Connect with us

ព័ត៌មាន

ក្រសួងបរិស្ថាននិងអង្គការសហប្រជាជាតិបន្តពង្រឹងការអនុវត្តផែនការ NDC 3.0

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ (UN) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ដើម្បីផ្លាស់ប្តូរយោបល់ លើសេចក្តីព្រាងឯកសារទស្សនទាន ស្តីពីការរៀបចំយុទ្ធសាស្ត្រហិរញ្ញប្បទានសម្រាប់អនុវត្តផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (NDC 3.0 Financing Strategy)។

ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ការរៀបចំយុទ្ធសាស្ត្រហិរញ្ញប្បទានអាកាសធាតុ ត្រូវតែដើរទន្ទឹមគ្នា និងគាំទ្រដោយផ្ទាល់ ដល់យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន គឺ «ភាពស្អាត ភាពបៃតង និងចីរភាព» នឹងស្របនឹងគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ជាពិសេសការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ។ ឯកឧត្តម បានថ្លែងអំណរគុណចំពោះការគាំទ្រនិងកិច្ចសហប្រតិបត្តិការរបស់ប្រព័ន្ធអង្គការសហប្រជាជាតិ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព។ «ក្របខណ្ឌទស្សនទាននៃយុទ្ធសាស្ត្រហិរញ្ញប្បទាននេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការកៀរគរប្រភពទុន យន្តការវិនិយោគបៃតង និងការចូលរួមពីវិស័យឯកជន ព្រមទាំងដៃគូអភិវឌ្ឍន៍នានា ដើម្បីគាំទ្រដល់ការអនុវត្តផែនការ NDC 3.0 ឱ្យសម្រេចបានតាមការគ្រោងទុក។

ក្នុងឱកាសនោះ លោកស្រី Vladanka Andreeva បានវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំ ដ៏សកម្មរបស់ក្រសួងបរិស្ថានកម្ពុជា ក្នុងការជំរុញរបៀបវារៈអាកាសធាតុ និងបានបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់អង្គការសហប្រជាជាតិ និងទីភ្នាក់ងារពាក់ព័ន្ធ ជាពិសេសជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ UNDP ក្នុងការបន្តផ្តល់ការគាំទ្រ ផ្នែកបច្ចេកទេស និងកៀរគរដៃគូហិរញ្ញប្បទាន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ ប្រកបដោយចីរភាព និងភាពធន់នឹងអាកាសធាតុនៅកម្ពុជា។

សូមបញ្ចាក់ថា ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរ បានឯកភាពគ្នាលើជំហានបន្ទាប់ នៃកិច្ចសហប្រតិបត្តិការ ដើម្បីដាក់ចេញនូវទិសដៅយុទ្ធសាស្ត្ររួម និងពន្លឿនការអនុវត្តយុទ្ធសាស្ត្រហិរញ្ញប្បទាននេះ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆ្ពោះទៅរកការសម្រេចបាន នូវគោលដៅអាកាសធាតុ រយៈពេលវែងរបស់កម្ពុជា៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia