ព័ត៌មាន
ជំរឿនជាក់ស្តែងតាមគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន នៅរាជធានីភ្នំពេញ ពិធីបើកយុទ្ធនាការ
នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ បានអញ្ជើញជាសហអធិបតីក្នុងពិធី បើកយុទ្ធនាការជំរឿនជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាននៅរាជធានីភ្នំពេញ ដែលប្រព្រឹត្តិទៅនៅ វិទ្យាស្ថានជាតិអប់រំ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំ ក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាល តំណាងរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ លោក លោកស្រី ក្រុមការងារទទួលបន្ទុកធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ មកពីខណ្ឌទាំង១៤ នៃរដ្ឋបាលរាជធានីភ្នំពេញ។
បន្ទាប់ពីរបាយការណ៍របស់ លោកជំទាវ រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការជំរឿន និងចំណាប់អារម្មណ៍របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល រួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះក្រុមការងារនៃគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង ក្រោមការដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលបានសហការគ្នាយ៉ាងសកម្មជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួងអប់រំ យុវជន និងកីឡា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតដល់ពេលបើកយុទ្ធនាការជាផ្លូវការនាថ្ងៃនេះ។ ការធ្វើជំរឿនមន្រ្តីជាក់ស្តែងនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ជាមូលដ្ឋានសំខាន់ក្នុងការបន្តជំរុញអនុវត្តការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងការពង្រឹងអភិបាលកិច្ចឱ្យកាន់តែប្រសើរ ក្នុងវិស័យអប់រំ យុវជន និងកីឡា នៅគ្រប់កម្រិតសិក្សា ជាពិសេសជំរុញប្រសិទ្ធភាពការដាក់ពង្រាយគ្រូបង្រៀនដល់កន្លែងដែលខ្វះគ្រូ និងការបំពេញការងាររបស់មន្ត្រីក្នុងរដ្ឋបាលសាធារណៈ ជួយលើកកម្ពស់ទាំងប្រសិទ្ធភាព និងផលិតភាពការងារ ព្រមទាំងការទទួលខុសត្រូវ ដោយផ្តើមចេញពីការពិនិត្យ និងវាយតម្លៃ ស្ថានភាពបច្ចុប្បន្ននៃការបំពេញការងាររបស់មន្ត្រី រួមទាំងការគិតគូរអំពីវិធានការដោះស្រាយ ដើម្បីពង្រឹង សមត្ថភាព និងសមិទ្ធកម្មសា្ថប័ន។
លើកឡើងក្នុងឱកាសនេះដែរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនិងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ បានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមការងារបច្ចេកទេសនៃគណៈកម្មការទទួលបន្ទុកការងារនេះ និងក្រុមការងារពាក់ព័ន្ធ នៃក្រសួងអប់រំ យុវជន និងកីឡា ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធ រៀបចំយុទ្ធនាការនេះឡើង ឆ្លើយតបនឹងវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។
ជាការរំពឹងទុកពីការធ្វើជំរឿននេះ រួមមាន១) ទិន្នន័យដែល ច្បាស់លាស់ ឯកភាពគ្នា ប្រើប្រាស់រួមគ្នាតែមួយ ២) ទិន្នន័យដែលច្បាស់ នឹងផ្តល់ជាមូលដ្ឋាន ក្នុងការគ្រប់គ្រងស្ថានភាពមន្ត្រីឱ្យរឹតតែច្បាស់លាស់ ការរៀបចំផែនការមន្រ្តី ការជ្រើសរើសបំពេញឱ្យចំនៅកន្លែងខ្វះខាតពិតប្រាកដ ផែនការអភិវឌ្ឍន៍សមត្ថភាពមន្ត្រី និងការពង្រាយមន្ត្រី ៣) ទិន្នន័យដែលចេញពីការធ្វើជំរឿននឹងបញ្ចូលក្នុងប្រព័ន្ធបច្ចេកវិទ្យាឬ Database ដែលនឹងផ្តល់នូវភាពងាយស្រួលជាច្រើនដល់ការអនុវត្តការងាររួមមាន ការប្រែប្រួលស្ថានភាពមន្រ្តី ការបើកបៀវត្ស ការឡើងឋានន្តរសក្តិ និងអត្ថប្រយោជន៍សហព័ទ្ធជាដើម ៤) ការគ្រប់គ្រងបាននូវភាពជាក់ស្តែងនៃរចនាសម្ព័ន្ធ ចំនួនមន្ត្រីបំពេញការងារជាក់លាក់តាមអង្គភាព នឹងអនុញ្ញាតឱ្យមានការពង្រឹងប្រសិទ្ធភាពស្ថាប័ន ដែលនឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់ចូលរួម ក្នុងការបង្កើនប្រសិទ្ធភាព នៃការចំណាយថវិកាជាតិផងដែរ។
សូមបញ្ជាក់ដែរថា យុទ្ធនាការជំរឿនជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន ដែលបាននឹងកំពុងដំណើរការក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងគោលដៅកំណត់ឱ្យបានច្បាស់លាស់នូវ មន្ត្រីរាជការ ដែលបាន និងកំពុងបំពេញការងារជាក់ស្ដែងនៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត និងគ្រប់ប្រភេទ ឆ្ពោះទៅកែលម្អការគ្រប់គ្រងធនធានមនុស្សនៅក្នុងវិស័យអប់រំឱ្យកាន់តែល្អប្រសើរ៕











-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន6 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន5 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន7 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន7 days agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ