ខខណ្ឌ និងការរើសគណៈកម្មការ ដោយរៀបចំជាសេចក្តីណែនាំកំណត់កម្រិតជាតិ ដែលជាស្តង់ដារួម ដើម្បីធានាថាអ្នកទទួលបានឋានៈសាស្ត្រាចារ្យពិតជាមានគុណវុឌ្ឍិខ្ពស់ និងស្របតាមស្តង់ដា។
ជាលទ្ធផល អង្គប្រជុំបានឯកភាពលើការរៀបក្រុមការងារអន្តរក្រសួង ដើម្បីអនុវត្ត និងតាមដានវឌ្ឍនភាព ក្នុងការដាក់ចេញផែនការការងារជាបន្តបន្ទាប់ ដើម្បីឈ្វេងយល់ពីទិដ្ឋភាពនៃការអនុវត្តន៍ ដែលនឹងរួមបញ្ចូលទាំងការរៀបចំ ការប្រឡង ការជ្រើសរើស និងពិនិត្យជាបឋមទៅលើគុណវុឌ្ឍិរបស់បេក្ខជន ដើម្បីធានាថាយន្តការផ្តល់ឋានៈនេះ មានប្រសិទ្ធភាព និងតម្លាភាពពិតប្រាកដ៕




-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន7 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន2 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន7 days agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន1 week agoសម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបានកោតសរសើរចំពោះវីរយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខ
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន3 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ