Connect with us

ព័ត៌មាន

រាជរដ្ឋាភិបាលកម្ពុជាប្តូរផ្តាច់ការពារអធិបតេយ្យភាព និងបូរណភាពទឹកដី គ្មានការសម្បទានណាមួយឡើយ

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្លែងបញ្ជាក់ជាថ្មីថា ជំហរច្បាស់លាស់ ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា និងភាពសកម្មផ្អែកការទូតរបស់ថ្នាក់ដឹកនាំ ដែលសម្រេចបានលទ្ធផលជាក់ស្តែងជាបន្តបន្ទាប់នាពេលកន្លងមកនេះ សបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា ប្តូរផ្តាច់ការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ដោយគ្មានការសម្បទានណាមួយឡើយ។

តាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ជូនជនរួមជាតិទៀត អំពីជំហរដ៏ម៉ឺងម៉ាត់ ច្បាស់លាស់ និងឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ដោយមធ្យោបាយសន្តិវិធី ដើម្បីសេចក្តីសុខរបស់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរទាំងមូល។

ឯកឧត្តមបានថ្លែងថា ដើម្បីបញ្ជាក់ជំហរច្បាស់លាស់របស់កម្ពុជាជូនដល់សហគមន៍អន្តរជាតិបានជ្រាបកាន់តែច្បាស់ កាលពីរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើបទបង្ហាញស្តីពីការវិវត្តន៍ថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ជូនប្រធានបេសកកម្មការទូត និងតំណាងអង្គការអន្តរជាតិនានាក្នុងរាជធានីភ្នំពេញចំនួន ៣៣ ស្ថានតំណាង និងមានចំនួនសរុប ៥៥ រូប។ ក្នុងបទបង្ហាញនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបន្តសកម្មភាពរំលោភបំពានរបស់កងកម្លាំងប្រដាប់អាវុធថៃមកលើទឹកដី និងអធិតេយ្យរបស់កម្ពុជា ក្នុងខេត្តចំនួនបួន គឺខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ ព្រះវិហារ និងឧត្តរមានជ័យ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់សាជាថ្មីថា កម្ពុជាមានការប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការគោរពបទឈប់បាញ់ និងដោះស្រាយវិវាទដោយសន្តិវិធី ដោយគោរពតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន និងប្រកាន់យ៉ាងខ្ជាប់នូវរាល់កិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។

សូមរម្លឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់តាមរយៈសារទៅកាន់វីរកងទ័ព វីរកងនគរបាលជាតិ និងជនរួមជាតិ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២៥ ថា៖ ការជ្រើសរើសយកការអនុវត្តបទឈប់បាញ់មិនមែនមានន័យថា កម្ពុជាចុះចាញ់ ឬសុខចិត្តយកបូរណភាពទឹកដីទៅដូរយកសន្តិភាពឡើយ ហើយរឹតតែមិនមែនមានន័យថា កម្ពុជាអស់សមត្ថភាព ឬបោះបង់សិទ្ធិស្វ័យការពារខ្លួននោះដែរ។ ផ្ទុយទៅវិញ, ការសម្រេចចិត្តនេះ បង្ហាញថា កម្ពុជាបានសម្រេចប្រកាន់យកមាគ៌ាសន្តិភាព និងការតម្កល់អាយុជីវិត និងសុខទុក្ខរបស់ប្រជាជន ជាអាទិភាពចម្បងបំផុត និងខ្ពស់បំផុតមួយរបស់ខ្លួន បើទោះជាត្រូវប្រឈមមុខនឹងសម្ពាធ ឬការលំបាកយ៉ាងណាក៏ដោយ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia