Connect with us

ព័ត៌មាន

នៅថ្ងៃនេះ ក្រុមលេខា RBC កម្ពុជា-ថៃ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ក្រោម​ការសង្កេតការណ៍ពីក្រុម AOT របស់កម្ពុជា និងថៃ

នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១១:៥០នាទីព្រឹកនេះ ក្រុម​លេខាធិការដ្ឋាន​នៃ​គណៈ​កម្មា​ធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និង​កង​ទ័ព​ភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និង​ថៃ​ផងដែរ។ ក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយ​សេនា​ធិការ​រង យោធភូមិភាគទី៤ និងក្រុមលេខាធិការរបស់ថៃដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំ​ផាក់​ណាក វ៉ាផាន់ស៊ុ នាយសេនាធិការ កងទ័ពភូមិភាគទី២។ នេះបើតាម លោកជំទាវ ឧត្តមសេនីយ៍​ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារកម្ពុជា។

អ្នកនាំពាក្យ​ក្រសួងការពារកម្ពុជា បានឱ្យដឹងថា ដោយសារតែភាគី​ទាំង​ពីរ​មិន​ទាន់​រក​ឃើញ​នូវ​ចំណុច​កណ្តាល​រួមគ្នាមួយនៅឡើយ ដូច្នេះភាគីទាំងពីរបានឯកភាព​គ្នា​ដ​ក​ឃ្លា​វិល​ត្រលប់​ទៅទី​បញ្ជាការ​រៀងខ្លួនវិញ ហើយបន្តផ្លាស់ប្តូរឯកសារ និងពិភាក្សាគ្នាឈាន​ដល់​ការ​ឯក​ភាព​គ្នា​នាពេល​ខាង​មុខ​ទើបមានការរៀបចំពិធីចុះហត្ថលេខា និងកិច្ចប្រជុំគណៈ​កម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិ​ភាគ​កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ របស់កម្ពុជា និងកងទ័ពភូមិភាគទី២ របស់ថៃ ។

អ្នកនាំ​ពាក្យក្រសួងការពារកម្ពុជាបានរំលឹកថា កិច្ចប្រជុំពិសេស​នៃ​គណៈ​កម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិ​ភាគកម្ពុជា-ថៃ (RBC) នេះធ្វើឡើងផ្អែកតាមស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ច​ប្រជុំ​ពិសេស​លើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និង​ព្រះរា​ជា​ណាចក្រថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានបញ្ជាក់សាជាថ្មី អំពី​ការបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ខ្ជាប់ខ្ជួននូវលទ្ធផលនៃកិច្ចប្រជុំពិសេសនេះឱ្យបានពេញលេញ និង​ប្រកប​ដោយប្រសិទ្ធភាព ក៏ដូចជាការបន្តកិ​ច្ច​ខិត​ខំ​ប្រឹង​ប្រែ​ង​កាត់​បន្ថយ​ភាព​តាន​តឹង​តាម​បណ្តោយព្រំ​ដែន ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ និងឈានដល់ការវិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ​បានឆាប់រ​ហ័ស៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia