ព័ត៌មាន
ក្រសួងការពារជាតិកម្ពុជា ប្រកាសបដិសេធចោលទាំងស្រុងនូវការចុះផ្សាយរបស់បណ្តាញសារព័ត៌មានថៃ ក្នុងបំណងបំភាន់សាធារណមតិ និងធ្វើឱ្យស្ថានការណ៍តាមបណ្តោយព្រំដែនមានភាពតានតឹង
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបដិសេធចោលទាំងស្រុងនូវការចុះផ្សាយរបស់បណ្តាញសារព័ត៌មានថៃ ក្នុងគោលបំណងបំភាន់ដល់សាធារណមតិ និងធ្វើឱ្យស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានភាពតានតឹង។ នេះបើយោងតាមលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា «នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មានបណ្តាញសារព័ត៌មានថៃមួយចំនួនបានផ្សព្វផ្សាយថា «បន្ទាន់! កងទ័ពភូមិភាគទី២ បានរកឃើញថា ភាគីម្ខាងទៀតបានបាញ់គ្រាប់បែក ៤០មីលីម៉ែត្រ ធ្លាក់នៅក្បែរមូលដ្ឋានទាហាន Phlan Hin Pet Kon។»
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានធ្វើការបដិសេធចោលទាំងស្រុងនូវការចុះផ្សាយរបស់បណ្តាញសារព័ត៌មានថៃខាងលើ និងសូមអះអាងថាជាព័ត៌មានប្រឌិត ក្លែងក្លាយផ្ទុយពីការពិតទាំងស្រុង ក្នុងគោលបំណងបំភាន់ដល់សាធារណមតិ និងធ្វើឱ្យស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានភាពតានតឹង។
យោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា ក្រុមទំនាក់ទំនងរបស់យោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ បានទាក់ទងសាកសួរ និងផ្តល់ព័ត៌មានគ្នា ដើម្បីបញ្ជាក់ការពិតរួចហើយ គឺមិនមានស្ថានការណ៍កើតឡើងដូចការចុះផ្សាយរបស់បណ្តាញសារព័ត៌មានថៃនោះទេ។
ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ច្បាស់លាស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួន និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ចំពោះសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ជាពិសេសការប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយ ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន។
ជាមួយគ្នានេះ ក្រសួងការពារជាតិ បានអំពាវនាវដល់សាធារណជន និងអ្នកសារព័ត៌មានទាំងអស់ សូមកុំចែករំលែកនូវព័ត៌មានក្លែងក្លាយដែលបានផ្សព្វផ្សាយដោយសារព័ត៌មានថៃខាងលើ ដោយតាមដាន និងទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ត្រឹមត្រូវ និងជឿទុកចិត្តបាន ជាពិសេសការផ្តល់ជូនព័ត៌មានដោយរាជរដ្ឋាភិបាល ទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំ ក្រសួង និងអង្គភាពពាក់ព័ន្ធរបស់យើង៕





-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន7 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា7 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង