ព័ត៌មាន
អភិបាលខេត្តកណ្ដាលណែនាំគ្រប់សាលារៀន ទាំងរដ្ឋ និងឯកជនទូទាំងខេត្តមិនត្រូវលុបឈ្មោះសិស្សជាដាច់ខាត
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ស្នើរដល់គ្រប់សាលារៀនទាំងអស់ទាំងរដ្ឋ និងឯកជន ទូទាំងខេត្តកណ្ដាល មិនត្រូវប្រើប្រាស់វិធានការលុបឈ្មោះសិស្សចេញពីសាលាទេ តែត្រូវចាត់ទុកថានេះគឺជាការខ្វះខាតរបស់យើងទាំងអស់គ្នាក្នុងការអប់រំសិស្សានុសិស្ស។ ប្រសិនបើយើងបណ្ដេញពួកគាត់ចេញពីសាលា ពួកគាត់ទៅនៅក្នុងសង្គមដោយមិនបានសិក្សា ធ្វើឱ្យគាត់អាចក្លាយទៅជាក្មេងទំនើង ឬអ្នកបង្កបញ្ហាផ្សេងៗទៅដល់សង្គមរបស់យើង។
ការស្នើរឡើងយ៉ាងដូច្នេះក្នុងឱកាសដែលឯកឧត្តមអភិបាលអញ្ជើញក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល។
ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា៖ បើសិនសិស្សានុសិស្សល្មើសវិន័យនៅក្នុងសាលា ឬអវត្តមានញឹកញាប់ ឬច្រើនដងពេក ត្រូវខិតខំទំនាក់ទំនងទៅឪពុកម្ដាយ ឬអាណាព្យាបាល ដើម្បីអូសទាញពួកគាត់ឲ្យមកសិក្សាបន្ត ដើម្បីជំរុញការបណ្ដុះបណ្ដាល និងការសិក្សារៀនសូត្ររបស់ពួកគាត់បន្ថែមទៀត។ ប៉ុន្តែប្រសិនបើពួកគេមកបង្កហិង្សានៅក្នុងសាលា ឬបញ្ហាប្រឈមផ្សេងៗដែលល្មើសនឹងច្បាប់ នោះទុកឱ្យច្បាប់ជាអ្នកអនុវត្តចំពោះពួកគេ ប៉ុន្តែក្នុងករណីខុសវិន័យ ឬមានអវត្តមានញឹកញាប់ ត្រូវខិតខំពន្យល់ពួកគាត់ និងអូសទាញពួកគាត់ឲ្យមកបន្តការសិក្សាបន្តទៀតកុំឲ្យពួកគាត់បោះបង់ចោលការសិក្សាឡើយ។
ស្ថិតក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ កិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវ របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរអប់រំ យុវជន និងកីឡា គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងរាល់ ដៃគូពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាបំពេញភារកិច្ចយ៉ាងសកម្ម។ ការខិតខំប្រឹងប្រែងទាំងនេះ បានធ្វើឲ្យវិស័យ អប់រំ យុវជន និងកីឡា ក្នុងខេត្តកណ្តាល មានការអភិវឌ្ឍរីកចម្រើនទាំងលើផ្នែក ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគុណភាព នៃការអប់រំ ជាខេត្តដែលមានសិស្សជាប់ និទ្ទេស A ច្រើនជាងគេបំផុត ចំណាត់ថ្នាក់លេខ ២ ទូទាំងប្រទេស បន្ទាប់ពីរាជធានីភ្នំពេញ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ កន្លងទៅ។
អត្ថបទ៖ សៅ យ៉ាម៉ង់













-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន7 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា7 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង